បទ​វិភាគ៖ តើ​ពេល​ណា​ទើប​ពលរដ្ឋ​ទុក​ចិត្ត​ប្រព័ន្ធ​តុលាការ​កម្ពុជា?

10/10/2014 0 Comments A+ a-

imageប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​តែ​ជ្រើសរើស​ការ​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ ដាក់​ញត្តិ​តាម​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​នានា ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​របស់​ពួកគាត់។ ការ​ហែ​ក្បួន​ធ្វើ​បាតុកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់ពី​បណ្ដឹង​របស់​ពួកគាត់​មិន​ត្រូវ​បាន​តុលាការ​ចាត់ការ។
ប្រជាពលរដ្ឋ​ទាំង​នោះ​បញ្ជាក់​ថា តុលាការ​កម្ពុជា មិន​អាច​រក​យុត្តិធម៌​ជូន​ពួកគាត់​បាន​ឡើយ ហើយ​ពួកគាត់​ក៏​មិន​ទុកចិត្ត​លើ​តុលាការ​នោះ​ដែរ។ តើ​ពេល​ណា​ទៅ​ទើប​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ទុក​ចិត្ត​ថា តុលាការ​អាច​រក​យុត្តិធម៌​ជូន​ពួកគាត់​បាន?
បើ​និយាយ​ថា ពលរដ្ឋ​នឹង​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​បាន​នៅ​ពេល​ណា​នោះ យើង​ត្រូវ​សួរ​ថា តើ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ណា​សិន? នៅ​ពេល​ដែល​ច្បាប់​ចែង​ឡើង​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ហើយ ពលរដ្ឋ​ក៏​ចាប់​ផ្ដើម​ទុកចិត្ត​លើ​ច្បាប់​នោះ​ដែរ។ អ្នក​រង​នូវ​អំពើ​អយុត្តិធម៌​នឹង​ហ៊ាន​ប្ដឹង​ទៅ​តុលាការ។ មន្ត្រី​ពុករលួយ​នឹង​ខ្លាច​ច្បាប់​រហូត​ដល់​ជនល្មើស​មួយ​ចំនួន​ក៏​ហ៊ាន​សារភាព​ទទួល​កំហុស និង​កែខ្លួន​សា​ជា​ថ្មី​ផង​ក៏​មាន។
ប្រជាពលរដ្ឋ​អាច​ជឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌ ដ៏​រាប​ណា​តុលាការ​កាត់​ក្តី​យុត្តិធម៌។ បាន​ន័យ​ថា បើ​គាត់​ត្រូវ គាត់​នឹង​ឈ្នះ​ក្តី បើ​ពលរដ្ឋ​ណា​ខុស អ្នក​នោះ​នឹង​ជាប់​ទោស។ អ្នក​ក្រ​ក៏​មាន​ទោស អ្នក​មាន​ក៏​មិន​រួច​ខ្លួន អ្នកធំ​អ្នក​តូច​ដែល​ល្មើស​នឹង​ច្បាប់​ក្បួន ក៏​ត្រូវតែ​ទទួល​ទោសទណ្ឌ​ដូចៗ​គ្នា។
ពលរដ្ឋ​អាច​ទទួល​បាន​យុត្តិធម៌ ឬ​មិន​បាន​នោះ វា​អាស្រ័យ​នៅ​លើ​សមត្ថភាព និង​លទ្ធភាព​បំពេញ​ការងារ​របស់​ស្ថាប័ន​យុត្តិធម៌។ សមត្ថភាព​ស្ថាប័ន​តុលាការ​មិន​ចោទ​ជា​បញ្ហា​នោះ​ឡើយ ព្រោះ​ទាំង​ចៅក្រម ព្រះរាជអាជ្ញា និង​មេធាវី​សុទ្ធតែ​បាន​រៀន​សូត្រ​ជ្រៅជ្រះ។ រីឯ​លទ្ធភាព​បំពេញ​ការងារ​ដោយ​ឯករាជ្យ​វិញ​នោះ ទំនង​ជា​មិន​ទាន់​មាន​ឡើយ។ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​កែ​លំអ​បញ្ហា​នានា ដែល​ជា​កត្តា​រារាំង​លទ្ធភាព​បំពេញ​ការងារ​របស់​ស្ថាប័ន​យុត្តិធម៌។ សព្វថ្ងៃ​មន្ត្រី​ធំៗ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា មាន​អំណាច​ត្រួតត្រា​លើ​ចៅក្រម ឬ​ព្រះរាជអាជ្ញា​តាម​រយៈ​ខ្សែ​បណ្ដោយ​បក្ស។ បើ​បក្ស​គិត​ថា ខាត​ប្រយោជន៍​រួម ឬ​ប៉ះពាល់​ដល់​កិត្តិយស​មេៗ​នោះ ចៅក្រម ឬ​ព្រះរាជអាជ្ញា​ទាំង​នោះ ក៏​ប្រហែល​ជា​ត្រូវ​បើកភ្នែក​ម្ខាង​បិទ​ភ្នែក​ម្ខាង​ដែរ ដូចជា​ករណី​បាញ់​ប្រហារ​កម្មករ​នៅ​បាវិត ដែល​បង្ក​ឡើង​ដោយ​អតីត​អភិបាល​ក្រុង លោក ឈូក បណ្ឌិត ដែល​គេ​ជឿ​ថា មាន​ខ្នង​ធំ​នៅ​ពី​ក្រោយ​នោះ​ជា​ឧទាហរណ៍​ស្រាប់។
អ្នក​ចេះ​ច្បាប់ អ្នក​បាន​រៀន​ច្បាប់ សូម្បី​តែ​អ្នក​ស្ដាប់​វិទ្យុ ក៏​អស់​សំណើច​នឹង​បទ​ចោទ​ដែល​តុលាការ​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ដែរ។ លោក ឈូក បណ្ឌិត ដែល​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ​នោះ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ឬ​បាន​ន័យ​ថា លោក​មិន​មាន​បំណង​បាញ់រះ​ទៅ​លើ​កម្មករ​រោងចក្រ​ដែល​កំពុង​តវ៉ា​នោះ​ទេ។
សំណួរ​សួរ​ថា បើ​មិន​មាន​បំណង​បាញ់​ហេតុ​អ្វី​លោក​ដក​កាំភ្លើង​ចេញ​ពី​ចង្កេះ? ហេតុ​អ្វី​លោក​កេះកៃ? លោក​ធ្វើ​ដល់​ទៅ​អភិបាល​ក្រុង ឬ​មួយ​មិន​ដឹង​គ្រាប់​កាំភ្លើង​បាញ់​ចេញ​ទៅ​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ទេ ឬ​យ៉ាង​ម៉េច? សំណួរ​ទាំង​នេះ​ត្រូវ​បាន​មេធាវី​ការពារ​ក្តី​ជនរងគ្រោះ​សួរ និង​វិភាគ​អស់​ទៅ​ហើយ​ក្នុង​អង្គ​សវនាការ​តាំង​ពី​សាលា​ដំបូង​ខេត្ត​ស្វាយរៀង រហូត​ដល់​សាលាឧទ្ធរណ៍។ តែ​អ្នក​ដែល​សម្រេច គឺ​ចៅក្រម​ដែល​មាន​អំណាច​ពិសេស ឬ​ឆន្ទានុសិទ្ធិ​នោះ​ឯង។
ក្រៅ​ពី​នោះ នៅ​មាន​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ជា​ច្រើន​ទៀត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា យក​តុលាការ​ដើម្បី​ចាត់ការ​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល។ លោក សម រង្ស៉ី ត្រូវ​តុលាការ​កាត់​ក្តី​ឲ្យ​ជាប់​គុក​ជាង ១០​ឆ្នាំ ក្នុង​សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន។ តែ​លោក​ត្រូវ​រួច​ខ្លួន​វិញ​តែមួយ​ប៉ប្រិច​ភ្នែក បន្ទាប់​ពី​សរសេរ​លិខិត​រំលែក​ទុក្ខ​ជូន​លោក ហ៊ុន សែន នៅ​ពេល​ដែល​បិតា​លោក ហ៊ុន សែន គឺ​លោក​តា ហ៊ុន នាង ទទួល​អនិច្ចកម្ម។
តំណាងរាស្ត្រ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ​៨​នាក់ ត្រូវ​ជាប់​គុក​នៅ​ពេល​ដែល​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ក្បែរ​ស្ពាន​នាគ ជិត​វត្ត​ភ្នំ។ អ្នក​ទាំង​នោះ​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ដែល​គណបក្ស​ទាំង​ពីរ​ចរចា​ត្រូវរ៉ូវ​គ្នា។ បើ​រឿង​ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ឯកជន​របស់​មន្ត្រី​រដ្ឋាភិបាល​វិញ រឿង​នោះ​ត្រូវ​គេ​ចាត់ការ​ភ្លាម​តាម​អ្វី​ដែល​គេ​ហៅ​ថា នីតិវិធី បើ​ទុក​ជា​រឿង​នោះ​ផ្ដល់​ផលប្រយោជន៍​ជូន​ជាតិ​ក៏​ដោយ​ចុះ។
