ពុទ្ធ​បដិមា​ដែល​ទេសចរ​ធ្វើ​ឲ្យ​បាក់​បែក​បាន​ជួស​ជុល​ឡើង​វិញ

10/17/2014 0 Comments A+ a-

សៀមរាបៈ មន្រ្ដី​នៃ​អាជ្ញាធរ​អប្សរា បាន​អះអាង​ថា ព្រះ​ពុទ្ធ​បដិមា​ដែល​ស្រ្តី​ទេសចរ នូវែល​សេឡង់ ម្នាក់​ធ្វើ​ឲ្យ​បាក់​នៅ​កំពូល​កណ្ដាល ក្នុង​ប្រាសាទ​បាយ័ន នៃ​តំបន់​ប្រាសាទ​អង្គរ​ធំ កាល​ពី​យប់​ថ្ងៃ ទី៩ ខែ​តុលា នោះ​ឥឡូវ​នេះ​ត្រូវ​ក្រុម​អ្នក​ជំនាញ​របស់​អាជ្ញាធរ​អប្សរា បាន​ជួស​ជុល​រួច​ហើយ។
មន្ដ្រី​នៃ​អាជ្ញាធរ​អប្សរា​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ពុទ្ធបដិមា​ដែល​បាន​ជួស​ជុល​រួច​រាល់​នោះ មិន​ត្រូវ​បាន​ដាក់​តម្កល់​នៅ​កន្លែង​ដើម​នៅ​ឡើយ គឺ​ត្រូវ​បាន​រក្សា​ទុក​ជា​បណ្ដោះ​អាសន្ន នៅ​ក្នុង​សារ​មន្ទីរ​ព្រះ​នរោត្តម សីហនុ-អង្គរ ក្នុង ក្រុង​សៀមរាប។
20141016_05a
ក្រុម​ជំនាញ​នៃ​អាជ្ញាធរ​អប្សរា​កំពុង​ជួសជុល​ពុទ្ធ​បដិមា​ដែល​ភ្ញៀវ​ធ្វើ​ឲ្យ​បាក់​បែក។ រូបថត សហការី
ស្ត្រី​ទេសចរ​ឈ្មោះ Willemejn Vermaat ពេល​បាន​ទៅ​ដល់ ប្រទេស​នូវែល​សេឡង់ វិញ​បាន​សារភាព​ប្រាប់​បណ្តាញ​ព័ត៌មាន នូវែល​សេឡង់ ថា នាង​បាន​ធ្វើ​ឲ្យ​បាក់​បែក​ពុទ្ធ​បដិមា នៅ​ប្រាសាទ​បាយ័ន ក្នុង ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា។
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ នូវែល​សេឡង់ Stuff.co.nz បាន​រាយការណ៍​ថា នាង Vermaat មាន​វិញ្ញាណ​អាថ៌កំបាំង​បាន​មក​ប្រាប់​គាត់​ឲ្យ​យក​បដិមា​ព្រះ​ពុទ្ធ ចេញ​ពី​ប្រាសាទ​នេះ ពីព្រោះ​ថា វា​មិន​មែន​ជា​ប្រាសាទ​របស់​ព្រះ​ពុទ្ធ​ទេ។
អ្នក​នាង Vermaat ត្រូវ​បាន​ស្រង់​សម្តី​មក​ថា៖ «នៅ​ពេល​ខ្ញុំ​ទៅ​ដល់​ទីនោះ ខ្ញុំ​មាន​អារម្មណ៍​ចម្លែក ហាក់​មាន​អ្វី​កំពុង​ជំរុញ​ខ្ញុំ​ឲ្យ​ទៅ​កាន់​ទី​នោះ ហើយ​ត្រូវ​បាន​ប្រាប់​ថា ខ្ញុំ​ត្រូវ​តែ​យក​ពុទ្ធ​បដិមា​នេះ​ចេញ ប៉ុន្តែ​ខ្ញុំ​តប​ថា ខ្ញុំ​មិន​ចង់​ទេ ព្រោះ​វា​ជា​សាសនា​ដ៏​អស្ចារ្យ ដែល​ទាំង​នេះ​គឺ​មិន​មែន​ជា​ការ​លេង​សើច​ទេ។ បន្ទាប់​មក​ខ្ញុំ​ក៏​រុញ​វា​ឲ្យ​បាក់​បែក តែ​ត​មក​ខ្ញុំ​បាន​សុំទោស»។
សមត្ថកិច្ច​នគរបាល​កម្ពុជា ពី​ថ្ងៃ​សុក្រ​មុន បាន​តាម​រក​អ្នក​នាង Vermaat ដែល​បាត់​ខ្លួន​នៅ​ក្នុង​យប់​នោះ ប៉ុន្តែ​នគរបាល​ក៏​បាន​ឃើញ​ការ​បាក់​បែក​ពុទ្ធ​បដិមា​នោះ​ភ្លាមៗ​ដែរ បន្ទាប់​ពី​អ្នក​នាង Vermaat ចាក​ចេញ​ពី​សៀមរាប។
នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ថា​តើ​អ្នក​នាង Vermaat នឹង​ត្រូវ​នាំ​យក​ទៅ​កាត់​ទោស​ចំពោះ​ករណី​នេះ​ឬ​យ៉ាង​ណា?
