រថយន្តដឹក ធុងទឹកកក ដាច់ហ្វ្រាំង ពេលចុះពីលើស្ពាន ច្បារអំពៅថ្មី បុករះរថយន្ត និងម៉ូតូ រងរបួស មនុស្ស៥នាក់

10/22/2014 0 Comments A+ a-

fall bridgeភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ ដោយសារតែ ដាច់ហ្វ្រាំងទៀតហើយ នៅលើស្ពាន ព្រះមុនីវង្សថ្មី បណ្តាលឲ្យ រថយន្តចំនួន២គ្រឿង និងម៉ូតូចំនួន៤គ្រឿង ត្រូវរងនូវ ការខូចខាត ហើយមនុស្ស ចំនួន៥នាក់ រងរបួសស្រាល ពីព្រោះលោតចេញទាន់ ។
គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើង កាលពីវេលា ម៉ោងប្រមាណ ៧ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅលើ ស្ពានព្រះមុនីវង្សថ្មី សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំណើររឿង មានរថយន្ត ធុនធំមួយគ្រឿងដឹក ទូទឹកកក បានធ្វើដំណើរ ឆ្លងស្ពានព្រះមុនីវង្សថ្មី ក្នុងទិសដៅ ពីលិចទៅកើត ឆ្ពោះទៅផ្លូវជាតិលេខ១ ស្រាប់តែពេលកំពុងចុះនោះ ក៏ដាច់ហ្វ្រាំង ជ្រុលចង្កូត ទៅបុក រថយន្តនៅពីខាង មុខមួយគ្រឿង រួចជ្រុលទៅបុក គោយន្តកន្ត្រៃយ៍ ដឹកទូផ្តៅ ហើយជ្រុលទៅ បុកអ្នកជិះម៉ូតូចំនួន៤គ្រឿង ថែមទៀត។
សេចក្តីរាយការណ៍ បានបន្តទៀតថា ទាំងម៉ូតូ និងរថយន្ត ចំនួន៦គ្រឿងនេះ ត្រូវរងនូវ ការខូចខាត រីឯអ្នកបើកបរ រងរបួសស្រាលទាំងអស់គ្នា ពីព្រោះសំណាងល្អ លោត ចេញទាន់ ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ ខណៈអ្នកបើករថយន្ត រត់គេចខ្លួនបាត់៕
_________________
ផ្តល់សិទ្ទិដោយ៖dap-news