សព​កៀប​ឆ្អឹង​នឹង​ថ្ម​ប្រាសាទបន្ទាយឆ្មារ មិនមែនជា​សាកសព​ពី​បូរាណ​ទេ​

10/18/2014 0 Comments A+ a-


20141016_173657បន្ទាយមានជ័យ:៖មន្ត្រី​ជំនាញ​វប្បធម៌ ពុំទាន់​ហ៊ាន​សន្និដ្ឋាន វាយតម្លៃ​ចំណាស់​ឆ្អឹង​សព​មនុស្ស​ម្នាក់ ដែល​ក្រុមការងារ​អភិរក្ស​ប្រាសាទបន្ទាយឆ្មារ រកឃើញ​កៀប​ជាប់​នឹង​ថ្ម​ការដ្ឋាន​ខ្លោងទ្វារ​ស្ពាន​ហាល​ខាងត្បូង​នោះទេ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​នោះ គ្រាន់តែ​អះអាងថា សាកសព​នោះ មិនមែនជា​មនុស្ស​ពី​ជំនាន់​បុរាណ​ទេ​។​
​លោក គឹម សុ​ធិ​ន ប្រធាន​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បូរាណ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ បាន​និយាយ​ថ្ងៃទី​១៨​តុលា​ថា យើង​ត្រូវ​ទុក​ជូន​អ្នកជំនាញ​បុរាណវិទ្យា​ពិនិត្យ វាយតម្លៃ​ពី​អាយុ​ចំណាស់​នៃ​ឆ្អឹង​សព​នោះ ជាជាង​ខុស​បច្ចេកទេស​។​
​ប៉ុន្តែ​លោក គឹម សុ​ធិ​ន ពន្យល់ថា បើ​មើល​ភិនភាគ​ឆ្អឹង​សព គឺ​ដេក​ដួល បែក​លលា​ដ៏​ក្បាល និង​បាក់ឆ្អឹង​កន្លែង​ផ្សេងទៀត​។ គឺអាច​ថា មុន​ស្លាប់ អ្នកនោះ ជា​ជនល្មើស លួច​រូបចម្លាក់​ថ្ម ឬ​ជា​យុទ្ធជន​ប្រយុទ្ធ ឬ​ជា​អ្នកស្រុក​ពួន​ក្នុង​ថ្ម​ប្រាសាទ​ការពារ​សុវត្ថិភាព ហើយ​ត្រូវ​គ្រាប ឬអ្វី​មក​ធ្វើអោយរ​លំបាក់​ថ្ម សង្កត់​ស្លាប់ ហើយ​យក​សព​ពុំបាន ឬ​មិនដឹង​។ ព្រោះ​ខ្លោងទ្វារ និង​ស្ពាន​ហាល​ខាងត្បូង​នេះ ត្រូវ​បោះបង់ចោល ដោយសារ​ព្រៃ​ដុះ និង​បាក់​រលំ​ថ្ម ឆ្លងកាត់​មិនបាន​។ ទោះយ៉ាងណា សព​នោះ មិនមែនជា​សព​បុព្វបុរស​សម័យ​យូរលង់​មកហើយ​ទេ​។ ជា​សព​អំឡុង​ទសវត្ស​ទី​៦០-៧០​។​
​គួររំលឹកថា ក្រុមការងារ​បច្ចេកទេស​ការដ្ឋាន​អភិរក្ស​ទី​៣ ខ្លោងទ្វារ​ស្ពាន​ហាល​ខាងត្បូង​ប្រាសាទបន្ទាយឆ្មារ បាន​រើ​ថ្ម ហើយ​ឃើញ​ឆ្អឹង​សព​មនុស្ស​ម្នាក់ កៀប​ក្នុង​ថ្ម ដេក​ក្បាល​ទៅ​ត្បូង កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៤៕​H/N
ប្រភពពី CEN