យុត្ថារ៉ា ឆានី និង​ប្រពន្ធ​ថៅកែ​អចលនទ្រព្យ​ឲ្យ​គេ​ច្រឡំ

10/11/2014 0 Comments A+ a-

chhanyភ្នំពេញៈ ស្ត្រី​ដ៏ស្រស់ស្អាត​ម្នាក់ ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​ភរិយា​របស់​លោក​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ប៊ុណ្ណា រៀលធីគ្រុប បាន​សម្តែង​កាយវិការ​កៀកកិត ហើយ​បាន​សរសេរ​ប្រកាស​នៅលើ​ហ្វេសប៊ុក​ថា ខ្លួន​ជិត​រៀបការ​ជាមួយ​លោក យុត្ថារ៉ា ឆានី ហើយ។
ការ​សរសេរ​លើ​ទំព័រ​បណ្តាញ​សង្គម​របស់​ស្ត្រី​រូប​នេះ​បាន​ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈ​គេ​បាន​ដឹង​ថា លោក យុត្ថារ៉ា ឆានី ទើប​តែ​បែកបាក់​ចំណង​អាពាហ៍ពិពាហ៍​ជាង​១០​ឆ្នាំ​ជាមួយ​អ្នកនាង ចន ច័ន្ទលក្ខិណា នោះ​។
ជាមួយ​នឹង​កាយវិការ​កៀកកិត​បញ្ចេញ​ស្នាមញញឹម ស្ត្រី​មាន​ត្រេមុខ​ដូច​កូន​កាត់​រូប​នោះ​បាន​សរសេរ​ថា៖​«​ហានី ណប់ចិត្ត​!!!! ជិត​រៀបការ​ហើយ​ខ្ញុំ បងប្អូន​ត្រៀម​លុយ​ចងដៃ​ផង»។
ភាព​ស្និទ្ធស្នាល​រវាង​ភរិយា​លោក សឹង ប៊ុណ្ណា និង​លោក យុត្ថារ៉ា ឆានី ឲ្យ​គេ​ច្រឡំ។
ភាព​ស្និទ្ធស្នាល​រវាង​ភរិយា​លោក សឹង ប៊ុណ្ណា និង​លោក យុត្ថារ៉ា ឆានី ឲ្យ​គេ​ច្រឡំ។ សេត គឹមសឿន
ប៉ុន្តែ​យ៉ាងណា ចុងក្រោយ​នេះ មាន​ការ​បញ្ជាក់​ថា ការ​ប្រកាស​របស់​ភរិយា​លោក សឹង ប៊ុណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ប៊ុណ្ណា រៀលធីគ្រុប ថា​នឹង​រៀបការ​ជាមួយ​លោក យុត្ថារ៉ា ឆានី នោះ​គ្រាន់តែ​ជា​ការ​សរសេរ​លេងសើច​ក្នុង​នាម​ជា​មនុស្ស​រាប់អាន​គ្នា​ជិតស្និទ្ធ​តែ​ប៉ុណ្ណោះ ខណៈ​លោក ឆានី បាន​មក​ជជែក​រឿង​ការងារ​ជាមួយ​នឹង​ប្តី​របស់​អ្នកស្រី។
ជាមួយ​នឹង​ភាព​ភ្ញាក់ផ្អើល​នៅពេល​មាន​ការ​យល់ច្រឡំ​ពី​សារព័ត៌មាន​នោះ​ភរិយា​របស់​លោក ប៊ុណ្ណា ដែល​ដាក់​ឈ្មោះ​លើ​ហ្វេសប៊ុក​ថា Angel Moon បាន​ធ្វើការ​បកស្រាយ​ជាថ្មី​លើ​ហ្វេសប៊ុក​របស់​អ្នកស្រី​ថា៖​«​ព្រះ​ជា​ម្ចាស់​ហ្ហើយ…ថា​មែន…មិន​បាច់​សុំ​ការ​បកស្រាយ​ពី​បង​ខ្ញុំ​ទេ (បង ឆានី) អ្នក​សារព័ត៌មាន​អាច​ឆែក​មើល​រាល់​រូបភាព​ដែល​ខ្ញុំ​បាន​ផុស​កន្លង​មក​លើ wall ខ្ញុំ។ ខ្ញុំ​ចង់​បញ្ជាក់​ថា ថ្ងៃ​នោះ បងប្រុស (​ឆានី​) មក​ជជែក​រឿង​ការងារ​ជាមួយ​ស្វាមី​ខ្ញុំ​នៅក្នុង​ហាង​របស់​ខ្ញុំ (Khmer Fashion) ទេ​»។
ដោយ​មិន​លាក់បាំង អ្នកស្រី​បាន​បកស្រាយ​បន្ត​ថា៖​«​ខ្ញុំ​មាន​ស្វាមី​ហើយ គាត់​ជា​នាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប (ទិញ​លក់​ដីធ្លី) ខ្ញុំ​មាន​កូន​៥​នាក់​ហើយ។អរគុណ​សម្រាប់​ព័ត៌មាន​ខាង​លើ តែ​វា​មិនមែន​ជា​ការពិត​ទេ»។
ដោយ​មិន​មាន​អារម្មណ៍​ខឹងសម្បា អ្នកស្រី​បាន​សរសេរ​បែប​លេងសើច​បន្ត​ថា៖​«​បងប្រុស​ខ្ញុំ​ខូច​ឈ្មោះ​អស់​អាលីង​តាម្ម៉ង់ !!!!! រូប​មួយ ខ្ញុំ​បាន​ផុស​ជាប់​ស្មាដៃ​អាវ​ស្វាមី​ខ្ញុំ ដែល​កំពុង​ជជែក​គ្នា​រឿង​ជំនួញ​។ ស្អប់​ណាស់​ធ្វើ​ដូច​អត់​ស្គាល់​គ្នា​អ៊ីចឹង​អ្នកព័ត៌មាន.!!!!»។
ជាមួយ​គ្នា​នោះ​នៅពេល​ភរិយា​របស់​លោក សឹង ប៊ុណ្ណា បង្ហោះ​ពី​គម្រោង​រៀបការ​នោះ លោក យុត្ថារ៉ា ឆានី បាន​សរសេរ​តប​ថា៖ «​អស់​ផ្លូវ​ហើយ​ខ្ញុំ !!!»។
គេ​បាន​ដឹង​ថា គ្រួសារ​របស់​លោក សឹង ប៊ុណ្ណា និង​ភរិយា មាន​ភាព​ជិតស្និទ្ធ​បំផុត​ជាមួយ​លោក យុត្ថារ៉ា ឆានី និង​អ្នកនាង ចន ច័ន្ទលក្ខិណា ហើយ​ក្រៅពី​នោះ​នៅក្នុង​ពិភព​សិល្បៈ​ភរិយា​របស់​លោក ប៊ុណ្ណា ក៏​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​អ្នក​សិល្បៈ​ជាច្រើន​រូប​ទៀត​ផង​ដែរ​៕
_________________
ប្រភពពីភ្នំពេញប៉ុស្តិ