ករណីអន្ទងស្រីស្អាត បោកយករថយន្ត លុច្សស៊ីស ជនរងគ្រោះជាថៅកែ ផ្ទះសំណាក់ភ្នំមាស

10/18/2014 0 Comments A+ a-

ភ្នំពេញ ៖ ករណីជនសង្ស័យអន្ទងស្រីស្អាត បោកយករថយន្តលុច្សស៊ីស RX 300 កាលពីយប់ថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៤ ពេលកំពុងអង្គុយផឹកស៊ី នៅក្នុងម៉ាឡាគី ជិតវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោនោះ ជនរងគ្រោះ គឺជា ថៅកែផ្ទះសំណាក់ភ្នំមាស ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ មានឈ្មោះ គឹម ហាក់ អាយុ ៥៥ឆ្នាំ ។
យោងតាមប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ ជនរងគ្រោះបានបើករថយន្តរបស់ខ្លួន ម៉ាកលុច្សស៊ីស RX 300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-1484 ទៅម្តុំកំបូល រួចហើយអង្គុយហូបសាច់ក្រក ផឹកបៀរនៅទីនោះ ។
ពេលកំពុងផឹកស្រាប់តែមាន ជនសង្ស័យកំពុងអង្គុយគ្រែផ្សេងតែម្នាក់ឯង ក៏ញញឹមញញែមដាក់ជនរងគ្រោះ រួច សុំស្គាល់ ហើយក៏ចាប់ផ្តើមអង្គុយផឹកជាមួយគ្នា នៅលើគ្រែតែមួយរហូតដល់វេលាម៉ោង ៩យប់ថ្ងៃដដែល ។
ប្រភពព័ត៌មានបានបន្តថា ពេលនោះជនសង្ស័យក៏ប្រាប់ទៅជនរងគ្រោះឲ្យទៅផឹកកន្លែងផ្សេង ពីព្រោះមានស្រី ស្អាតកំដរ ។
ក្រោយពីឮជនសង្ស័យនិយាយយ៉ាងដូច្នេះ លោក គឹម ហាក់ ក៏យល់ព្រម រួចបើករថយន្តម្នាក់មួយ ដោយជន សង្ស័យបើករថយន្តបាឡែនរបស់គេ ឆ្ពោះមកហាងម៉ាឡាគី នៅជិតវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រួចក៏ នាំគ្នាអង្គុយផឹកស៊ី ដោយមាននារីបម្រើហាង មកអង្គុយជាមួយផងដែរ ។ មួយសន្ទុះក្រោយមក ស្រាប់តែលេច មុខជនសង្ស័យម្នាក់ទៀត មកចូលរួមផឹក ដូច្នេះជនរងគ្រោះក៏ត្រូវជល់កែវស្វាគមន៍អស់ជាច្រើនកែវ រហូត ស្រវឹងលែងដឹងខ្លួន សន្លប់នៅលើកៅអីតែម្តង ។ ដោយឃើញជនរងគ្រោះមានស្ថានភាពបែបនេះ ជនសង្ស័យ ក៏បានដោះសោរថយន្តពីចង្កេះ បើកគេចខ្លួនតែម្តងទៅ ។
ប្រភពព័ត៌មានបានបន្តទៀតថា ភ្លាមៗនោះ អ្នកបម្រើហាងបានឃើញសភាពជនរងគ្រោះ រួចក៏ដាស់ឲ្យភ្ញាក់ខ្លួន ស្រាប់តែមិនឃើញដៃគូអង្គុយផឹកជាមួយ រួចរត់ទៅមើលរថយន្តក៏មិនឃើញទៀត ទើបបង្កឲ្យមានការភ្ញាក់ផ្អើល តែម្តងទៅ ។ មួយម៉ោងក្រោយមក ពោលនៅវេលាម៉ោង ១១និង៣០នាទី ក្រោយពេលដែលហាងត្រូវបិទទ្វារ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ពងទឹក ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរក និងធ្វើការ ស្រាវជ្រាវលើករណីនេះ ។
យ៉ាងណាក៏ដោយ អធិការនគរបាលខណ្ឌដង្កោ លោក យឹម សុជាតិ បានបញ្ជាក់ថា កម្លាំងនគរបាលជំនាញ របស់លោក បាននឹងកំពុងធ្វើការស្រាវជ្រាវ ហើយអាចកំណត់អត្តសញ្ញាណជនសង្ស័យទាំងនោះ បានខ្លះហើយ ដើម្បីឈានទៅដល់ការចាប់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
_____________________
ផ្តល់សិទ្ទិដោយ៖dap-news