លោក មឿង សុន ត្រូវ​គេ​កាត់​ទោស​អោយ​ជាប់​គុក ២​ឆ្នាំ ពី​ការ​ដែល​លោក​រិះគន់​រដ្ឋាភិបាល​ក្នុង​ការ​អនុញ្ញាត​អោយ​ក្រុមហ៊ុន​ចិន​មួយ ដាក់​ភ្លើង​នៅ​អង្គរវត្ត។ ក្រុមហ៊ុន​ចិន​នោះ​ត្រូវ​គេ​ដឹង​ថា មាន​ការ​រក​ស៊ី​ចូល​ហ៊ុន​ពី​សំណាក់​សាច់ញាតិ​អ្នក​ធំ​ម្នាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។
ចំពោះ​រឿង​ក្ដី​របស់​ពលរដ្ឋ​ទូទៅ​វិញ អ្នក​ណា​មាន​ប្រាក់​ច្រើន​ជាង​ជា​អ្នក​មាន​ប្រៀប ហើយ​អស់​លុយ​ក៏​ច្រើន​ទៅ​តាម​នោះ​ដែរ។ មន្ត្រី​បក្ស​ប្រឆាំង​ធ្លាប់​បរិយាយ​ថា តុលាការ​កម្ពុជា ប្រៀប​ដូចជា​ផ្សារ​ត្រី ចង់​បាន​ឈ្នះ​ក្តី​អាស្រ័យ​លើ​ការ​តថ្លៃ​តែប៉ុណ្ណោះ។ នៅ​ស្រុក​ខ្មែរ តុលាការ​ពេញ​និយម​ណាស់​ខាង​ឃុំ​ជនសង្ស័យ​បណ្ដោះអាសន្ន​តាម​ស្ថាន​ទម្ងន់​ទោស​ដែល​ត្រូវ​ចោទ​ប្រកាន់។ ក្នុង​រយៈពេល​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នេះ ជា​រយៈ​ពេល​ដែល​សាច់ញាតិ​បងប្អូន​ម៉ែ​ឪ​រត់​រក​អន្តរាគមន៍​នានា ដើម្បី​រំដោះ​អ្នក​នោះ​ចេញ​ពី​ឃុំ និង​ជា​រយៈ​ពេល​ដែល​មន្ត្រី​តុលាការ​ខិលខូច​ខ្លះ អាច​មាន​ឱកាស​រក​លុយ​ចាយ​បាន​ដែរ។
បើ​រៀបរាប់​ពី​សំណុំរឿង​ដែល​ធ្វើ​ឲ្យ​សាធារណជន​បាត់បង់​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នោះ ទោះ​បី​ចំណាយ​ពេល​មួយ​កំណាត់​ថ្ងៃ​ក៏​នៅ​មិន​ទាន់​អស់​ឡើយ។
របាយការណ៍​សង្គម​ស៊ីវិល​បង្ហាញ​ថា រយៈពេល ៥​ឆ្នាំ ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១២ មាន​ពលរដ្ឋ​ប្រមាណ ៥០០​នាក់ ត្រូវ​រត់​ចោល​ស្រុក និង​ត្រូវ​ជាប់​គុក​ដោយសារ​ឈ្មួញ​អ្នក​មាន​លុយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គាប​សង្កត់​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី។
ផ្អែកលើ​ប្រព័ន្ធ​យុត្តិធម៌​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ងាក​ទៅ​ប្រើ​ប្រាស់​តុលាការ​មហាជន​ដើម្បី​ដោះស្រាយ​បញ្ហា។ នៅ​ពេល​ដែល​ចាប់​បាន​ចោរ​លួច ចោរ​ឆក់​កំប៉ិកកំប៉ុក​ម្តងៗ ប្រជាពលរដ្ឋ​ចាប់​ផ្ដើម​ព្រួត​វាយ​ម្នាក់ ១​ដៃ ១​ជើង ឡើង​ទ្រោម​ខ្លួន បើ​ប៉ូលិស​ទៅ​មិន​ទាន់​ជនសង្ស័យ​ទាំង​នោះ​នឹង​ស្លាប់​ជា​មិន​ខាន។ អ្នក​វាយ​គេ​ទាំង​នោះ​យក​លេស​ថា បើ​ទុក​ឲ្យ​ប៉ូលិស​ចាប់​ចោរ​យក​ទៅ​មិន​យូរ​ប៉ុន្មាន ចោរ​នោះ​នឹង​ត្រូវ​រួច​ខ្លួន​ព្រោះ​តែ​អំណាច​លុយ។ ម្យ៉ាងទៀត អ្នក​ដែល​វាយ​គេ​ទាំង​នោះ មិន​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន ឬ​រករឿង​នោះ​ទេ ហើយ​បើ​ចង់​ចាប់​ក៏​មិន​ដឹង​ចាប់​នរណា​ដែរ ព្រោះ​មិន​ដឹង​ច្បាស់​អ្នក​ណា​វាយ​ខ្លះ​ផង។ ហេតុ​នេះ​ជីវិត​ចោរ​តូចតាច​នោះ​មាន​អី​អស្ចារ្យ បើ​ស្លាប់​ម្នាក់​ពីរ​ក៏​មិន​ជា​ស្អី​នោះ​ដែរ។
