ជនជាតិវៀតណាមនិងចិន ១៧ នាក់ទៀតនឹងត្រូវបញ្ជូនទៅស្រុកវិញ
កំពង់ឆ្នាំងៈវៀតណាមនិងចិនចំនួន ១៧ នាក់ផ្សេងទៀតនឹងត្រូវបញ្ជូនចេញពីកម្ពុជា ដែលធ្វើឲ្យចំនួនជនបរទេសដែលត្រូវបានបញ្ជូនចេញទាំងអស់កើនដល់ជាង ៥០០ នាក់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
លោក ប្រាក់ វុឌ្ឍី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងកាលពីម្សិលមិញថា គិតចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធម្សិលមិញជនជាតិវៀតណាម សរុបចំនួន ១៦ នាក់និងចិនម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ដោយសារតែពួកគេគ្មានឯកសារនិងរស់នៅដោយខុសច្បាប់ក្នុង ខេត្តកំពង់ឆ្នាំង។ បន្ទាប់មកពួកគេត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តទៀត។
លោក វុឌ្ឍី បានបញ្ជាក់ថា៖ «ជនជាតិវៀតណាម សរុបមានប្រមាណ ២៥ នាក់ និងចិនពីរនាក់ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយសារតែអត់ឯកសារ»។
លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា អគ្គនាយកដ្ឋានបានទទួលជនជាតិវៀតណាម និងចិននោះ ហើយពួកគេនឹងអាចត្រូវស្នើបញ្ជូនទៅស្រុកវិញនៅក្នុងរយៈបីថ្ងៃខាងមុខនេះ។
លោក សុខ ផល ក៏បានឲ្យដឹងដែរថា នៅក្នុងរយៈពេលប៉ុន្មានខែនេះជនបរទេសសរុបចំនួន ៥០៧ នាក់ត្រូវបានបញ្ជូនទៅប្រទេសដើមវិញ ដោយសារពួកគេបានចូលមករស់នៅក្នុង ប្រទេសកម្ពុជា គ្មានឯកសារស្របច្បាប់។ ក្នុងចំណោមជនបរទេសទាំង ៥០៧ នាក់នោះមានជនជាតិវៀតណាម ៣៥០ នាក់ ក្រៅពីនោះមានជាតិសាសន៍ចំនួន ១២ ផ្សេងទៀត៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