ស៊ូ ដាណេ ផ្ញើសារ​ពី​អាមេរិក​កុំ​ឲ្យ​ជឿ​សុះ ម៉ាច រឿង​តារាខ្មែរ​ពួន​នៅ​ស្រុកគេ

10/18/2014 0 Comments A+ a-

ភ្នំពេញ: ប្រធាន​សមាគម​សិល្បៈ លោក សុះ ម៉ាច ធ្លាប់​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា មន្ត្រីស្ថានទូត​អាមេរិក​បាន​ទាក់ទង​មក​សមាគម​សិល្បៈ សូម​ពិភាក្សា​រឿង​តារាខ្មែរ​ដែល​ចេញ​ទៅ​ច្រៀង​នៅ​អាមេរិក​ហើយ​គេចវេះ​មិន​ត្រឡប់​មក​ស្រុក​វិញ។ លោក សុះ ម៉ាច បាន​លើក​ឡើង​ថា ទង្វើ​អ្នកសិល្បៈ​មួយ​ចំនួន​តូច​នោះ​ហើយ បាន​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​សិល្បករ​ផ្សេង​ក្នុង​ការ​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​។
20141017_20a
តារាចម្រៀង និង​គ្រូរបាំ កញ្ញា ស៊ូ ដាណេ​។ រូបថត សហការី ប្រធាន​សមាគម​សិល្បៈ​ខ្មែរ​លោក សុះ ម៉ាច។ ហុង មិនា
ប្រតិកម្មតប​នឹង​ការ​លើក​ឡើង​របស់​ប្រធាន​សមាគម​ដ៏​មាន​ប្រជាប្រិយ​អាណត្តិ​ទី​៣​នេះ អ្នកចម្រៀង​ស្រី​មួយ​ដែល​មាន​ឈ្មោះ​ល្បី​មធ្យម និង​ពេល​នេះ​កំពុង​មាន​វត្តមាន​ច្រៀង​សម្តែង​នៅ​ទឹកដី​មហាអំណាច និង​អះអាង​ថា មាន​ស្ពុនស័រ​ធានា​រយៈពេល​មួយ​ឆ្នាំ​ពេញ កញ្ញា ស៊ូ ដាណេ បាន​ផ្ញើសារ​មក​ភ្នំពេញប៉ុស្តិ៍ ដោយ​ប្រាប់​ថា៖ «ចង់​ប្រកាស​ដល់​មិត្ត​សិល្បករ​មួយ​ចំនួន ជាពិសេស លោក សុះ ម៉ាច ដែល​ជា​ប្រធាន​សមាគម​សិល្បៈ​កុំ​ឲ្យ​យល់ច្រឡំ​ថា ពួក​ខ្ញុំ​កំពុង​លួច​នៅ​សម្តែង​ខុស​ច្បាប់។ ខ្ញុំ​មាន​ស្ពុនស័រ​ត្រឹមត្រូវ​និង​ដើរ​តាម​ច្បាប់​ជានិច្ច»។
ដាណេ ដែល​អះអាង​ថា ជា​បុគ្គលិក​ធ្វើការ​នៅ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​លើក​ឡើង​ការពារ​ភាពស្អាតស្អំ​របស់​ខ្លួន​ថា​៖ «សូម​កុំ​យក​លេស​ថា​សិល្បករ​សម្ភាស​ធ្លាក់​ព្រោះ​តែ​ពួក​នាង​ខ្ញុំ ដែល​មាន​អ្នកចម្រៀង​បី​នាក់ អៀង ចាន់ថាវី ម៉េង ប៊ុនលី»។
ជាមួយ​គ្នា​នោះ កញ្ញា ស៊ូ ដាណេ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​ធានា នាង និង​អ្នក​ចម្រៀង​ពីរ​ដួង​ទៀត​គឺ កញ្ញា អៀង ចាន់ថាវី និង​លោក ម៉េង ប៊ុនលី នោះ​ឈ្មោះ​ក្រុមហ៊ុន KEA khmeranterinment ដែល​ជា​ស្ពុនស័រ​មួយ​នាំ​តារា​មក​សម្តែង​នៅ​អាមេរិក បាន​រយៈពេល​យូរ​។
