នាយករដ្ឋមន្រ្តីថៃនឹងមកបំពេញ​ទស្សន​កិច្ចផ្លូវការនៅកម្ពុជា​ រយៈ​ពេល២​ថ្ងៃចាប់ពី​ថ្ងៃ​ទី​៣០-៣១ខែតុលា

10/25/2014 0 Comments A+ a-

le-general-prayut-chan-o-cha-chef-de-la-junte-thailandaise_1048205_490x343p1រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់​លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា ក្នុងអាណត្តិទី៥  នាយករដ្ឋមន្ដ្រីថ្មីរបស់ប្រទេស​ថៃ​លោក​ ប្រា​យុទ្ធ ចាន់​អូ​ចា (Prayut Chan O Cha) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ជា​លើកដំបូង​ចាប់ពី​ថ្ងៃ​ទី​៣០ ដល់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៤ ក្រោយពេល​ដែល​លោក បាន​ឡើងកាន់​តំណែង​ថ្មី កាលពី​ថ្ងៃ​ទី​២១ ខែសីហា​កន្លងទៅនេះ​។នេះបើតាម​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​ការបរទេស ​​និង​សហការ​ប្រតិបត្តិការ​​អន្តជាតិ​កម្ពុជា ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០១៤។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពូជាលើកទីមួយនេះ លោក ប្រា​យុទ្ធ ចាន់​អូ​ចា ​​នឹងចូល​បង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង ជួបពិភាក្សទ្វេភាគីជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាមួយគ្នានេះដែរលោក ប្រាយុទ្ធ ច័ន្ទអូចា​ នឹងចូល​គោរព​ព្រះវិញ្ញាក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅមណ្ឌលព្រះបរមរូប នា​សួន​ច្បារ​​វិមាន​ឯក​រាជ្យ។
បន្ទាប់ជំនួប​ទ្វេភាគី​លោក ហ៊ុន សែន និងលោក ប្រាយុទ្ធ ច័ន្ទអូចា និង​នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនបី រួមមាន ទី១-អនុស្សារណៈ​នៃការ​យោគយល់គ្នា​ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជ​រដ្ឋាភិ​បាល​​​ថៃ, ទី២-អនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បី លុបបំបាត់​ការ​ជួញដូរមនុស្ស និងជួយជនរងគ្រោះដោយសារការជួញដូររវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជ​រដ្ឋាភិ​បាល​ថៃ និងទី៣-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការតភ្ជាប់ផ្លូវដែករវាង​រាជរដ្ឋាភិ​បាលកម្ពុជា និងរាជរដ្ឋាភិបាល​ថៃ។
តាមសេចក្តីប្រកាសដដែលបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចហើយលោកជោ ហ៊ុន សែន និងលោក ប្រា​យុទ្ធ ចាន់​អូ​ចា នឹងធ្វើសន្និសីទកាសែតរួមគ្នា ដើម្បីបញ្ជាក់​ពីដំណើរ​ទស្សនកិច្ចនេះ។
 នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេស​ថៃលោក Prayut Chan O Cha
ប្រភពពី  Free Press Magazine