អាងខ្លួនពាក់ផ្កាយ១បើករថយន្ត២គ្រឿងឈប់បិទគូថរថយន្តប្រជាពលរដ្ឋមិនឲ្យបើកចេញពីហាងម៉ាស្សា
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ខាងមុខហាងម៉ាស្សាមួយកន្លែង ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
រថយន្តដែលឈប់បិទគូថរថយន្តប្រជាពលរដ្ឋនោះ ម៉ាក CRV ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2W-8010 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ មានតួនាទីជាស្នងការបុគ្គលិកយោធាធ្វើការនៅបន្ទាយយោធាពោងលឿង និងមួយគ្រឿងទៀតម៉ាកមែរសឺដេស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2F-5433 បើកបរដោយឈ្មោះ រ៉ា ពាក់ផ្កាយ១យោធានៅបន្ទាយរថក្រោះពោងលឿង។
តាមប្រភពព័ត៌មានពីអ្នកនៅជិតកន្លែងកើតហេតុ ដែលឧស្សាហ៍ឃើញបុរស២នាក់ខាងលើមក ម៉ាស្សាបានអោយដឹងថា ម្ចាស់រថយន្តទាំង២គ្រឿងនេះ គឺសុទ្ធសឹងជាអ្នកមានបុណ្យសក្តិធំៗនៅក្នុងជួរមន្ត្រីយោធា ហើយពួកគេទាំង២នាក់នេះតែងតែមកម៉ាស្សានៅហាងរបស់គាត់ជាប្រចាំ ។ ពេលស្រវឹងម្តង ពួកគេបើករថយន្តមកឈប់ទទឹងទទេងអត់សណ្តាប់ធ្នាប់នោះទេ បើទោះបីជាអ្នកស៊ីញ៉ូឡានប្រាប់ក៏មិនស្តាប់ដែរ ។ លុះមកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ នេះពួកគេឈប់ពីក្រោយរថយន្តភ្ញៀវដទៃទៀតដែលជាប្រជាពលរដ្ឋធ្វើឲ្យភ្ញៀវមានការខឹងសម្បាយ៉ាងខ្លាំង ។
ប្រភពដដែលបានបន្តថា ពេលអ្នកស៊ីញ៉ូឡានទៅប្រាប់ លោកផ្កាយ១ទាំងនោះមិនស្តាប់នោះទេ គឺគ្រាន់តែនិយាយថា ស្រវឹងក្រោកលែងរួចហើយៗក៏ដេកឲ្យនារីៗម៉ាស្សាយ៉ាងរំភើយធ្វើដូចជាគ្មានរឿងអ្វីកើតឡើងអ៊ីចឹង ។
បន្ទាប់ពីឃើញយ៉ាងដូច្នេះ ម្ចាស់រថយន្តខ្ជិលមានរឿងក៏សុខចិត្តឲ្យអ្នកស៊ីញ៉ូឡានលើកថូផ្កាធំៗចេញពីមុខផ្ទះ ហើយបើករថយន្តវាងចេញទៅក្រៅបាត់ ។
ករណីនេះធ្វើឲ្យអ្នកឃើញហេតុការណ៍ ក៏ដូចជានារីម៉ាស្សាមានការរិះគន់យ៉ាងខ្លាំងទៅលើបុរស២នាក់ដែលគេស្គាល់ថា ជាមន្ត្រីយោធាពាក់ផ្កាយ១ ដែលបានបញ្ចេញចរិកក្រអឺតក្រទម និងមានចេតនារករឿងជាមួយម្ចាស់រថយន្តដែលជាប្រជាពលរដ្ឋសាមញ្ញ ។ ករណីនេះប្រសិនបើម្ចាស់រថយន្តខាងលើមានបុណ្យសក្តិ ឬក៏មានអំណាចមិនចុះចាញ់នោះ ទំនងជាមានរឿងធំកើតឡើងជាក់ជាមិនខាន ៕

ប្រភពពី នគរវត្ត
