អំពើ​ឃាតកម្ម​ដ៏​សាហាវ សម្លាប់​មនុស្ស​រុំ​កន្ទេល យកទៅ​បោះ​ទម្លាក់​ទឹក​ប្រឡាយ​

10/18/2014 0 Comments A+ a-

​​សៀមរាប:
អំពើ​ឃាតកម្ម​ដ៏​សាហាវ​មួយ ដែល​កម្រ​ជួបប្រទះ គឺ​យុវជន​ម្នាក់​ត្រូវបាន​ឃាតក​សម្លាប់ ហើយ​រុំ​កន្ទេល​ជ័រ និង​ចងខ្សែ​យ៉ាង​ណែន ហើយ​យកទៅ​បោះ​ទឹក​ប្រឡាយ​យាយ​ម៉ម ក្នុង​ក្រុមទី​១២ ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​។ សាកសព​ត្រូវបាន​រកឃើញ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៤​។ នេះ​បើតាម​ការអះអាង​របស់ សមត្ថកិច្ច​មូលដ្ឋាន ក៏ដូចជា​នគរបាល​ក្រុង​សៀមរាប​។​
​លោក​អនុសេនីយ៍ឯក នួន សិ​ក្ក​ចំរើន​រិ​ទ្ធ អធិការរង​ក្រុង​សៀមរាប ទទួលបន្ទុក​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​គេ​សម្លាប់ ហើយ​យកទៅ​ទម្លាក់​ទឹក​ប្រឡាយ​មានឈ្មោះ វ៉ាន់ វីរៈ ភេទ​ប្រុស មានមុខ​របរ​ចងកា​រ​ប្រាក់​ឲ្យ​គេ កើត​ថ្ងៃទី​២ ខែមេសា ឆ្នាំ​១៩៩០ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ សាកសព​មាន​ម្តាយបង្កើត​ឈ្មោះ គុណ សាម​ឌី អាយុ ៤៣​ឆ្នាំ និង​មាន​ឪពុកចុង​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

​លោក​អនុសេនីយ៍ឯក នួន សិ​ក្ក​ចំរើន​រិ​ទ្ធ បន្តថា សាកសព​ត្រូវបាន​ប្រទះឃើញ​តាំងពីព្រឹក​ព្រលឹម​ថ្ងៃទី​១៧ ខែ តុលា បន្ទាប់ពី​សាកសព​បាន​អណ្តែត​ទឹក ហើយ​មាន​ក្លិនស្អុយ​នៅ​កន្លែងកើតហេតុ​។ ក្រោយពី​ប្រទះឃើញ​ប្រជាពលរដ្ឋ បាន​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​ចុះទៅពិនិត្យ​។ 
​លោក​អធិការរង​ក្រុង​សៀមរាប បាន​បញ្ជាក់ថា ជនរងគ្រោះ​បាន​បាត់​ខ្លួន តាំងពី​ម៉ោង​១៦ ល្ងាច​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៤ មកម្ល៉េះ ដោយ​មិនដឹង​មូលហេតុ​។ ប៉ុន្តែ​រហូតដល់​ថ្ងៃទី​១៧ ខែតុលា មាន​រយៈពេល ៣​ថ្ងៃ ទើប​ប្រទះឃើញ​សាកសព​។​
​តាម​ការពិនិត្យ​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​បានបញ្ជាក់​ថា សាកសព​ត្រូវបាន​គេ​សម្លាប់​រួចហើយ​នៅ​កន្លែង​ផ្សេង ទើប​ឧក្រិដ្ឋជន​រុំ​សាកសព​នឹង​កន្ទេលនីឡុង ចងខ្សែ​ព​ទ្ធ័​ជុំវិញ ហើយ​ក៏មាន​ការយក​ដែក​ថ្ពក់​ខោអាវ​ពន្លា ហើយ​យក​ដុំថ្ម​ចង​ជាប់​នឹង​ជើង​សាកសព ទើប​យកទៅ​ទម្លាក់ចោល​នៅ​កន្លែងកើតហេតុ​។ 

