វិភាគ៖ ​តើ​មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅឯណា​?​

10/10/2014 0 Comments A+ a-

ព្រឹត្តិការណ៍​ធំៗ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង បាន​កើតឡើង​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ប៉ុន្ដែ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នៃ​រដ្ឋ​ឯកោ​មួយ​នេះ មិន​បាន​បញ្ចាំង​រូបភាព​​របស់​មេដឹកនាំ​វ័យក្មេង គីម ជុង​អ៊ុន​​ ដែល​ធ្លាប់​ចេញ​មុខ​ជា​សាធារណៈ​នោះទេ​។​
​អ្នកវិភាគ​ធ្វើការ​ចោទសួរ​គ្នា​ថា តើ គីម ជុង​អ៊ុន បាត់​មុខ​ជា​សាធារណៈ​ហើយ​លោក​ទៅ​ទីណា ខណៈ​ដែល​មាន​ព័ត៌មាន​ថា ក្នុង​ចំណោម​មេដឹកនាំ​ជាន់ខ្ពស់​កូរ៉េខាងជើង កំពុងស្ថិត​នៅ​ក្នុង​ភាព​ប្រទាញប្រទង់​គ្នា​ខាង​អំណាច​។​
140510-kim-jong-un-mn-1130_8bb8bcac0ef6526ade5d8107c4848c54-2014-10-09
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុង​វេទិកាសាធារណៈនាពេលកន្លងមក (រូបថតពី៖ nbcnews.com)
​តែ​បែប​នេះ​ក្ដី​លោក គីម ជុង​អ៊ុន បាន​បាត់​មុខ​លើ​វេទិកាសាធារណៈ ចាប់តាំងពី​ថ្ងៃ​ទី​៤​កញ្ញា​ហើយ​ស្រប​ពេល​នេះ បែរជា​មាន​មេដឹកនាំ​កំពូល​ម្នាក់​របស់​កូរ៉េខាងជើង ទៅធ្វើទស្សនៈកិច្ច​នៅ​កូរ៉េ​ខាងត្បូង​វិញ​។​
អវត្តមាន​ដែល​ត្រូវ​បាន​ចោទសួរ​យ៉ាងខ្លាំង គឺ​ព្រឹត្តការណ៍​ជា​ប្រវត្តិសាស្ដ្រ​មួយ ដែល​ប្រទេស​កូរ៉េខាងជើង​រំឭក​ខួប​អនុស្សាវរីយ៍ នៃ​ការជាប់ឆ្នោត​របស់​លោក គីម ជុងអ៊ីល ឪពុក​របស់​លោក គីម ជុង​អ៊ុន ជា​អគ្គលេខាធិការ​នៃ​គណបក្ស​ពលករ​។​ ​អវត្តមាន​របស់​លោក គីម ជុង​អ៊ុន ធ្វើ​ឲ្យ​មេដឹកនាំ​លំដាប់​ទី​ពីរ​នៃ​ប្រទេស​នេះ ទៅធ្វើ​ទស្សនៈកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​
​អ្នកវិភាគ Michael Green នៃ​មជ្ឈមណ្ឌល​យុទ្ធសាស្ដ្រ និង​ការសិក្សា​អន្ដរជាតិ​នៃ​ប្រទេស​អាមេរិក​និយាយ​ថា ជា​ការពិត​គេ​មិនដឹង​ថា​មេដឹកនាំ​វ័យក្មេង​រូបនេះ នៅ​ក្រៅ​ក្រុង​ព្យុងយ៉ាង​នោះ​ទេ តែ​អ្វី​ដែល​ធ្វើឲ្យ​ភ្ញាក់ផ្អើល គឺ​មេដឹកនាំ​លំដាប់ថ្នាក់​ទី​ពីរ និង​ទី​បី​របស់​ប្រទេស​នេះ បែរជា ចេញដំណើរ​ទៅ​ក្រៅប្រទេស ហើយ​មាន​ការផ្ដល់​ពត៌មាន​ថា​មេដឹកនាំ​លំដាប់ថ្នាក់​ទី​មួយ គីម ជុង​អ៊ុន មាន​ជំងឺ​។​
​សំណួរ​សួរថា​តើ​វា​គ្រប់គ្រាន់​ទេ ដែល​គេ​អាច​និយាយថា​មាន​ផ្ទុះ​រដ្ឋប្រហារ​មួយ​កើតឡើង នៅក្នុង​ប្រទេស​កូរ៉េខាងជើង​?