ប៉ុន្តែ​តាម​សេចក្តី​រាយការណ៍​ពី​សារ​ព័ត៌មាន នូវែល​សេឡង់ អ្នក​នាង Vermaat ក៏​បាន​និយាយ​សុំទោស ចំពោះ​អង្គការ យូណេស្កូ (UNESCO) ផង​ដែរ ចំពោះ​ការ​ដែល​ខ្លួន​គាត់​ធ្វើ​ឲ្យ​ខូច​ពុទ្ធ​បដិមា​នៅ​កម្ពុជា​នេះ។
លោក អ៊ឹម សុខរិទ្ធី អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អប្សរា បាន​ថ្លែង​ថា៖ «ជន​ដែល​ធ្វើ​ឲ្យ​បាក់​បែក​ឬ​បំផ្លាញ​បដិមា​ជា​បេតិកភណ្ឌ​របស់​យើង​ត្រូវ​តែ​ឲ្យ​ទទួល​ខុស​ត្រូវ​ទៅ​តាម​ច្បាប់»។
តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ ទី១២ តុលា ស្ដីពី​ការ​បាក់​បែក​ពុទ្ធ​បដិមា​នៅ​ប្រាសាទ​បាយ័ន នេះ​អាជ្ញាធរ​អប្សរា​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ ទី៩ ខែ​តុលា ឆ្នាំ​២០១៤ នៅ​ម៉ោង​ប្រហែល ៦ ល្ងាច​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​ម្នាក់​រាយការណ៍​មក​នគរបាល​ការពារ​បេតិកភណ្ឌ នៅ វត្ត​ព្រះអង្គ គោក​ធ្លក ក្បែរ​ប្រាសាទ​បាយ័ន​ថា ស្ត្រី​ជា​ភ្ញៀវ​ទេសចរ​ជិះ​រ៉ឺម៉ក​គាត់​ម្នាក់​អាយុ​ប្រហែល ៤០​ឆ្នាំ ជនជាតិ​នូវែល​សេឡង់ បាន​បាត់​ខ្លួន​មិន​ឃើញ​មក​ទីលាន​ជល់​ដំរី តាម​ណាត់​ទេ។
លុះ​ទៀប​ភ្លឺ​ទើប​កម្មករ​ជួសជុល​ប្រាសាទ​ប្រទះ​ឃើញ​ភ្ញៀវ​ស្រី នោះ​នៅ​ប៉ែក​អាគ្នេយ៍​ប្រាសាទ​បាយ័ន ហើយ​ត្រូវ​នគរបាល​ការពារ​បេតិកភណ្ឌ​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន។
ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ដែរ​ថា បដិមា​ដែល​បាក់​បែក​នោះ ជា​ពុទ្ធ​បដិមា ទ្រង់​យក​ព្រះ​ធរណី​ធ្វើ​ជា​សាក្សី មិន​មែន​ពុទ្ធ​បដិមា​ប្រក់​នាគ​ទេ។ ហើយ​ព្រះ​បដិមា​នេះ​ក៏​មិន​មែន​ជា​រូប​ដើម​នៅ​ទី​នេះ​តាំង​ពី​ចុង​សតវត្សរ៍ ទី១២ ក្នុង​រាជ្យ​ព្រះ​បាទ​ជ័យ វរ័ន្ម ទី៧ ដែរ។
រូប​ព្រះ​បដិមា​នេះ ត្រូវ​ក្រុម​អភិរក្សដ្ឋាន​អង្គរ​យក​មក​ផ្គុំ​ឡើង ដើម្បី​ធ្វើ​ការ​គោរព​បូជា​ក្នុង ឆ្នាំ​១៩៨៨៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
រាយការណ៍​បន្ថែមៈ ខៀវ ភិរម្យ