អង្គការសិទ្ធិមនុស្សតវ៉ាកុំឱ្យធនាគាររពិភពលោកផ្តល់ប្រាក់កម្ចីទៅកម្ពុជា
សេចក្តីរាយការណ៍នានាបញ្ជាក់ថា ធនាគាររពិភពលោកកំពុងពិចារណាលើកលែងការហាមឃាត់ហើយនឹងផ្តល់ប្រាក់ កម្ចីចំនួន២៥លានដុល្លារឱ្យកម្ពុជានៅដើមខែធ្នូខាងមុខ។
នៅក្នុងញត្តិដាក់ទៅលោក Jim Yong Kim ប្រធានធនាគាររពិភពលោកដែលវីអូអេទទួលបាននៅថ្ងៃពុធបានបញ្ជាក់ថា៖
«សូមជំទាស់នឹងការលើកលែងបម្រាមដោយសារតែរដ្ឋាភិបាលរបស់លោកហ៊ុន សែននៅតែបន្តគោលនយោបាយគាំទ្រនិងអនុវត្តការបណ្តេញចេញពីដីធ្លី ដោយខុសច្បាប់និងក្នុងទ្រង់ទ្រាយធំដែលផ្តល់ផលប្រយោជន៍ដល់អ្នក អភិវឌ្ឍន៍និងមន្ត្រីរដ្ឋាភិបាល ហើយបដិសេធសិទ្ធិតាមផ្លូវច្បាប់របស់ម្ចាស់ដីនិងការសងសំណងសមស្រប និងត្រឹមត្រូវនិងការផ្តល់ជំនួយពេលផ្លាស់ទីលំនៅ»។
លោក Morton Sklar នាយកប្រតិបត្តិនៃអង្គការ អង្គការពិភពលោកដើម្បីសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ ប្រាប់វីអូអេថាជំនួសឱ្យការខិតខំដោះស្រាយបញ្ហា រដ្ឋាភិបាលកម្ពុជាបែរជាធ្វើឱ្យសភាពការណ៍កាន់តែអាក្រក់ឡើងចាប់ តាំងពីធនាគាររពិភពលោកបានផ្អាកប្រាក់កម្ចីមក។
ធនាគាររពិភពលោកបានផ្អាកប្រាក់កម្ចីទៅកម្ពុជាតាំងពីខែសីហា ឆ្នាំ២០១១មកដោយសារមានការតវ៉ាថាគម្រោងដីធ្លីដែលផ្តល់ប្រាក់ដោយ ធនាគាររនេះបានប៉ះពាល់ដល់ជនក្រីក្រមួយចំនួន។ ពលរដ្ឋដែលរងផលប៉ះពាល់ក្នុងនោះមានសហគមន៍បឹងកក់ដែលនៅកណ្តាល ទីក្រុងភ្នំពេញបានចេញមកតវ៉ាជាប្រចាំ។
លោក សៀ ភីរម្យ នាយកលេខាធិការដ្ឋានសិទ្ធិលំនៅដ្ឋានបានបញ្ជាក់ថា៖
«ខ្ញុំមិនជំទាស់ទេចំពោះការលើកលែងការផ្តាច់ថវិកាមកកម្ពុជា របស់ធនាគារពិភពលោកប៉ុន្តែធនាគារពិភពលោកត្រូវតែធ្វើការដោយ ប្រយ័ត្នប្រយែងជាមួយនឹងរដ្ឋាភិបាលកម្ពុជាកុំឱ្យមានកំហុសឆ្គងដូច លើកមុនទៀត»។
លោកថាអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋរងផលប៉ះពាល់ត្រូវតែ ចូលរួមក្នុងដំណើរការធ្វើផែនការយកមកដោះស្រាយដើម្បីជៀសវាងបញ្ហាដែល កើតមានកន្លងមកដែលនាំឱ្យខូចមុខមាត់របស់ធនាគារពិភពលោក។
ធនាគារពិភពលោកមិនទាន់ឆ្លើយតបនឹងវីអូអេនៅឡើយទេនៅពេលដែលព្យាយាមទាក់ទងនៅថ្ងៃពុធ៕
ប្រភពពី វីអូអេខ្មែរ
