អង្គការសិទ្ធិមនុស្សអន្តរជាតិ ជំរុញមេដឹកនាំនៃកិច្ចប្រជាអាស៊ី-អឺរ៉ុប គាបសង្កត់មេដឹកនាំថៃឲ្យគោរពសិទិ្ធមនុស្ស
អង្គការសិទ្ធិមនុស្សអន្តរជាតិអាមេរិក Human Right Watch ទទូចឲ្យមេដឹកនាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលកំពុងជួបប្រជុំគ្នានៅប្រទេសអ៊ីតាលី គាបសង្កត់លើលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃឲ្យគោរពសិទ្ធិមនុស្ស និងសិទ្ធិស៊ីវិលរបស់ប្រជាជនថៃ។
លិខិតរបស់លោក Brad Adams នាយក Human Right Watch ប្រចាំតំបន់អាស៊ី ដែលផ្ញើជូនមេដឹកនាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបបានលើកឡើងថា គេត្រូវធ្វើការគាបសង្កត់ លើនាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ឲ្យស្ដារស្ថានភាពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យរបស់ប្រទេសថៃឡើងវិញ។
លោក Brad Adams បញ្ជាក់ក្នុងលិខិតរបស់លោកទៀតថា ប្រទេសថៃបច្ចុប្បន្ន កំពុងស្ថិតនៅស្ថានភាពនៃការរឹបន្តឹងយ៉ាងខ្លាំង ទៅលើសេរីភាពនៃការបញ្ចេញមតិ ការជួបជុំជាសាធារណៈ របស់ប្រជាជន ហើយថាទំនងជាគ្មានសញ្ញាថា ក្រុមប្រឹក្សាយោធារបស់រាជាណាចក្រនេះ បញ្ចប់វិធានការនេះឡើយ។
លោកទទូចថា ក្នុងន័យនេះរដ្ឋាភិបាលប្រទេសអឺរ៉ុប និងដៃគូពាណិជ្ជកម្មសំខាន់ៗ ចាំបាច់គឺចាប់ពេលពេលនេះត្រូវជំរុញមេដឹកនាំថៃ ឲ្យពន្លឿនការនាំគោលការណ៍ប្រជាធិបតេយ្យត្រឡប់មកវិញ។
ការជំរុញរបស់លោក Brad Adams ធ្វើឡើងចំពេលនាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ក៏ជាប្រតិភូជាន់ខ្ពស់ម្នាក់របស់រាជាណាចក្រថៃ មានវត្តមាននៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះដែរ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីក្រុងមីឡង់ ប្រទេសអ៊ិតាលី ដែលមានរយៈពេលពីរថ្ងៃ គឺទី១៦ -១៧ តុលា។
ការទទូចរបស់លោក Brad Adams ក៏ជួនពេលលោក ប្រាយុទ្ធ ចាន់អូចា ប្រកាសប្រាប់អ្នកសារព័ត៌មានថៃ នៅព្រលានយន្តហោះក្រុងបាងកក មុនលោកចាកចេញទៅចូលរួមកិច្ចប្រជុំថា ការបោះឆ្នោតនៅខែតុលាឆ្នាំ២០១៥ ទំនងនឹងលើកពេលរហូតដើមឆ្នាំ២០១៦។
រាជាណាចក្រថៃ បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលបណ្ដោះអាសន្ន របស់លោក ប្រាយុទ្ធ ចាន់អូចា ដែលជាមេដឹកនាំរដ្ឋប្រហារយោធាថ្ងៃ២២ ឧសភា ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់គណបក្សភឿថៃ របស់លោកស្រីយីងឡាក់៕ ប្រភព ៖ VOD