ឧទាហរណ៍​ថា មាន​មនុស្ស​ម្នាក់​ដើរ​នៅ​ផ្សារ​សុខៗ ស្រាប់​តែ​មាន​គេ​ច្រឡំ​មក​ស្រែក​ថា ចោរៗ​នោះ វាសនា​អ្នក​នោះ​មិន​ដឹង​ជា​យ៉ាង​ណា​ទេ? គេ​មិន​អាច​ស្មាន​បាន​ទេ​ថា អ្នក​ដែល​គេ​ច្រឡំ​នោះ​ជា​អ្នក​ណា ជួនកាល​គេ​អាច​ជា​សែ​រាជវង្ស ជា​កូន​ឯកឧត្ដម​អស់​លោក​ក្នុង​ជួរ​រដ្ឋាភិបាល ឬ​ជា​កូនចៅ​តុលាការ​ផង​ក៏​អាច​ថា​បាន។ បើ​ទោះ​ជា​គេ​ម្នាក់​នោះ​ជា​អ្នក​ណា​ក៏ដោយ គេ​ក៏​ត្រូវ​តែ​រត់​គេច​ខ្លួន​យក​ប្រាស់​អាយុ​សិន​ហើយ បាន​រួច​ខ្លួន​បាន ព្រោះ​ថា បើ​យឺត​តែ​បន្តិច​ច្បាស់​ជា​សន្លប់​ធំ​ហើយ។ សូម្បី​តែ​លោក ជាម យៀប ដែល​ជា​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដ៏​មាន​អំណាច និង​ជា​អ្នក​បង្កើត​ច្បាប់​មួយ​ទាំង​មូល ពេល​ឡាន​របស់​លោក​បុក​គេ របួស​ធ្ងន់​រហូត​ដល់​ស្លាប់ លោក​ក៏​ត្រូវ​រត់​គេច​ខ្លួន​មួយ​គ្រា​សិន​ដែរ។ ពេល​ក្រោយ​មក​ទៀត លោក​គ្រាន់តែ​បង់​លុយ​ឲ្យ​គ្រួសារ​អ្នក​ស្លាប់​ខ្លះ​ទៅ វា​ចប់​រឿង​បាត់​ទៅ​ហើយ។ សំណុំរឿង​ឡាន​បុក​មនុស្ស​ស្លាប់​នោះ​ក៏​មិនទាន់​ដឹង​តុលាការ​នឹង​លើក​យក​មក​ជម្រះ​ពេល​ណា​នោះ​ដែរ។
រាជរដ្ឋាភិបាល​ដែល​កាន់​អំណាច​ជាង​សាមសិប​ឆ្នាំ និង​ចាយ​លុយ​ជាតិ​អស់​រាប់ពាន់​លាន​ដុល្លារ​ក្នុង ១​ឆ្នាំៗ​នេះ នៅ​តែ​មិន​ទាន់​មាន​យន្តការ​ធ្វើ​ឲ្យ​ស្ថាប័ន​តុលាការ​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ល្អ​នៅ​ឡើយ។ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ របស់​រដ្ឋាភិបាល​បង្ហា​ញ​ថា ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ជួប​ប្រទះ​ឧបសគ្គ​តាំង​ពី​កង្វះ​សមត្ថភាព​គ្រប់គ្រង​ស្ថាប័ន ខ្វះ​ថវិកា និង​ខ្វះ​ធនធាន​មនុស្ស។ តុលាការ​ខ្វះ​អគារ​ធ្វើការ​តាម​ស្តង់ដារ ខ្វះ​ថវិកា​ប្រចាំ​ឆ្នាំ​សម្រាប់​ផ្ដល់​ឲ្យ​មន្ត្រី​តុលាការ រហូត​ដល់​មិន​មាន​រថយន្ត​សម្រាប់​ដឹក​មន្ត្រី​ទៅ​ធ្វើ​ការ​តាម​ខេត្ត ខ្វះ​រថយន្ត​ដឹក​អ្នក​ទោស។ រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ របាយការណ៍​នេះ​បាន​បញ្ជាក់​ថា រាជការ​មិន​មាន​សោហ៊ុយ​ផ្តល់​ឲ្យ​ព្រះរាជអាជ្ញា​សម្រាប់​ស៊ើប​អង្កេត​រឿង​ក្តី​នៅ​កន្លែង​កើត​ហេតុ​ទៀត​ផង។ បើ​មិន​មាន​លុយ​ផង​ព្រះរាជអាជ្ញា​ធ្វើ​ម៉េច​អាច​ចុះ​ស៊ើប​អង្កេត​រឿង​ក្តី​បាន ឬ​មួយ​ត្រូវ​សុំ​ឡាន​គេ​ជិះ ឬ​ក៏​ត្រូវ​យក​លុយ​ផ្ទះ​ទៅ​ចាយ?
