អ្នកកាសែតពីរនាក់នៅខេត្តក្រចេះត្រូវសមត្ថកិច្ចចាប់ខ្លួនចោទពីបទកំហែងទារប្រាក់
អ្នកសារព័ត៌មាននៅក្នុងស្រុកពីរនាក់ ត្រូវសមត្ថកិច្ចស្រុកព្រែកប្រសប់ ខេត្តក្រចេះ ចាប់បញ្ជូនមកសាលាដំបូងខេត្តនៅថ្ងៃទី២១ តុលា ទាក់ទងនឹងការកំហែងទារប្រាក់។ សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួននេះ បន្ទាប់ពីមានពាក្យបណ្ដឹងពីពលរដ្ឋ ប៉ុន្តែខាងចាងហ្វាងកាសែតទាំងពីរវិញអះអាងថា គឺជាការប្រឌិតរឿងដើម្បីចាប់ភ្នាក់ងាររបស់ខ្លួនតែប៉ុណ្ណោះ។
អាជ្ញាធរខេត្តក្រចេះ បានបញ្ជូនខ្លួនអ្នកកាសែតពីរនាក់មកសាលាដំបូងខេត្ត នៅថ្ងៃទី២១ តុលា ក្រោយពីអាជ្ញាធរស្រុកព្រែកប្រសប់ ខេត្តក្រចេះ ចាប់ខ្លួនកាលពីថ្ងៃទី២០ តុលា ដោយសារទៅកំហែងទារប្រាក់ប្រមាណ ៤០ម៉ឺនរៀលពីប្រជាពលរដ្ឋ ដែលដឹកឈើសម្រាប់យកមកធ្វើផ្ទះ នៅឃុំជ្រោយបន្ទាយ។
អ្នកកាសែតទាំងពីរនាក់ដែលត្រូវអាជ្ញាធរចាប់ខ្លួននោះ គឺលោក ញ៉េត ចាន់ដារី ភ្នាក់ងារឱ្យសារព័ត៌មានជាតិ និងលោក ញឹក ពិសី ហៅ ខេមរា ភ្នាក់ងារឱ្យសារព័ត៌មានឥទ្ធិពលខ្មែរ។ អ្នកទាំងពីរនាក់ ត្រូវចាប់ខ្លួនខណៈដែលអ្នកទាំងពីរនាំគ្នាទៅថតសកម្មភាពដឹកឈើប្រណីតខុសច្បាប់នៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។
អធិការស្រុកព្រែកប្រសប់ លោក ម៉ែន ប៊ុនធឿន មានប្រសាសន៍ថា សមត្ថកិច្ចកំពុងសាកសួរដើម្បីប្រមូលឯកសារកសាងសំណុំរឿងតាមនីតិវិធី ចំពោះការកំហែងទារប្រាក់ពីពលរដ្ឋ ដែលមានខាងតុលាការបញ្ជាដើម្បីឱ្យចាត់ការរឿងនេះ។ លោកបន្តថា នៅពេលចុះសាកសួរព័ត៌មាននេះ ពិតជាមានករណីដូចពលរដ្ឋថាមែន៖ «ជាប្រជាពលរដ្ឋដែលគេមានឈើយកមកសង់ផ្ទះ គេដាក់នៅនឹងក្រោយផ្ទះ។ អេ! ឈ្មួញៗខ្ញុំអត់ដឹងដែរទេ ឈ្មួញមិនឈ្មួញចុះស្រាវជ្រាវផ្ទាល់ខ្លួនឯងទៅ»។
លោកបន្ថែមថា កន្លងមកលោកធ្លាប់ដឹងថា មានអ្នកកាសែតខ្លះយកប្រាក់គេមែន ប៉ុន្តែមិនមានការប្ដឹងផ្តល់គ្នានោះទេ។
ផ្ទុយពីការលើកឡើងនេះ ចាងហ្វាងកាសែតឥទ្ធិពលខ្មែរ គឺលោក សរ សុជាតិ មានប្រសាសន៍ថា ករណីចាប់ភ្នាក់ងាររបស់លោក រួមនិងអ្នកសារព័ត៌មានម្នាក់ទៀតនោះ គឺជាការប្រឌិតរឿងដើម្បីចាប់ខ្លួនអ្នកកាសែតទាំងពីរនាក់នោះពីសំណាក់លោកអធិការស្រុកព្រែកប្រសប់ និងឈ្មួញឈើតែប៉ុណ្ណោះ។ លោកថា អធិការស្រុករូបនោះអាចមានជាប់ពាក់ព័ន្ធជាមួយឈ្មួញឈើនោះទៀតផង៖ «តើមន្ត្រីដែលសូកប៉ាន់ពុករលួយខូចហ្នឹង តើគេគួរចាប់ ឬមានវិធានការចាប់ ឬអត់? ពីព្រោះតាមច្បាប់ អ្នកសូកប៉ាន់ហ្នឹងគួរតែចាប់ទាំងពីរ ដើម្បីកសាងសំណុំរឿងដើម្បីសាកសួរហេតុផលសិន តើនរណាពុករលួយ? នរណាខូចពិតប្រាកដ មិនមែនទម្លាក់កំហុសមកលើតែអ្នកកាសែតតែម្ខាងទេ។ អ្នកកាសែតភាគច្រើនៗនៅប្រទេសកម្ពុជា គឺតែងចាញ់បោក ព្រោះតែភាពក្រីក្រ ដោយសារភាពអត់ឃ្លានទៅទាមទារឱ្យចាញ់បោកល្បិចកលគេបោកប្រាស់ ហើយចាប់តែម្តង ដោយដោះដូរនឹងលុយមួយរយពីររយ»។
លោកបន្ថែមថា នឹងដាក់ពាក្យបណ្ដឹងមួយទៅអង្គភាពប្រឆាំងអំពើពុករលួយ ជុំវិញបញ្ហានេះ រួមនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ពិសេសទៅក្រសួងព័ត៌មាន ដើម្បីឱ្យអន្តរាគមន៍ដោយបើកការស៊ើបអង្កេតឱ្យបានច្បាស់លាស់។
ចំណែកចាងហ្វាងសារព័ត៌មានជាតិវិញ គឺលោក ម៉ា ណារិន ក៏បានលើកឡើងស្រដៀងគ្នានេះដែរ ហើយលោកថែមទាំងថា មន្ត្រីសមត្ថកិច្ចនៅស្រុកព្រែកប្រសប់ ចោទអ្នកទាំងពីរថាបានកំហែងទារប្រាក់នោះ ប៉ុន្តែជាក់ស្តែងមិនឃើញប្រាក់នៅជាប់ខ្លួនអ្នកកាសែតទាំងពីររូបនោះដូចការចោទប្រកាន់ឡើយ។ លោកបញ្ជាក់ថា នៅពេលអធិការស្រុកចាប់ខ្លួនភ្នាក់ងាររបស់លោក គឺមានការគំរាមទារប្រាក់ចំនួន ១.៣០០ដុល្លារ ជាថ្នូរនឹងការដោះលែងវិញ។ យ៉ាងណា លោកថានឹងដាក់ពាក្យប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយជុំវិញបញ្ហានេះដែរ៕
ប្រភពពី វីអូអេខ្មែរ
