ជីដូន​វ័យ​៨០​ឆ្នាំ កូនប្រសា​ធ្វើ​បាប ធ្លាក់​ខ្លួន​រស់​ក្នុង​ព្រៃ​ពីរ​នាក់​ចៅ​កម្សត់

10/14/2014 0 Comments A+ a-

20141014_21aកណ្តាលៈ ទាំង​ភ្នែក​ងងឹត​មើល​ឃើញ​ព្រាលៗ​លោក​យាយ ទេស រ៉េម ហៅ​យាយ ពឺង វ័យ ៧៨​ឆ្នាំ ដែល​សព្វ​ថ្ងៃ​កំពុង​រស់នៅ​ជាមួយ​ចៅស្រី​តូច​ម្នាក់​ក្រោម​ដំបូល​ខ្ទម​តូច​មួយ​ហ៊ុមព័ទ្ធ​ដោយ​គម្ពោធ​ព្រៃ​សម្បូរ​ទៅ​ដោយ​សត្វ​អសិរពិស​នោះ បាន​លើក​ដៃ​ញ័រៗ​ប្រណម្យ​សំពះ​ជូនពរ​នៅពេល​អ្នក​ភូមិ​ស្រុក​ដែល​ហុច​ជូន​ជា​ម្ហូបអាហារ ឬ​នំ​បង្អែម យូរៗ​ម្តង​។
រនាប​ឫស្សី​កន្លែង​សម្រាន្ត​បាក់​ស្ទើរ​អស់​ហើយ​។ សេត គឹមសឿន
ជាមួយ​នឹង​ការ​រៀបរាប់​ទាំង​ស្មារតី​ភ្លេចភ្លាំង លោក​យាយ​វ័យ​ចំណាស់​ដែល​មក​ប៉ះ​ចំ​ជោគវាសនា​ដ៏កម្សត់​ម្នាក់​នេះ បាន​ឲ្យ​ដឹង​ថា ការ​ដែល​លោកយាយ​រលាយ​ទ្រព្យ​ធ្លាក់​ខ្លួន​មក​ពួន​អាត្មា​នៅ​កណ្តាល​គម្ពោធ​ព្រៃ​តែ​ម្នាក់ឯង​នេះ ដោយសារ​តែ​កូនប្រសា​ធ្វើ​បាប​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ រហូត​ត្រូវ​បង់​ទ្រព្យ​ផ្ទះសម្បែង​គ្មាន​សេសសល់​សូម្បី​ប៉ុន​ក្រចក​នោះ​ទេ​។
លោកយាយ ទេស រ៉េម ហៅ ពឺង មាន​ស្រុកកំណើត​ស្ថិត​នៅក្នុង​ភូមិ​ត្នោត​ខ្ពស់ ឃុំ​ពន្សាំ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល។ លោកយាយ​ជា​ស្ត្រី​មេម៉ាយ មាន​កូនប្រុស​ស្រី​ពីរ​នាក់។ កូនស្រី​ច្បង​ត្រូវ​ប្តី​ធ្វើ​បាប​រហូត​គ្មាន​ទ្រព្យ​ជាប់​ខ្លួន ហើយ​សព្វថ្ងៃ​នេះ កំពុង​រស់នៅ​ទាំង​ត្រដរ​លើ​ដី​មួយ​កន្លែង​ដែល​អ្នក​ភូមិ​ឲ្យ​ស្នាក់នៅ​បណ្តោះអាសន្ន​។ រីឯ​កូនប្រុស​ម្នាក់​ទៀត ដោយសារ​ជីវភាព​ក្រីក្រ ក៏​បាន​ចាកចេញ​ពី​ផ្ទះ​ជិត​១០​ឆ្នាំ​ហើយ តែ​រហូត​មក​ទល់​នឹង​ពេល​នេះ​គ្មាន​ដំណឹង​សូម្បី​បន្តិច​។