​អ្នកវិភាគ​ម្នាក់ Gordon G Chang បាន​សរសេរ​ពាក្យ​មួយ​ប្រយោគ​នៅលើ​កាសែត Daily Beast ថា​ជា​ការពិត​មេដឹកនាំ​កូរ៉េខាងជើង តែងតែ​ប្រកាន់​ទម្លាប់​ចេញមុខ​នៅ​វេទិកាសាធារណៈ ហើយ​អវត្តមាន​របស់​មេដឹកនាំ​រូបនេះ ពិតជា​ធ្វើឲ្យ​ពិភពលោក​មាន​ការភ្ញាក់ផ្អើល​ហើយ​ថា​ម្នាក់ៗ​ត្រូវ​រង​ចាំ​មើល​ប្រព្រឹត្តិការណ៍​ថ្ងៃ​១០​តុលា ដែល​ជា​ទិវា​នៃ​ការបង្កើត​គណបក្ស​ពលករ​កូរ៉េ​ហើយ​ថា​ប្រសិន​បើ​ថ្ងៃ​នោះ មិន​មាន​វត្តមាន​របស់​មេដឹកនាំ​វ័យក្មេ​ង​នេះ​ទេ គឺ​អ្វីៗ​នឹង​កើតឡើង​នៅ​ពេល​ឆាប់ៗ​នេះ​។​
​អ្នកវិភាគ​ម្នាក់​ទៀត គឺ​លោក Andrei Lankov នៃ​សាកលវិទ្យាល័យ Kookmin ក្រុង​សេ​អ៊ូ​ល និយាយថា ការបាត់​មុខ​របស់​លោក​គីម ជុង​អ៊ុន នាំឲ្យ​មាន​នយោបាយ​ទឹក​ពុះ ប៉ុន្តែ​លោក​ថា​មេដឹកនាំ​វ័យក្មេង​រូបនេះ នៅ​តែ​នៅ​ពីក្រោយ​ការគ្រប់គ្រង​ការងារ​ធំៗ​របស់​ជាតិ​។
​លោក​ពន្យល់​ថា លោក​អ៊ុន​អាច​មាន​ជំងឺ​ពិតមែន តែ​ជំងឺ​ខូចចិត្ត​ដែល​មិន​អាច​នរណាម្នាក់ ដឹង​ឡើយ​។​
ប្រតិកម្ម​របស់​អ្នកការទូត​កូរ៉េខាងជើង​នៅ​អង្គការសហប្រជាជាតិ​
​លោក Ri Tong IL ភារៈធារី​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ បដិសេធ​ចំពោះ​ការមន្ទិលសង្ស័យ​របស់​អ្នកវិភាគ និង​ព័ត៌មាន​ទាំងឡាយ ដែល​ថា​លោក គីម ជុង​អ៊ុន អវត្តមាន​ជា​សាធារណៈ​ហើយ​ថា កូរ៉េខាងជើង​កំពុងស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃ​ការផ្លាស់ប្ដូរ​សង្គម​។​
​នៅ​ពេល​អ្នក​សារពត៌មាន CNN បាន​សួរនាំ​អំពី​ស្ថានភាព​ជំងឺ​របស់​លោក គីម ជុង​អ៊ុន គឺ​គាត់​បាន​និយាយ​បង្វែរ​ដាន​ទៅវិញ​ថា លោក គីម ជុង​អ៊ុន មាន​ភារកិច្ច​ហើយ​ត្រូវតែ​បំពេញ​ភារកិច្ច​របស់​ខ្លួន​។​ ​ប៉ុន្ដែ​ជនភៀសខ្លួន​កូរ៉េខាងជើង​ម្នាក់ ដែល​មក​ជ្រកកោន​នៃ​កូរ៉េខាងត្បូង គឺ​ភ្លាមៗ​ក្រោយពី​ឪពុក​លោក គីម ជុង​អ៊ុន ចូល​មរណភាព​លោក Jang Jin Sung និយាយថា​លោក គីម ជុង​អ៊ុន គ្រាន់តែ​ជា​មេដឹកនាំ​លើក​បន្តុប​របស់​បក្ស​តែប៉ុណ្ណោះ​។​
​តើ​លោក គីម ជុង​អ៊ុន គ្រាន់តែ​ជា​មេដឹកនាំ​និមិត្តរូប ឬ​ដូចម្ដេច​?
