កម្មករ​នាំគ្នា​តវ៉ា​នៅមុខ​ស្ថានទូត​ចិន​ដោយ​សារ​ថៅកែ​រោងចក្រ​រត់ចោល​​

10/10/2014 0 Comments A+ a-

កម្មករ​ប្រមាណ​៨០០​នាក់នៅ​រោងចក្រ​ស្បែកជើង​ដែល​ទើប​ប្តូរ​ឈ្មោះ​ថ្មី​ពី”​ហ៊ុយ ចៀន​”ទៅជា “​ចៀន ឡឹ​” នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដង្ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ឲ្យជួយ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ​ដើម្បី​ទូទាត់​ប្រាក់​អតីតភាព​ការងារ ខណៈ​ក្រុមហ៊ុន​បិទទ្វា​ជិត​១​ខែ​ហើយ​។​
​តំណាង​កម្មករ​រោងចក្រ ជៀន ឡឹ ស្ថិតក្នុង​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ អ្នកស្រី ហោ ច​ន្ធី ឲ្យដឹងថា ពួកគាត់​ធ្វើ​បាតុកម្ម​តវ៉ា​ជាច្រើន​លើក​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែកញ្ញា​មក ដើម្បី​ទាមទារ​លក្ខខណ្ឌ​ពីរ​ចំណុចគឺ​ទី​១​ឲ្យទទួល​យក​តំណាង​កម្មករ លោក ហេង ស៊ី​ហឿន ឲ្យចូល​ធ្វើការ​វិញ ទី​២​ទាមទារ​បើកប្រាក់​ឈ្នួល​អតីតភាព​ការងារ​ដល់​កម្មករ ដោសាយរ​រោងចក្រ​បាន​ប្ដូរ​ឈ្មោះ​ពី​រោងចក្រ ហ៊ុយ ចៀន ទៅ​ជា​រោងចក្រ ចៀន ឡឹ ហើយ​បិទទ្វារ​រោងចក្រ​ចាស់​។
10092014_watermelon-workers-2014-10-09
កម្មកររោងចក្រ​ស្បែកជើង ចៀន ឡឹ នាំគ្នាតវ៉ានៅមុខស្ថានទូតចិននារសៀលថ្ងៃព្រហស្បតិ៍នេះ​ (រូបដោយ៖ សុភាព)
​កម្មករ​ម្នាក់​ទៀត កញ្ញា កេង ណា​រី ព្រមាន​ថា បើ​ស្ថានទូត​ចិន​មិន​រក​ដំណោះស្រាយ​ជូន​កម្មករ​ទេ នោះ​ពួកគេ​នឹង​បន្ត​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​នេះ​រហូត​មាន​ដំណោះស្រាយ​។
​អគ្គ​កុងស៊ុល​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា លោក យ៉ាង ឈី​ងលាង ដែល​ទទួលយក​ញត្តិ​របស់​កម្មករ​ថ្លែងថា លោក​នឹង​ព្យាយាម​ជួយ​អន្តរាគមន៍​ទៅ​ភាគី​ក្រុមហ៊ុន​ឲ្យ​ពន្លឿន​ដោះស្រាយ​ជូន​កម្មករ តាម​លទ្ធភាព​តាម​ដែល​អាច​ធ្វើទៅបាន​។​
​ដោយឡែក នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ តំណាង​កម្មករ​ឲ្យដឹងថា ពួកគេ​ក៏​នាំគ្នា​ទៅ​ក្រសួង​ការងារ ដើម្បី​សួរ​ពី​លទ្ធផល​ដែល​ពួកគេ​ធ្លាប់​ដាក់​ញត្តិ​ឲ្យ​ស្ថាប័ន​នេះ​ជួយ​រក​ដំណោះស្រាយ​ដែរ តែ​មិន​ទាន់​មាន​ការឆ្លើយតប​ពី​ក្រសួង​នៅឡើយ​។​
ករណីនេះ​VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង​ សួរបាន​ទេ​។​
​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី ថ្លែង​នៅ​មុខ​ស្ថានទូត​ចិន​ថា រដ្ឋាភិបាល​ចិន​មុននឹង​បញ្ជូន​អ្នកវិនិយោគ​ចិន​មក​កម្ពុជា​ត្រូវ​ពង្រឹង​ផ្នែក​ច្បាប់​ដល់​ពួកគេ ដើម្បី​បញ្ចៀស​កុំឲ្យ​មាន​ជម្លោះ​ផ្សេងៗ​រវាង​និយោជក និង​កម្មករ​និយោជិត។
​ក្រុមអ្នកតវ៉ា​ឲ្យដឹង​ទៀត​ថា​រោងចក្រ​ដេរ​ស្បែកជើង ហ៊ុយ ចៀន ឬ​ចៀន ឡឹ បង្កើតឡើង​នៅ​ឆ្នាំ​២០០៦ ស្ថិតក្នុង​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​កម្មករ​សរុប​១២០០​នាក់​។ ការធ្វើ​កូដកម្ម​តវ៉ា​នេះ​មាន​រយៈពេល​ជាង​កន្លះ​ខែ​ហើយ តែ​រហូត​មកដល់ពេលនេះ​នៅតែ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​៕ ប្រភព ៖ VOD