ថៅកែ​ក្រុម​ហ៊ុន GST សារភាព​ពី​ការ​សម្លាប់​ប្រពន្ធ​កូន​របស់​ខ្លួន

10/09/2014 0 Comments A+ a-

Front-page_0
ភ្នំពេញៈ អតីត ​ឧត្តម​សេនីយ៍​យោធា​ផ្កាយ​ពីរ​ម្នាក់ ដែល​ជា​ថៅកែ​ក្រុម​ហ៊ុន​រថយន្ត​ដឹក​អ្នក​ដំណើរ GST បាន​សារភាព​ពី​ការ​សម្លាប់​ប្រពន្ធ​កូន​របស់​ខ្លួន កាល​ពី​អំឡុង ខែ​កុម្ភៈ ឆ្នាំ​២០១៤ ហើយ​បាន​យក​សាក​សព​ទៅ​បោះ​ចោល​បំបាត់​ដាន​នៅ ជ្រោះ​ពេជ្រ​និល ជាមួយ​នឹង​ការ​សម្តែង​នូវ​វិប្បដិសារី​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​ចង់​សម្លាប់​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ។ នេះ ​បើ​តាម​មន្ត្រី​សាលា​ដំបូង​រាជធានី និង​ឆ្មាំ​ពន្ធនាគារ ព្រៃ​ស បាន​ឲ្យ​ដឹង​នៅ​ពេល​នាំ​ជន​ជាប់​ចោទ​រូប​នេះ មក​សាក​សួរ​បន្ថែម​ដើម្បី​បិទ​បញ្ចប់​សំណុំ​រឿង​កាល​ពី​ម្សិល​មិញ។
មន្ត្រី ​តុលាការ​ម្នាក់ ដែល​បដិសេធ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ចៅក្រម​ស៊ើប​សួរ សាលា​ដំបូង​រាជធានី លោក គី ឆៃ កាល​ពី​ព្រឹក​ម្សិល​មិញ​បាន​កោះ​ហៅ និង​ធ្វើ​ការ​សាក​សួរ ជន​ជាប់​ចោទ ឈ្មោះ គឹម ម៉ាវិន្ថា ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ ដែល​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន GST ដឹក​អ្នក​ដំណើរ ដែល​ជាប់​ចោទ​ពី​បទ «មនុស្ស​ឃាត​មាន​ស្ថាន​ទម្ងន់​ទោស» ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​អំពើ​ឃាតកម្ម​សម្លាប់ ស្រ្តី​ជា​ប្រពន្ធ​ចុង និង​កូន​ស្រី​របស់​ខ្លួន ប្រព្រឹត្ត​កាល​ពី​ពាក់​កណ្តាល ខែ​កុម្ភៈ ឆ្នាំ​២០១៤។ ក្នុង​ការ​សាក​សួរ​ដែល​បាន​បញ្ចប់​ជា​ស្ថាពរ​នោះ ជន​ជាប់​ចោទ ម៉ាវិន្ថា បាន​សារភាព​អំពី​កំហុស​របស់​គាត់ និង​មាន​វិប្បដិសារី​យ៉ាង​ខ្លាំង ចំពោះ​ទង្វើ​របស់​គាត់។
មន្ត្រី ​តុលាការ​រូប​នេះ​បន្ថែម​ថា៖ «យោង​តាម​នីតិវិធី​ច្បាប់ កាល​ណា​សំណុំ​រឿង​ក្តី​ត្រូវ​បាន​លោក​ចៅ​ក្រម​ស៊ើប​សួរ​បញ្ចប់​ការ​ស៊ើប​សួរ ​ហើយ​នោះ លោក​ចៅ​ក្រម​នឹង​ដាក់​សំណុំ​រឿង​នេះ ទៅ​ក្នុង​កម្មវិធី ឬ របៀប​វារៈនៃ​សវនាការ​នា​ពេល​ខាង​មុខ»។