ដាណេ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នាង​ចេញ​ពី​ស្រុក​ខ្មែរ​មក​សម្តែង​នៅ​អាមេរិក​តាំងពី​ដើម​ឆ្នាំ​២០១៤ ហើយ​នឹង​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ដើម​ឆ្នាំ​២០១៥​។ កាល​ដែល​ស្ពុនស័រ​ធានា​រយៈពេល​យូរ​ដល់​ទៅ​មួយ​ឆ្នាំ​នោះ ត្រូវ​បាន​អ្នកចម្រៀង​វ័យ​២៩​ឆ្នាំ មាន​កំណើត​នៅ​ខេត្ត​កំពង់ធំ ស្រុក​បារាយណ៍​អះអាង​ថា៖ «ដោយសារ​តែ​ខ្ញុំ​មាន​ទេពកោសល្យ​ច្រើន ទាំង​ការ​សម្តែង ច្រៀង​បុរាណ សម័យ។ កត្តា​មួយ​ទៀត​នោះ ខ្ញុំ​នៅ​អាមេរិក​ពេល​នេះ ធ្វើ​ជា​គ្រូបង្រៀន​របាំ​បុរាណ​ដល់​កូន​ខ្មែរ នៅ​ទី​នោះ​ដោយ​ស្ម័គ្រចិត្ត​»។
ស៊ូ ដាណេ បញ្ជាក់​ថា គោលដៅ​សំខាន់​សម្រាប់​នាង​នៅ​ទឹកដី​មហាអំណាច​គឺ​កិត្តិយស​កេរ្តិ៍ឈ្មោះ ដូច្នេះ​ហើយ​បាន​ជា​កញ្ញា​ចែករំលែក​ពេលវេលា​ទៅ​បង្រៀន​របាំ​បុរាណ​ដល់​កូនខ្មែរ​នៅ​ទី​នេះ។
កញ្ញា​បាន​ថ្លែង​របៀប​ការពារ​ខ្លួន​ថា៖ «មិន​សំដៅ​ដូច​គេ​ថា មក​អាមេរិក​ដើម្បី​រក​ប្តី​នោះ​ទេ»។
កាលពី​អំឡុង​ពីរ​បី​ខែ​មុន​នេះ លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បៈ​ខ្មែរ បាន​ប្រាប់​សារព័ត៌មាន​ថា អាមេរិក​បាន​រឹកបន្តឹង​តារា​ខ្មែរ​ទៅ​សម្តែង​នៅ​ទី​នោះ ហើយ​ក៏​កំពុង​តែ​តាម​ចាប់​បញ្ជួន​តារា​ខ្មែរ ដែល​ទៅ​សម្តែង​ហើយ​មិន​វិល​មក​ស្រុក​វិញ។ លោក​ថា ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ក៏​បាន​ទាក់ទង​មក​សមាគម​សិល្បៈ​លើ​ប្រធានបទ​នេះ​ដែរ។
ថ្លែងតប​នឹង​សំឡេង​លើក​ឡើង​បែប​នេះ កញ្ញា ស៊ូ ដាណេ បាន​ប្រកាស​ទៀត​ថា៖ «​កុំ​ឲ្យ​សិល្បករ​ខ្មែរ​យល់ច្រឡំ​នាំគ្នា​គាំទ្រ សុះ ម៉ាច រឿង​នេះ​មិន​ត្រូវ​ឡើយ គាត់​ចូល​ទៅ​ប្ដឹង​ទូត​សោះ​ថា ទូត​ហៅ​គាត់​ចូល»។