​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ជាច្រើន​និយាយថា ក្រុម​ឆ្មាំសន្ដិសុខ​របស់​ប្រទេស​នេះ​(OGD) គឺជា​ក្រុម​ដែល​មាន​អំណាច​ពិត​ប្រា​ដក ហើយ​ក្រុម​នេះ​អាច​ដកហូត​អំណាច​របស់​លោក គីម ជុង​អ៊ុន បាន​។​
​ជនភៀសខ្លួន Jang Jin Sung ទទួលស្គាល់​ការលើកឡើង​នេះ​ហើយ​ថា លោក គីម ជុង​អ៊ុន គ្រាន់តែ​ជា​មេដឹកនាំ​កេរ​តំណែង​ពី​គ្រួសារ​សតិ​វង្ស ហើយ​ធាតុពិត​អំណាច​ស្ថិត​នៅក្នុង​កណ្តាប់ដៃ​របស់​ឆ្មាំសន្ដិសុខ​ប្រទេស​។​
​តែ​បែប​នេះ​ក្ដី​ទាំង​មន្ដ្រី​ចារកម្ម និង​មន្ដ្រី​ក្រសួង​ការបរទេស​អាមេរិក មិន​បាន​បញ្ជាក់​អំពី​ការបាត់​ខ្លួន​របស់​លោក គីម ជុង​អ៊ុន នោះទេ ហើយ​ថា​ព័ត៌មាន​ខ្លះ​គ្រាន់តែ​ជា​ការ​បំបោ​ង​ព្រឹត្តិការណ៍​ប៉ុណ្ណោះ​។ តែ​អ្នកវិភាគ​ម្នាក់​ឈ្មោះ Victor Cha ដែល​ជា​សាស្ដ្រាចារ្យ​នៅ​សកល​វិទ្យាល័យ Georgetown និយាយថា ព័ត៌មាន​ដែល​ថា​លោក គីម ជុង​អ៊ុន ត្រូវបាន​ដកហូត​តំណែង​ដោយ​ក្រុម​សន្ដិសុខ​ប្រទេស គឺ​វា​គ្រាន់តែ​ជា​ការបញ្ចេញ​ព័ត៌មាន​ធ្វើ​មាន​ឲ្យមាន​ការសង្ស័យ​ប៉ុណ្ណោះ គឺ​គេ​ត្រូវ​រង់ចាំ​មើល​ព្រឹត្តិការណ៍​ធំៗ​កើតឡើង នៅ​ប្រមាណ​ថ្ងៃ​ខាង​មុខ​នេះ ទើប​ដឹងថា​លោក គីម ជុង​អ៊ុន អវត្តមាន​ជា​រៀងរហូត ឬ​ក៏​ដូច​ម្ដេច​។​
​លោក គីម ជុង​អ៊ុន បច្ចុប្បន្ន​មាន​អាយុ​៣១​ឆ្នាំ ជា​មេដឹកនាំ​នៃ​គ្រួសារ​សតិ​វង្ស​នៃ​អំណាច​កូរ៉េខាងជើង លោក​បាន​ឡើង​កាន់​អំណាច​ភ្លាមៗ បន្ទាប់​ពី​ឪពុក​របស់​ខ្លួន​ទទួល​មរណភាព​នៅ​ឆ្នាំ​២០១០​។​
​ការព្រមាន​របស់​អ្នកវិភាគ​
​ក្រុមអ្នកវិភាគ​ហាក់ដូចជា​មាន​ទស្សនៈ​ដូចៗ​គ្នា ដោយ​ពួកគេ​សម្ដែង​ការព្រួយបារម្ភ​អំពី​ការបែកបាក់​ផ្ទៃក្នុង របស់​បក្ស​ពលករ​កូរ៉េខាងជើង ហើយ​វា​អាច​នាំឲ្យ​មាន​រដ្ឋប្រហារ​កើតឡើង​ឆា​ប់ៗ​នេះ​។​ ហើយ​គេ​មិន​អាច​ដឹង​ថា រដ្ឋ​ដែល​ផលិត​អាវុធ​នុយក្លេអ៊ែរ​នេះ អាច​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រទេស​ជិតខាង ជាពិសេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន​ដែរឬទេ​។​
​អ្នកវិភាគ​មើលឃើញថា ប្រសិនបើ​មាន​ការតស៊ូ​អំណាច​ផ្ទៃក្នុង​មែន​នោះ គឺ​មិន​ប្រា​ដក​ថា​ក្រុង​ព្យុងយ៉ាង​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី ទៅរក​សន្ដិភាព​ច្រើនជាង​មុន​នោះ​ទេ​។​
​តាម​ព័ត៌មាន​លោក គីម ជុង​អ៊ុន មាន​ជំងឺ​ច្រើនយ៉ាង តែ​ពាក្យ​ច​ចាម​អារាម​ថា លោក​មាន​ជំងឺឈឺ​សន្លាក់ឆ្អឹង និង​ទឹកនោមផ្អែម ហើយ​ធ្វើឲ្យ​លោក​ពិបាក​ចេញ​មុខ​ជា​សាធារណៈ​។​
​មានការ​ព្យាក​រថា ប្អូន​ស្រីពៅ​ម្នាក់​របស់​លោកគឺនាង Kim Yo Jong កំពុង​រៀបចំ​ឲ្យ​ដឹកនាំ​ប្រទេសជំនួស​លោក គីម ជុង​អ៊ុន ​ដែល​បាត់​មុខជា​សាធារណៈ​ជាង​១​ខែ​មកនេះ​៕ ប្រភព ៖ VOD