លោក ​ចៅក្រម គី ឆៃ មិន​អាច​ទាក់​ទង សុំ​អធិប្បាយ​បាន​ទេ កាល​ពី​ម្សិល​មិញ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល។ ចំណែក​ឯ​ជន​ជាប់​ចោទ គឹម ម៉ាវិន្ថា បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​ឡើយ នៅ​ពេល​អ្នក​យក​ព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ បាន​ស្ទាក់​សួរ​នៅ​ពេល​ដែល​គាត់​ត្រូវ​បាន​កង​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស បាន​នាំ​ខ្លួន​បញ្ជូល​ឡាន ដើម្បី​នាំ​យក​ទៅ​កាន់​មន្ទីរ​ពន្ធនាគារ​ព្រៃ​ស វិញ​កាល​ពី​រសៀល​ថ្ងៃ​ម្សិល​មិញ។ មេធាវី​របស់​លោក គឹម ម៉ាវិន្ថា ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ដែរ ខណៈ​ដែល​មន្ត្រី​សាលា​ដំបូង​រាជធានី​ផ្សេង​ទៀត​បាន​បដិសេធ​ធ្វើ​អធិប្បាយ។
អនុរក្ស ​ពន្ធនាគារ​ព្រៃ​ស ម្នាក់​ដែល​បដិសេធ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា លោក គឹម ម៉ាវិន្ថា មាន​វិប្បដិសារី​យ៉ាង​ខ្លាំង ចំពោះ​ការ​ជ្រុល​ដៃ​សម្លាប់​ប្រពន្ធ​កូន​របស់​ខ្លួន រហូត​ដល់​គាត់​ចង់​ធ្វើ​អត្តឃាត​ក្នុង​ពន្ធនាគារ​ទៀត​ផង។
យោង ​តាម​ឯកសារ​របស់​តុលាការ បាន​ឲ្យ​ដឹង​ថា ជន​ជាប់​ចោទ ម៉ាវិន្ថា ត្រូវ​បាន​ចោទ​ប្រកាន់​ពី​តំណាង​អយ្យការ​ពីបទ «មនុស្ស​ឃាត​មាន​ស្ថាន​ទម្ងន់​ទោស»។ ជន​ជាប់​ចោទ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង ប្រទេស​ថៃ តាម​កិច្ច​សហការ​រវាង​ភាគី កម្ពុជា-ថៃ និង​ត្រូវ​បាន​បញ្ជូន​ប្រគល់​ឲ្យ​សមត្ថកិច្ច​កម្ពុជា កាល​ពី​ថ្ងៃ ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៤។
នៅ ​ក្នុង​សំណុំ​រឿង​នេះ​មាន​ជន​សង្ស័យ​ចំនួន ៣ នាក់​ជាប់​ពាក់​ព័ន្ធ និង​ត្រូវ​បាន​ចោទ​ប្រកាន់។ ជន​ជាប់​ចោទ​ទាំង ៣ នាក់​នេះ មាន​ឈ្មោះ ជា សំណាង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ (ស្ថិត​នៅ​ក្នុង​ឃុំ) និង គឹម ម៉ាវិន្ថា រួម​ទាំង​កូន​ប្រុស​របស់​គាត់​ម្នាក់​ដែល​កំពុង​តែ​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ ប្រទេស។
សាក ​សព​ស្ត្រី​ជា​ម្តាយ និង​កូន​ស្រី​តូច​ម្នាក់ ដែល​ដាក់​ក្នុង​ថង់​ប្លាស្ទិក ត្រូវ​បាន​អ្នក​ភូមិ ដែល​ប្រកប​មុខ​របរ​ជា​អ្នក​កាប់​អុស​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ជ្រោះ​ពេជ្រ​ និល ក្នុង ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ ទី២១ ខែ​មីនា ឆ្នាំ​២០១៤។ ស្រ្តី​ជា​ប្រពន្ធ​ចុង​ដែល​ត្រូវ​បាន​សម្លាប់​មាន​អាយុ​ប្រមាណ​ជា ២៧ ឆ្នាំ និង​កូន​ស្រី​មាន​អាយុ ៦ ឆ្នាំ៕
_________________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