ប្រាក់បំណាច់ផ្សេងៗមន្ត្រីរដ្ឋាភិបាលត្រូវបានដាក់បញ្ចូលជាកញ្ចប់តែមួយ
ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចដាក់បញ្ចូលគ្នាជាកញ្ចប់តែមួយនូវប្រាក់បំណាច់ផ្សេងៗ របស់សមាជិករាជរដ្ឋាភិបាលថ្នាក់អនុរដ្ឋលេខាធិការ ទីប្រឹក្សា ព្រមទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ចាប់ពីថ្នាក់អនុរដ្ឋលេខាធិការឡើងទៅឲ្យទៅជាប្រាក់បំណាច់មុខងារ។ តាមការសម្រេចនេះ នាយករដ្ឋមន្ត្រី នឹងទទួលបានប្រាក់បំណាច់មុខងារក្នុងមួយខែចំនួន ៣ ៦៧៥ ០០០ រៀល (ប្រមាណ ៩០៧ ដុល្លារ)។
នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលពីការកែប្រែប្រាក់បំណាច់សមាជិករដ្ឋាភិបាល ចុះថ្ងៃ ទី១៣ ខែតុលា បានលើកឡើងថា ប្រាក់បំណាច់ផ្សេងៗរបស់សមាជិករាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ ទីប្រឹក្សា ព្រមទាំងមន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ ចាប់ពីថ្នាក់អនុរដ្ឋលេខាធិការឡើងទៅ រួមមានប្រាក់បំណាច់តំណាងប្រាក់បំណាច់បដិសណ្ឋារកិច្ច ប្រាក់បំណាច់បេសកកម្ម និងប្រាក់ឈ្នួលផ្ទះ ទឹក ភ្លើង ត្រូវបើករួមបញ្ចូលគ្នាតែមួយឲ្យទៅជាប្រាក់បំណាច់មុខងារ។
យោងតាមអនុក្រឹត្យស្តីពីប្រាក់បំណាច់មុខងារនេះ របស់នាយករដ្ឋមន្ត្រី ទទួលបាន ៣ ៦៧៥ ០០០៛ (ប្រមាណ ៩០៧ ដុល្លារ) ឧបនាយករដ្ឋមន្ត្រីទទួលបាន ២ ៨០០ ០០០៛ (ប្រមាណ ៦៩១ ដុល្លារ) ទេសរដ្ឋមន្ត្រី ២ ៤៥០ ០០០៛ (ប្រមាណ ៦០៥ ដុល្លារ) រដ្ឋមន្ត្រី ២ ១០០ ០០០៛ (ប្រមាណ ៥១៨ ដុល្លារ) រដ្ឋលេខាធិការ ១ ៧៥០ ០០០៛ (ប្រមាណ ៤៣២ ដុល្លារ) និងអនុរដ្ឋលេខាធិការ ១ ៤០០ ០០០៛ (ប្រមាណ ៣៤៥ ដុល្លារ)។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ពេជ្រ ប៊ុនធិន មានប្រសាសន៍ថា ប្រាក់បំណាច់មុខងារនេះជាប្រាក់បន្ថែមលើប្រាក់បៀវត្សរ៍មូលដ្ឋាន ហើយការច្របាច់បញ្ចូលគ្នានៃប្រាក់បំណាច់ផ្សេងៗឲ្យទៅជាប្រាក់បំណាច់មុខងារនេះ គឺដើម្បីងាយស្រួលក្នុងការបើកជូនជាប្រចាំខែ តាមប្រព័ន្ធធនាគារ។
លោកបញ្ជាក់ថា៖ «ពីមុនមក គេដាក់ប្រាក់នេះ ប្រាក់ទទួលភ្ញៀវ ប្រាក់ឈ្នួលផ្ទះ ប្រាក់អីៗ ជាច្រើនទៀត អ៊ីចឹងវាច្រើនជំពូកពេក ដូច្នេះដើម្បីងាយស្រួលក្នុងការបើកបៀវត្សរ៍តាមប្រព័ន្ធធនាគារ យើងបូកសរុបដាក់តែមួយតែម្តងទៅ»។
លោក សន ជ័យ អ្នកសម្របសម្រួលបណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក យល់ថា ការដាក់បញ្ចូលគ្នានូវប្រាក់បំណាច់ផ្សេងៗទៅជាប្រាក់បំណាច់មុខងារនេះ គឺជាចំណុចល្អមួយ អាចកាត់បន្ថយអំពើពុករលួយ និងការកិបកេងរវាងមន្ត្រីថ្នាក់លើនិងថ្នាក់ក្រោម។
លោកបាននិយាយថា៖ «ការកាត់ប្រាក់បំណាច់ផ្សេងៗ ដូចជាប្រាក់បំណាច់បេសកកម្ម ប្រាក់បំណាច់បដិសណ្ឋារកិច្ចអី ជាដើមដាក់បញ្ចូលគ្នាតែមួយអ៊ីចឹងទៅ វាធ្វើឲ្យការចំណាយផ្សេងៗ អីហ្នឹង វាមានតម្លាភាពកាត់បន្ថយអំពើពុករលួយ ហើយវាអាចកាត់បន្ថយនូវការកិបកេងណាមួយរវាងមេនិងកូនចៅអីជាដើម»។
បើតាមបញ្ជីរាយនាមសមាសភាពរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាល ទី៥ របស់រដ្ឋសភា សមាសភាពរាជរដ្ឋាភិបាលរួមមាន នាយករដ្ឋមន្ត្រី ១ រូប ឧបនាយករដ្ឋមន្ត្រី ៩ រូប ទេសរដ្ឋមន្ត្រី ១៥ រូប រដ្ឋមន្ត្រីមានជិត ៣០ រូប រដ្ឋលេខាធិការជិត ២០០ រូប ហើយនិងអនុរដ្ឋលេខាធិការជាច្រើនរូបទៀត៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