​តាម​ការសន្និដ្ឋាន ឃាតក​មិនមែនជា​មនុស្ស​ម្នាក់​ទេ គឺអាច​មាន​ពី​២​នាក់​ឡើងទៅ ហើយ​ការយក​សាកសព​ទៅ​ទម្លាក់ចោល​នៅនឹងកន្លែង​កើតហេតុ ក៏​អាច​ប្រើ​តាម​មធ្យោបាយ​រថយន្ត​ច្រើនជាង​ដឹក​តាម​ម៉ូតូ​។​
​សមត្ថកិច្ច​ពិនិត្យឃើញ​ទៀតថា សាកសព​មាន​បែកក្បាល​ពីក្រោយ ដែល​អាចសន្និដ្ឋាន​បាន​ថា ជា​កន្លែង​វាយ ធ្វើបាប​ជនរងគ្រោះ រហូតដល់​ស្លាប់​។ ដោយឡែក​នៅ​ដើមទ្រូង​ជនរងគ្រោះ គេ​សង្ស័យ​មាន​ប្រហោង​គ្រាប់​ចំនួន ២ កន្លែង ដែល​ជន​ធ្វើឃាត បាន​បាញ់សម្លាប់ ប៉ុន្តែ​ប្រហោង​នោះ មិនបាន​ធ្លុះ​ទៅក្រោយ​ទេ ដែល​ប្រភព​ផ្សេង​អះអាងថា មិនមែនជា​ស្នាម​គ្រាប់​ទេ គឺ​ស្នាម​នោះ ជា​ស្នាម​ឈើ ដែល​ប្រជាពលរដ្ឋ​យកទៅ​រុក​សាកសព ពេល​ឃើញ​ដំបូង​។​
​ដោយឡែក​លោក​វរសេនីយ៍ទោ ដួង សុខា ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ខេត្តសៀមរាប បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ជនរងគ្រោះ​ពិតជា​អំពើ​ឃាតកម្ម​ពិតប្រាកដ​មែន ហើយ​រហូតមក​ដល់ពេលនេះ មិនទាន់បាន​កំរិត​មុខសញ្ញា​ជនសង្ស័យ​បាន​នៅឡើយ​ទេ គឺ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​ឲ្យ​ដល់​ឬ​សគល់​។​
​ពត៌មាន​ដែល​មិនមែនជា​សមត្ថកិច្ច បាន​សន្និដ្ឋានថា ជនរងគ្រោះ​មាន​មុខរបរ​ចងការ​ប្រាក់ ហើយ​សង្ស័យ​ទៅលើ​ម្ចាស់ការ​ប្រាក់​ណាមួយ ដែល​ជំពាក់​ជនរងគ្រោះ​ច្រើន ក៏​សម្លាប់​បំបិទ​មុខ​យ៉ាង​ដូច្នេះ ជាជាង​រឿង​គំនុំ​ផ្សេង​ពី​នោះ​។ ប៉ុន្តែ​ការសន្និដ្ឋាន​បែបនេះ គឺជា​រឿង​ផ្នែក​ខាងក្រៅ សមត្ថកិច្ច​ស្រាវជ្រាវ​រក​ភស្តុតាង​ពិតប្រាកដ​ឃើញ ទើប​អាច​បញ្ជាក់ថា ជា​រឿង​អ្វី​ពិតប្រាកដ​៕H/N
- See more at: http://www.cen.com.kh/local/%E1%9E%A2%E1%9F%86%E1%9E%96%E1%9E%BE%E2%80%8B%E1%9E%83%E1%9E%B6%E1%9E%8F%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98%E2%80%8B%E1%9E%8A%E1%9F%8F%E2%80%8B%E1%9E%9F%E1%9E%B6%E1%9E%A0%E1%9E%B6%E1%9E%9C-%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%94%E1%9F%8B%E2%80%8B%E1%9E%98%E1%9E%93%E1%9E%BB%E1%9E%9F%E1%9F%92%E1%9E%9F%E2%80%8B%E1%9E%9A%E1%9E%BB%E1%9F%86%E2%80%8B%E1%9E%80%E1%9E%93%E1%9F%92%E1%9E%91%E1%9F%81%E1%9E%9B-%E1%9E%99%E1%9E%80%E1%9E%91%E1%9F%85%E2%80%8B%E1%9E%94%E1%9F%84%E1%9F%87%E2%80%8B%E1%9E%91%E1%9E%98%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%80%E1%9F%8B%E2%80%8B%E1%9E%91%E1%9E%B9%E1%9E%80%E2%80%8B%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%A1%E1%9E%B6%E1%9E%99%E2%80%8B-02266904#sthash.7ftA4xjm.dpuf