ពាណិជ្ជករ​ជប៉ុន​នៅ​កម្ពុជា​ទទួល​រង្វាន់​លើក​ទឹក​ចិត្ដ​ចំពោះ​ស្នាដៃ​ការ​ងារ​៤៥​ឆ្នាំ​

10/23/2014 0 Comments A+ a-

កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ ពាណិជ្ជករ​ជប៉ុន​ម្នាក់​បាន​ទទួល​រង្វាន់​សរសើរ​លើក​ទឹក​ចិត្ដ​ចំពោះ​ការ​ ចំណាយ​ពេល​វេលា​របស់​លោក​៤៥​ឆ្នាំ​សម្រាប់​ការ​លើក​កម្ពស់​ការ​យល់​ដឹង​គ្នា ​ទៅ​វិញ​ទៅ​មក​រវាង​កម្ពុជា និង​ជប៉ុន។
លោក​ថែម​ទាំង​បាន​បរិច្ចាគ​ប្រាក់​ផ្ទាល់​ខ្លួន​ផង​ដែរ​ដើម្បី​ធ្វើ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​មាន​ជីវិត​កាន់​តែ​ប្រសើរ។
រស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ​លោក Koju Kanzaki ប្រធាន​ទី​ប្រឹក្សា​ក្រុមហ៊ុន​វិស្វកម្ម និង​សំណង់​ Camcal Co. គឺជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​១០៨​នាក់​ ក្នុង​នោះ​មាន​២០​នាក់​ជា​ជន​ជាតិ​ជប៉ុន​ដែល​បាន​ទទួល​រង្វាន់​សរសើរ​ពី​រដ្ឋមន្រ្ដីការ​បរទេស​ជប៉ុន​សម្រាប់​ឆ្នាំ ២០១៤។
នៅ​ឯពិធី​ទទួល​រង្វាន់​នេះ​នៅ​ស្ថាន​ទូត​ជប៉ុន លោក​ឯក​អគ្គរាជ​ទូត Yuji Kumamaru បាន​និយាយ​ថា ការ​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ដ​នេះ គឺជា​កាយ​វិការ​បង្ហាញ​អំពី​ការ​ទទួល​ស្គាល់​ពី​សំណាក់​រដ្ឋាភិបាល​ជប៉ុន​ចំពោះ​សមិទ្ធផល​ និង​ស្នាដៃ​រួម​ចំណែក​របស់​លោក Koju Kanzaki នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ដែល​មាន​សារៈ​ប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​ជីវិត​ពល​រដ្ឋ​ខ្មែរ​ប្រចាំ​ថ្ងៃ។
ក្រៅ​ពី​ធ្វើការ​ងារ​សាង​សង់​ទំនប់​ទឹក និង​ស្ដារ​ផ្លូវ​ជាតិ​នានា​សប្បុរសជន​ដែល​មាន​អាយុ​៧០​ឆ្នាំ​រូប​នេះ ក៏​បាន​រួម​ចំណែក​សាង​សង់​សាលា​រៀន​ចំនួន​១២​កន្លែង និង​ផ្ដល់​អាហារូបករណ៍​២៦០​ដល់​សិស្ស​ខ្មែរ​ក្រី​ក្រ​ផង​ដែរ ដោយ​ប្រើ​ថវិកា​ផ្ទាល់​ខ្លួន​របស់​លោក ដើម្បី​ឲ្យ​ពួក​គេ​អាច​បន្ដ​ការ​សិក្សា​បាន។
លោក​បាន​ចាប់​ផ្ដើម​ធ្វើការ​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៦៩​មក​ម្ល៉េះ ប៉ុន្ដែ​បាន​វិល​ទៅ​ជប៉ុន​វិញ​នៅ​ពេល​មាន​សង្រ្គាម។ លោក​បាន​វិល​មក​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៨៧ ហើយ​ថា​បាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​រាប់​លាន​ដុល្លារ​ដើម្បី​ជួយ​អភិវឌ្ឍ​កម្ពុជា៕ ប្រភព ៖Radioaustralia