បាតុករហុងកុងឡោមព័ទ្ធលំនៅដ្ឋានរបស់ប្រធានតំបន់រដ្ឋបាលពិសេស លឿង ឃុនយីង
តាម Reuters ចុះផ្សាយឲ្យដឹងនៅថ្ងៃទី ២២ តុលា នេះ មានបាតុករហុងកុង (ចិន) ប្រមាណ ២០០ នាក់ បានព្យុហយាត្រាទៅកាន់លំនៅដ្ឋានរបស់លោក លឿង ឃុនយីង ប្រធានតំបន់រដ្ឋបាលពិសេស បំណងជំរុញឲ្យមានការកែទម្រង់ការបោះឆ្នោត ។
សកម្មភាពនេះកើតឡើង ក្រោយពីកិច្ចចរចារ១ថ្ងៃ រវាងក្រុមនិស្សិត ជាមួយមន្ត្រីជាន់ខ្ពស់ហុងកុង ដែលរងបរាជ័យ ។
ពួកគេបានស្រែកជ័យឃោស ពិសេសប្រឆាំងនឹងការលើកឡើងរបស់ប្រធានតំបន់រដ្ឋបាលពិសេសនេះ ដែលថាៈ របបប្រជាធិបតេយ្យមានតំណាងច្រើនជាងនេះ ពុំអាចទទួលយកបាន ព្រោះតែប្រការនេះ វានាំឲ្យមានមនុស្សដែលក្រីក្រ ត្រលប់ជាមានសម្លេងច្រើនជាង ក្នុងសកម្មភាពនានានយោបាយ ។
ស្របពេលនោះដែរ បាតុករដទៃទៀតបន្តហ៊ុំព័ទ្ធបណ្តាវិថីសំខាន់ៗ ក្នុងទីក្រុង -កន្លែងដែលពួកគេបានបោះជម្រំ១ខែមកហើយនោះ បំណងប្រឆាំងនឹងផែនការមួយរបស់រដ្ឋបាលជម្ឈឹម ដែលចង់ឲ្យពលរដ្ឋហុងកុងបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន នាឆ្នាំ ២០១៧ ប៉ុន្តែ កំណត់ចំនួនបេក្ខភាពឈរឈ្មោះ ហើយក្នុងនោះ ភាគច្រើនស្និទ្ធជាមួយប៉េកាំង ៕