លោក​យាយ ពឺង បាន​ឲ្យ​ដឹង​ថា កាលពី​ដំបូង​ឡើយ លោកយាយ​មាន​ដីធ្លី ផ្ទះសម្បែង និង​ស្រែចម្ការ​សម្រាប់​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ដូច​គេ​ដូច​ឯង​ដែរ ប៉ុន្តែ​បុណ្យ​កុសល​ហុច​ផល​មិន​ល្អ នៅពេល​ដែល​លោកយាយ​មាន​កូនប្រសា​ជា​មនុស្ស​បំផ្លាញ។ ទាំង​សម្តី​ញ័រៗ​ស្រក់​ទឹកភ្នែក​លោក យាយ ពឺង និយាយ​ថា៖​«​ក្រោយ​កូនស្រី​ច្បង​រៀបការ​មក កូន​ប្រសា​ខ្ញុំ​នោះ គ្មាន​ធ្វើ​អី​ទេ ចេះ​តែ​ផឹកស្រា និង​ដើរ​លេង​អត់​ប្រយោជន៍ ហើយ​មិន​ដឹង​ធ្វើអី​ទេ ចេះ​តែ​ជំពាក់​គេ​គ្រប់​កន្លែង​។ ដោយ​គិត​ថា កូន​ខ្ញុំ​ក៏​ចេះ​តែ​ជួយ ម្តង​លក់​អា​នេះ ម្តង​លក់​អានោះ ដោះ​បំណុល​ឲ្យ​រហូត។ គេ​ធ្វើបាប​ខ្ញុំ​រហូត​សល់​តែ​បាតដៃ​ទទេ ផ្ទះសម្បែង​ក៏​អត់​មាន​នៅ​ដែរ​»។
យាយ ទេស រ៉េម ហៅ ពឺង និង​ចៅ​ស្រី តាកួន នៅ​មុខ​ខ្ទម។ សេត គឹមសឿន
លោកយាយ​រៀបរាប់​បន្ថែម​ទាំង​ឈឺចាប់​ថា៖​«​គេ​(​កូនប្រសា) ធ្វើ​បាប​ខ្ញុំ​សព្វបែប​យ៉ាង អស់​កន្លែង​ជ្រក រហូត​ធ្លាក់​ខ្លួន​មក​រស់នៅ​ក្នុង​ព្រៃ​ផ្សៃ​បែប​នេះ។ អ្វី​ដែល​ធ្វើឲ្យ​ជីវិត​ខ្ញុំ​ឈឺចាប់​មិន​អាច​បំភ្លេច​បាន​នោះ គឺ​នៅពេល​ខ្ញុំ​បង់​ទ្រព្យ​គ្មាន​សល់​ជំពាក់​គេ​ដោយសារ​តែ​វា​នោះ វា​ក៏​បាន​ចុះចោល​ប្រពន្ធ​កូន​បាត់​ទៅ មិន​ដឹង​ទៅ​ណា​នោះ​ទេ​»។
ជាមួយ​នឹង​សំណោក​ជីវិត​មិន​ដែល​ស្គាល់​ភាព​រីករាយ​នេះ លោកយាយ ពឺង បាន​និយាយ​នឹក​គុណ​បុណ្យ​អ្នក​ស្រុក​ភូមិ​ថា ជីវិត​លោកយាយ​សព្វថ្ងៃ​នេះ កុំ​បាន​ការ​ជួយ​យក​អាសា​របស់​អ្នកភូមិ​ទេ កុំ​អី​លោកយាយ និង​ចៅស្រី​ត្រូវ​ដាច់​បាយ​ក្រហាយ​ទឹក​គ្មាន​ជីវិត​មក​ដល់​ថ្ងៃ​នេះ​ទេ​។ យាយ ពឺង និយាយ​ថា៖​«​ខ្ញុំ​សព្វថ្ងៃ​នេះ មិន​ភ្លេច​គុណ​អ្នក​ភូមិ​ទេ តិច​ច្រើន​អី គេ​ជួយ​រហូត កុំ​បាន​អ្នកភូមិ​ជួយ​កុំ​អី​ជីវិត​ខ្ញុំ​នេះ​ស្លាប់​យូរ​ហើយ​»។
