លោករដ្ឋមន្ត្រី មិន ឃិន៖ ទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ មិនមានការរុះរើ ឬដោះដូរទេ!
ភ្នំពេញ: ក្នុងពេលដឹកនាំមន្ត្រីកំពូលៗរបស់ក្រសួងធម្មការ និងសាសនា ចូលឆ្លើយបំភ្លឺផ្ទាល់មាត់ចំពោះមុខគណៈកម្មការជំនាញរដ្ឋសភា នារសៀលថ្ងៃទី៩តុលានេះ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ទីតាំងវិទ្យាស្ថានពុទ្ធសាសន បណ្ឌិត្យ សព្វថ្ងៃ ស្ថិតនៅជាប់វិមានរដ្ឋសភា មិនមានការរុះរើ ឬដោះដូរនោះទេ។
ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីដូច្នេះ ត្រូវបានលោក យ៉ែម បុញ្ញឫទ្ធិ ប្រធានអប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានទទួលយក ហើយលើកឡើងថា ក្រុមអ្នកតំណាងរាស្ត្រ នឹងតាមឃ្លាំមើល ហើយគណៈកម្មការ នឹងធ្វើលិខិតទៅកាន់សម្តេចប្រធានរដ្ឋសភា ដើម្បីចុះទៅពិនិត្យ ទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
លោកតំណាងរាស្ត្រ យ៉ែម បុញ្ញឫទ្ធិ ក៏បានថ្លែងទៅកាន់លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ដោយស្នើឲ្យក្រសួងធម្មការ និងសាសនា តម្រូវឲ្យក្រុមហ៊ុន សណ្ឋាគារ និងកាស៊ីណូ ណាហ្គា វើល រុះរើចេញរាល់ការដ្ឋានសំណង់ណាមួយ នៅលើដីទីតាំងពុទ្ធសាសនបណ្ឌិត្យ ជាបន្ទាន់។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី មិន ឃិន ក៏បានបន្ថែមថា ដីមួយផ្នែក ដែលណាហ្គា បើកការដ្ឋាននោះ មានកិច្ចសន្យាសុំខ្ចី ដោយក្រសួងធម្មការ និងសាសនា មិនទទួលបានកំរ៉ៃអ្វីពីណាហ្គា ទេ។ ក្រសួង កំពុងតែឲ្យណាហ្គា រុះរើចេញវិញហើយ។
លោករដ្ឋមន្ត្រី ក៏បានជម្រាបទៅគណៈកម្មការជំនាញរដ្ឋសភាថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទូលថ្វាយលិខិត ទៅកាន់ព្រះករុណា ព្រះមហាក្សត្រ ដោយសម្តេច បានបញ្ជាក់ទូលថ្វាយព្រះអង្គថា ទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ មិនមានការលក់ដោះដូរអ្វីទេ។
សូមរម្លឹកថា លោក មិន ឃិន បានដឹកនាំប្រធានផ្នែក ប្រធាននាយកដ្ឋាន អនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា សរុប ២៧ រូប ចូលឆ្លើយបំភ្លឺផ្ទាល់មាតុ ចំពោះមុខគណៈកម្មការជំនាញរដ្ឋសភា ជុំវិញបញ្ហាទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ កិច្ចប្រជុំនោះ បានធ្វើឡើងដោយបិទទ្វារ នៅវិមានរដ្ឋសភា នាម៉ោង ២ រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤។ រហូតដល់ម៉ោងជិត ៤ ល្ងាចនេះ កិច្ចប្រជុំ មិនទាន់ចប់នៅឡើយទេ។
ក្នុងកិច្ចប្រជុំនោះ ក៏មានវត្តមានរបស់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការ ទាំង ១០ របស់រដ្ឋសភា ចូលរួមស្តាប់ និងចោទជាសំណួរផងដែរ។ ចំណែកអ្នកកាសែត ត្រូវបានគេអនុញ្ញាតឲ្យចូលថតរូបមួយភ្លេតប៉ុណ្ណោះ នៅពេលបើកកិច្ចប្រជុំ។
កិច្ចប្រជុំ ដែលរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ត្រូវចូលឆ្លើយបំភ្លឺនោះ បានធ្វើឡើង តាមលិខិតកោះអញ្ជើញរបស់លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា។
ក្រុមព្រះសង្ឃ និងពុទ្ធបរិស័ទមួយក្រុម បានតវ៉ាជាច្រើនលើកមកហើយ ចំពោះការពុះជ្រៀកដីមួយផ្នែក នៅទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៅជាប់របងវិមានរដ្ឋសភា ជួលឲ្យក្រុមហ៊ុនកាស៊ីណូ និងសណ្ឋាគារ ណាហ្គា វើល។ ក្រុមព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ បារម្ភថា ទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នឹងត្រូវប្រគល់ឲ្យ ណាហ្គា វើល ធ្វើជាសណ្ឋាគារ កាស៊ីណូ ទៅថ្ងៃខាងមុខ៕ ប្រភព ៖ CEN