ប៉ុន្តែ​នាង​មិន​បាន​បរិយាយ​ថា លោក សុះ ម៉ាច ចូល​ទៅ​ប្តឹង​ស្ថានទូត​អាមេរិក ក្នុង​ចេតនា​អ្វី​ជាក់លាក់​នោះ​ទេ ដោយ​នាង​បែរ​ជា​និយាយ​ថា៖ «រឿង​នេះ​និយាយ​ត្រង់​ខ្ញុំ​ដឹង​តាម​គេ គ្រាន់តែ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ដែល​មាន​មាត់​ចេះ​តែ​និយាយ​នឹង​ច្រណែន​ឈ្នានីស ខ្ញុំ​នៅ​សម្តែង​យូរ ខ្ញុំ​ចេះ​ច្រើន ច្រៀង សម្តែង របាំ»។
តប​នៅ​ការ​បើកកកាយ របស់​កញ្ញា ស៊ូ ដាណេ ដែល​កំពុង​មាន​ទីផ្សារ​នៅ​អាមេរិក​នោះ ប្រធាន​សមាគម​សិល្បៈ​ខ្មែរ លោក សុះ ម៉ាច បាន​ថ្លែង​ទាំង​សំណើច​ថា៖ «រឿង​នេះ ដូច​ពាក្យ​ចាស់​តែងតែ​លើក​ថា គោដំបៅខ្នង​ក្អែក​ហើរ​រំលង​រំសាយ​កន្ទុយ​»។
ប្រធាន​សមាគម​សិល្បៈ​រូប​នេះ​បាន​និយាយ​ទៀត​ថា លោក​មិន​ដែល​ដឹង​ថា កញ្ញា ស៊ូ ដាណេ នេះ​ចេញ​ទៅ​ច្រៀង​នៅ​អាមេរិក​ពី​ពេល​ណា មាន​រយៈពេល​ប៉ុន​ណា ហើយ​រឿង​កន្លងមក​លោក​ក៏​មិន​ដែល​ភ្ជាប់​ឈ្មោះ​នាង​ថា ជា​អ្នក​សិល្បៈ​ខ្មែរ​ដែល​គេចវេះ​នៅ​អាមេរិក​មិន​មក​វិញ​នោះ​ដែរ​។
លោក​បញ្ជាក់​ចំៗ​ថា៖ «ខ្ញុំ​លើក​តែ​តារាចម្រៀង​ពីរ​ដូង អ្នកនាង ហង្ស ពិសី និង ស៊ុន សុម៉ាលី។ ដោយឡែក ដាណេ មិន​មាន​មែន ព្រោះ​គាត់​ចេញ​ទៅ​ក៏​មិនមែន​តាម​សមាគម​ទើប​យើង​មិន​បាន​លើក​មក​និយាយ»។
តប​នឹង​ការ​ប្រកាស​របស់ ដាណេ ថា កុំ​ជឿ​រូប​លោក លោក សុះ ម៉ាច បាន​ប្រាប់​ដោយ​ពាក្យសម្ដី​ទន់ភ្លន់​ទៅ​កញ្ញា ស៊ូ ដាណេ វិញ​ថា៖ «ក្នុង​នាម​ខ្ញុំ​ជា​ប្រធានសមាគម មាន​តែ​សប្បាយ​ចិត្ត ដែល​មាន​សិល្បៈ​ខ្មែរ​យើង​បាន​ចេញ​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​ចុះ​រឿង​អី​ខ្ញុំ​ច្រណែន​»។
លោក​អះអាង​ថា មិន​បាន​ទៅ​ដាក់​ពាក្យប្តឹង​នៅ​ស្ថានទូត​អាមេរិក​ទេ គឺ​មន្ត្រី​ស្ថានទូត​បាន​ទាក់ទង​មក​រូប​លោក តែ​បាន​ជួប​តែ​ខាង​រដ្ឋបាល។
លោក​ថ្លែង​ទៀត​ថា៖ «ម្សិលមិញ​នេះ ខ្ញុំ​ក៏​បាន​សរសេរ​លិខិត​សុំទោស​នូវ​ការ​ខកខាន​នេះ នឹង​ស្នើ​សុំ​ជួប​ជាថ្មី ដើម្បី​ដោះស្រាយ​និង​សុំ​ការ​យោគយល់​ជាថ្មី ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធានា​សិល្បៈ​ទៅ​សម្តែង​នៅ​ទី​នោះ​វិញ​»៕ ប្រភព ៖ភ្នំពេញប៉ុស្តិ៍