បើ​តាម​មើល​ទៅ​រឿង​ក្តី​ភាគ​ច្រើន ព្រះរាជអាជ្ញា​ប្រហែលជា​មិន​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​ដល់​កន្លែង​កើត​ហេតុ​ទេ។ តំណែង​អ្នក​កាត់​ក្តី​ក៏​សំខាន់​មួយ​នេះ ត្រូវ​ពឹង​លើ​តែ​របាយការណ៍​បឋម​របស់​មន្ត្រី​នគរបាល និង​ការ​សួរ​ចម្លើយ​ជនសង្ស័យ​នៅ​កន្លែង​ប៉ុណ្ណោះ។
សំណុំ​រឿង​បាញ់​សម្លាប់​មេ​សហជីព លោក ជា វិជ្ជា ឃាតក​សិប្បនិម្មិត​ពីរ​នាក់ គឺ​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ត្រូវ​ជាប់​គុក​ពីរ​ដង​ក្រោម​អំណាច​សាលក្រម​តុលាការ​ដែល​កាត់​ក្តី​ពឹង​លើ​របាយការណ៍​ស៊ើប​អង្កេត​របស់​មន្ត្រី​នគរបាល​នេះ​ឯង។ ចុង​ក្រោយ​គ្មាន​ភស្តុតាង​ណា​មួយ​ទាល់​តែ​សោះ​ដែល​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​ពីរ​មាន​ទោស។ អ្នក​ទាំង​ពីរ​ក៏​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ចុង​ឆ្នាំ​២០១៣។ ពួកគេ​ត្រូវ​បាន​ដោះលែង​មែន តែ​ពួកគេ​រង​ទុក្ខ​ទេវា​នៅ​ក្នុង​គុក​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ រាជរដ្ឋាភិបាល​មិន​បាន​ផ្តល់​សំណង ឬ​ការ​ជួសជុល​ផ្លូវ​ចិត្ត​បន្តិច​សោះ​ទេ។ អ្នក​ទាំង​ពីរ​ត្រូវ​រស់នៅ​ដោយ​ខ្លួន​ឯង​តាម​កម្ម​ដែល​មន្ត្រី​រដ្ឋាភិបាល​បាន​សាង។
អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នៅ​ស្រុក​ខ្មែរ អាច​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ពិបាក​នឹង​ជឿ​ជាក់​ថា ពួក​គាត់​អាច​ទទួល​បាន​យុត្តិធម៌​ណាស់។ អយុត្តិធម៌​សង្គម​នេះ អាច​ជា​កត្តា​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាត់បង់​កៅអី​សភា​យ៉ាង​ហោច​ណាស់ ២២​អាសនៈ​កាល​ពី​អាណត្តិ​ទី​៤ កន្លង​ទៅ។ ម្យ៉ាងវិញទៀត បើ​ការកែទម្រង់​នៅតែ​ស៊ី​ជ្រៅ​ដដែល​នោះ រាជរដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែង​ប្រកាស​ថា អ្វីៗ​ដើម្បី​ប្រជាជន​នោះ អាច​នឹង​ត្រូវ​ប្រជាជន​ធ្វើ​អ្វីៗ​ទាំង​អស់​ដើម្បី​កុំ​ជួប​មុខ​ទៀត​ជា​មិន​ខាន៕
ប្រភពពី វិទ្យុអាស៊ីសេរី