ស្លាប់១របួស៤នៅក្រុងព្រះសីហនុដោយសារអាណិកជនខ្មែរបើក រថយន្តបុករះម៉ូតូនិងរថយន្ត
លោកវរសេនីយ៍ទោ អ៊ី សុខា ស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយវរថយន្ត ម៉ាកCRV ពណ៌ខ្លាញ់ក្តាម ពាក់ស្លាកលេខភ្នំពេញ 2W-2523 បើកបរដោយបុរសចំណាស់អាយុ៨៤ឆ្នាំ ជាអណិកជនខ្មែររស់នៅប្រទេសបារាំង ឈ្មោះ ហេង កាវ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែង រងរបួស៤នាក់ក្នុងនោះធ្ងន់៣ ស្រាល១នាក់ និងរថយន្តចំនួន៣គ្រឿង រួមនឹងម៉ូតូចំនួន៤គ្រឿង រងការខូចខាត ។
ជុំវិញហេតុការណ៍គ្រោះថ្នាក់ដ៏រន្ឋត់នេះ សាក្សីនៅក្បែរកន្លែងកើតហេតុបាននិយាយទាំងតក់ស្លុតថា នៅវេលាកើតហេតុ ខណៈដែលប្រជាពលរដ្ឋបានកំពុងធ្វើដំណើរនៅតាមផ្លូវសេតេនោះ គេបានឃើញរថយន្តម៉ាក CRV មួយគ្រឿងបើកបរដោយបុរសវ័យចំណាស់ក្នុងទិសដៅពីលិចទៅកើត(ពីចំណោទសេតេឆ្ពោះទៅមកផ្សារពាណិជ្ជកម្ម) ប៉ុន្តែមកដល់ចំណុចផ្លូវកោងមុខមន្ទីរសម្ភពសេតេ រថយន្តបង្ករេចង្កូតមកស្តាំដៃ បុករះម៉ូតូស្ត្រីរងគ្រោះពេញទំហឹង ខ្ទាតជាច្រើនម៉ែត្រស្លាប់ភ្លាមៗ រួចបានបន្តទៅបុកម៉ូតូចំនួន៣គ្រឿង បន្ទាប់មកបានជ្រុលទៅចូលក្នុងកន្លែងលាងឡាន បុករថយន្តចំនួន២គ្រឿងកំពុងលាង រួមជាមួយកម្មករ៣នាក់ដែលកំពុងជូតរថយន្តរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ទាំងអស់ ។
ក្រោយកើតហេតុរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ឯជនរងគ្រោះកំពុងត្រូវបានសង្គ្រោះនៅគ្លីនិចឯកជន២កន្លែងផ្សេងគ្នា៕
__________________
ប្រភពពីនគរវត្ត
