កូន​លោក កឹម សុខា បដិសេធ​មិន​ចូល​សមាជិក គ.ជ.ប

10/14/2014 0 Comments A+ a-

20141014_05bភ្នំពេញៈ ខណៈ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​កាល​ម្សិល​មិញ​បាន​ជិត​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​គ្នា​ទាំង​ស្រុង​អំពី​ច្បាប់​ស្តីពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី បេក្ខនារី​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​កាន់​កៅអី​មួយ​នៅ​ក្នុង​គណៈ​កម្មាធិការ​ដែល​មាន​សមាជិក ៩ រូប​នេះ​បាន​ប្រកាស​ថា កញ្ញា​បាន​សម្រេច​ចិត្ត​មិន​ចូល​រួម។
កញ្ញា កឹម មនោវិទ្យា អនុ​ប្រធាន​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូន​ស្រី​របស់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា កញ្ញា​មិន​ចង់​ឲ្យ​តួនាទី​បច្ចេក​ទេស​របស់​កញ្ញា ជា​សមាជិក គ.ជ.ប ដាក់​កម្រិត​ទៅ​លើ​ពេល​វេលា​សម្រាប់​ធ្វើ​ការងារ​ដទៃៗ​ទៀត​របស់​កញ្ញា​នោះ​ទេ។
កញ្ញា​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «បន្ទាប់​ពី​ពិចារណា​អំពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​ក្នុង​ការ​ចូល​រួម​នៅ​ក្នុង គ.ជ.ប ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​គិត​ថា ខ្ញុំ​អាច​ប្រើ​ពេល​វេលា​សម្រាប់​គណបក្ស​និង​ប្រទេស​ប្រសើរ​ជាង​ប្រសិន​បើ​នៅ​ក្រៅ​គ.ជ.ប។ ខ្ញុំ​បាន​សម្រេច​ចិត្ត​មិន​ចូល​រួម​វា​ទេ»។
កញ្ញា​បន្ត​ថា៖ «ទាំង​អស់​នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ ហើយ​ខ្ញុំ​នឹង​មិន​អាច​ធ្វើ​វា​បាន​ទេ ប្រសិន​បើ​ខ្ញុំ​ចូល​រួម​ជាមួយ គ.ជ.ប»។
លោក គួយ ប៊ុនរឿន តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បោះ​បង់​អាសនៈ​របស់​គាត់​សម្រាប់​មេ​បក្ស លោក សម រង្ស៊ី កាល ខែ​កក្កដា គឺជា​បេក្ខជន​តែ​មួយ​គត់​ដែល​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា នឹង​យក​កៅអី​មួយ​ក្នុង​ចំណោម​កៅអី​ចំនួន​បួន​នៅ​ក្នុង​គណៈ​កម្មាធិការ​នេះ។
ប៉ុន្តែ​ប្រភព​ជាន់​ខ្ពស់​ពី​គណបក្ស​នេះ​បាន​អះអាង​ថា កញ្ញា កឹម មនោវិទ្យា រួម​ជាមួយ​នឹង លោក គល់ បញ្ញា ដែល​ជា​អ្នក​តស៊ូ​មតិ​ឲ្យ​មាន​កំណែ​ទម្រង់​បោះឆ្នោត និង​ប្រធាន​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យេង វីរៈ «ប្រាកដ ៩៩ ភាគរយ» នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ជ្រើស​រើស​ដទៃ​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​បង្ហាញ​ថា បេក្ខជន​ណា​មួយ​ក្នុង​ចំណោម​បេក្ខជន​ទាំង​បួន​របស់​ខ្លួន​ទេ។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​គេ​រំពឹង​ថា នឹង​មាន​តួនាទី​នៅ គ.ជ.ប។ភ្នំពេញ ប៉ុស្តិ៍
លោក​ស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មិន​ទាន់​អះអាង​នៅ​ឡើយ​ទេ​ថា លោក​ស្រី​នឹង​ជា​បេក្ខជន ទី៩ របស់ គ.ជ.ប បន្ទាប់​ពី​សំណើ​របស់​លោក​ស្រី​ដែល​ស្នើ​សុំ​ឲ្យ​មាន​អភ័យ​ឯកសិទ្ធិ​បែប​សមាជិក​សភា​សម្រាប់​សមាជិក គ.ជ.ប មិន​ត្រូវ​បាន​អើពើ​ដោយ​គណបក្ស​ទាំង​ពីរ។
លោក គល់ បញ្ញា ដែល​ជា​ប្រធាន​អង្គការ ខុម ហ្វ្រែល បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ឲ្យ​ដឹង​ថា លោក​ចង់​ឲ្យ​គណបក្ស​នយោបាយ ប្រកាន់​ដំណើរ​ការ​ក្នុង​ការ​ជ្រើស​រើស​ដែល​មាន​លក្ខណៈ​តម្លាភាព​ជាមួយ​នឹង​លក្ខណៈ​វិនិច្ឆ័យ​ច្បាស់​លាស់​ក្នុង​ការ​ជ្រើស​រើស គ.ជ.ប ជា​ជាង «ការ​ជ្រើស​រើស​ពួក​គេ​ដោយ​សម្ងាត់»។
លោក​បន្ត​ថា៖ «បើ​មិន​ដូច្នោះ សមាជិក គ.ជ.ប ថ្មី​នឹង​មិន​មាន​អារម្មណ៍​ទុក​ចិត្ត​ថា សាធារណ​ជន​ទុក​ចិត្ត​ពួកគេ​ទេ»។
ក្រុម​ការងារ​ស្តីពី​កំណែ​ទម្រង់​ពី​គណបក្ស​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ម្សិល​មិញ​ដើម្បី​ព្យាយាម​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​ស្តីពី គ.ជ.ប ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ឯកភាព​គ្នា​លើ​ចំណុច​ចំនួន​បី។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទិ្ធ។
លោក យ៉ែម បុញ្ញឫទ្ធិ បន្ត​ថា បញ្ហា​ទាំង​បី​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ជ្រើស​រើស​សមាជិក គ.ជ.ប អំពី​ថា តើ​នរណា​នឹង​ជា​អគ្គ​លេខាធិការ​និង​អគ្គ​លេខាធិការ​រង​របស់ គ.ជ.ប និង​ពិធី​សារ​ស្តីពី​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត ដូច​ជា​វិធាន​ស្តីពី​កូរ៉ុម។
លោក បុញ្ញឫទ្ធិ បន្ត​ថា សន្និសីទ​ថ្នាក់​ជាតិ​ជាមួយ​សង្គម​ស៊ីវិល​និង​សាធារណ​ជន​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ពេល​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​បញ្ចប់។
លោក​បន្ថែម​ថា គ.ជ.ប ឥឡូវ​នេះ​នឹង​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ទាំង​ស្រុង រួម​ទាំង​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ខណៈ​ក្រុម​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​សុំ​ឲ្យ​មាន​ដូច្នេះ។
ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​តំណាង​រាស្រ្ត សេក ប៊ុនហុក បាន​អះអាង​ថា កិច្ច​ប្រជុំ​កាល​ម្សិល​មិញ​បរាជ័យ​មិន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​ទាំង​ស្រុង​ទេ។
លោក សេក ប៊ុនហុក បាន​បន្ត​ថា៖ «យើង​ឯកភាព​គ្នា​លើ​ខ្លឹមសារ ប៉ុន្តែ​មិន​ឯកភាព​គ្នា​លើ​ពាក្យ​ពេចន៍​មួយ​ចំនួន។ នេះ​មិន​មែន​ជា​បញ្ហា​ធំ​ទេ»៕