ក្រៅពី​ការ​ជួយ​យក​អាសា​របស់​អ្នកភូមិ លោកយាយ ទេស រ៉េម និង​ចៅស្រី​អាយុ​១២​ឆ្នាំ តែង​ទៅ​កាប់​ដី​ដាក់​ថ្នល់ (​ថ្នល់​ក្រហម​ពី​ផ្សារ​បែកចាន ទៅ​ភ្នំបាសិទ្ធិ៍) ត្រង់​ចំណុច​ភូមិ​ត្នោត​ខ្ពស់ ដើម្បី​សុំ​ការ​សន្ដោស​ពី​អ្នក​ធ្វើ​ដំណើរ​តាម​សទ្ធា​។ លោកយាយ​និយាយ​ថា៖ «​សព្វថ្ងៃ​ហ្នឹង ខំ​ត្រដរ​រស់​ទៅ​អង្គុយ​នៅ​ថ្នល់​ហ្នឹង ហើយ​ចៅស្រី​ជា​អ្នក​កាប់​ដី គេ​អាណិត​អ៊ីចឹង​ទៅ​ក៏​ឲ្យ​លុយ​មក។ មួយ​ថ្ងៃ​បាន​២០០០ ទៅ​៣០០០ រៀល ហើយ​ថ្ងៃ​សៅរ៍ អាទិត្យ​ខ្លះ​បាន ៨​ពាន់​ទៅ ១​ម៉ឺន​រៀល​ទុក​ទិញ​អង្ករ​ហូប​»។
ក្មេងស្រី​វ័យ ១២​ឆ្នាំ នាង នី ចំរើន ហៅ តាកួន ដែល​អ្នក​មើលថែ និង​រស់នៅ​ជាមួយ​ជីដូន​វ័យ​ជិត​៨០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា រូប​នាង​មិន​បាន​ចូល​រៀន​ទេ ព្រោះ​នាង​ត្រូវ​នៅ​មើលថែ​យាយចាស់ ហើយ​ឆ្លៀត​ពេល​ធ្វើ​ផ្លូវ​យក​លុយ​ទិញ​អង្ករ​ហូប។ កុមារី​រូប​នេះ​ថា៖​«​ខ្ញុំ​ក៏​ចង់​ទៅ​រៀន​នឹង​គេ​ដែរ តែ​អត់​លុយ អត់​អ្នក​មើល​យាយ ព្រោះ​ពេល​ខ្លះ​យាយ​ខ្ញុំ​វង្វេងវង្វាន់​ដើរ​អត់​ដឹង​ខ្លួន​ទេ»។
ក្មេងស្រី​ដ៏​គួរ​អាណិត​រូប​នេះ​បាន​និយាយ​ថា៖​«​ខ្ញុំ​ចង់​ហូប​ឆ្ងាញ់ ពេល​ខ្លះ ខ្ញុំ និង​យាយ​ដាច់​បាយ​ក៏​មាន ហូប​ជាមួយ​អំបិល​ក៏​មាន​ដែរ​»។ ស្រប​គ្នា​នោះ យាយ ពឺង បាន​និយាយ​ទាំង​ទឹកភ្នែក​ថា៖​«​នៅ​រដូវ​បុណ្យ​ទាន​នេះ ខ្ញុំ​ចង់​ទៅ​វត្ត​នឹង​គេ​ណាស់»។
អ្នកមីង ព្រីង អឿន អ្នកភូមិ​ត្នោតខ្ពស់ បាន​ឲ្យ​ដឹង​ថា យាយ ពឺង គួរ​ឲ្យ​សង្វេគ​ណាស់ គាត់​បង់​ទ្រព្យ​គ្មាន​សល់​ទេ​ដោយសារ​កូនប្រសា ហើយ​សព្វថ្ងៃ​នេះ កុំ​បាន​អ្នក​ជិត​ខាង​ឲ្យ​ដី​នៅ​កុំ​អី​គ្មាន​កន្លែង​ជ្រក​ទេ។ គាត់​រស់នៅ​សព្វថ្ងៃ​ពឹង​លើ​អ្នកភូមិ តែ​ថ្ងៃ​ខ្លះ​ក៏​ដាច់​បាយ​ម្តងៗ​ដែរ​៕