មន្ត្រី​បន្តឹង​ការ​ត្រួត​ពិនិត្យ​បន្លែ​ពី​វៀតណាម

10/14/2014 0 Comments A+ a-

20141014_11ភ្នំពេញៈ មន្រ្តី​ជំនាញ​បាន​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​លើ​បន្លែ​នាំ​ចូល​ពី ប្រទេស​វៀតណាម តាម​ប៉ុស្ដិ៍​ត្រួត​ពិនិត្យ​អន្តរជាតិ​ជាប់​ព្រំដែន​វៀតណាម បន្ទាប់​សហភាព​អឺរ៉ុប (EU) ប្រកាស​ពី​ការ​រក​ឃើញ​បាក់តេរី​ដែល​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​មាន​នៅ​ក្នុង​បន្លែ​របស់​វៀតណាម មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​នាំ​ចូល​ទៅ​កាន់ EU។
មន្ដ្រី​មួយ​រូប​មក​ពី​នាយកដ្ឋាន​កាំកុង​ត្រូល​ដែល​ស្នើ​មិន​ប្រាប់​ឈ្មោះ​ដោយ​សារ​តែ​មិន​មាន​សិទ្ធិ​និយាយ​មក​កាន់​សារ​ព័ត៌មាន​បាន​ឲ្យ ភ្នំពេញ ប៉ុស្ដិ៍ ដឹង​ថា នាយកដ្ឋាន​នៅ​មិន​ទាន់​រក​ឃើញ​ករណី​ដែល​លើក​ឡើង​ដោយ EU ពាក់​ព័ន្ធ​នឹង​បន្លែ​ដែល​ត្រូវ​បាន​នាំ​ចូល​កម្ពុជា​ពី ប្រទេស​វៀតណាម នោះ​ទេ ចាប់​តាំង​ពី​ទទួល​បាន​ព័ត៌មាន​កាល​ពី​ដើម​សប្ដាហ៍​មុន ហើយ​ថា នាយកដ្ឋាន​នេះ​កំពុង​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ និង​កំពុង​ពង្រឹង​ការ​ត្រួត​ពិនិត្យ​នៅ​គ្រប់​ប៉ុស្ដិ៍​ត្រួត​ពិនិត្យ​អន្តរជាតិ​នៅ​ក្នុង​ខេត្ត​ជាប់​នៅ​ព្រំប្រទល់​វៀតណាម។
លោក​ថ្លែង​ថា៖ «បន្ទាប់​ពី​ការ​ទទួល​បាន​ព័ត៌មាន​ពី EU យើង​បាន​បន្ថែម​មន្ត្រី​ជំនាញ​នៅ​ប៉ុស្ដិ៍​ត្រួត​ពិនិត្យ​អន្តរជាតិ​ទាំង​អស់​នៅ​ព្រំ​ប្រទល់​កម្ពុជា​និង​វៀតណាម ដើម្បី​បន្ថែម​ការ​ត្រួត​ពិនិត្យ​លើ​បន្លែ​ដែល​ត្រូវ​នាំ​ចូល​ពី ប្រទេស​វៀតណាម លើ​របៀប​វេច​ខ្ចប់​បន្លែ​ការ​ដឹក​ជញ្ជូន និង​សីតុណ្ហភាព ហើយ​បើ​បាន​រក​ឃើញ​ចាំបាច់​គំរូ​មួយ​ចំនួន​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍​សម្រាប់​ធ្វើ​តេស្ដ»។
មន្ដ្រី​ជំនាញ​រូប​នេះ​ពន្យល់​ថា បាក់តេរី​ដែល​មាន​នៅ​ក្នុង​ចំណី​អាហារ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​នេះ​ដូច​ជា បង្ក​ឲ្យ​ពុល​អាហារ ក្អួត រាក ហើយ​ជួន​កាល​រហូត​ដល់​ស្លាប់​បើ​មិន​ព្យាបាល​បាន​ទាន់​ពេល​វេលា​ទេ​នោះ។
លោក​ថ្លែង​បន្ត​ថា នាយកដ្ឋាន​នេះ​កំពុង​ធ្វើ​ការ​ដើម្បី​ទប់​ស្កាត់​ករណី​ធ្ងន់​ធ្ងរ​ដែល​អាច​កើត​ឡើង ប៉ុន្តែ​ក៏​បាន​រំឭក​ដល់​អ្នក​បរិភោគ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ចំពោះ​អនាម័យ​ក្នុង​ការ​ចម្អិន​បន្លែ​ដែល​ពួក​គេ​បាន​ទិញ​ពី​តាម​ទីផ្សារ។
តួលេខ​មិន​ផ្លូវ​ការ​បង្ហាញ​ថា បន្លែ​ជាង ២០០ តោន​មក​ពី ប្រទេស​វៀតណាម ត្រូវ​បាន​នាំ​ចូល​មក​កម្ពុជា​ក្នុង​មួយ​ថ្ងៃៗ។
លោក យ៉ង សាំងកុមារ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​ខាង​វិស័យ​កសិកម្ម​កម្ពុជា បាន​ថ្លែង​ថា កង្វះ​អ្នក​ដាំ​បន្លែ​ក្នុង​ស្រុក​បាន​ធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​ពឹង​លើ​បន្លែ​នាំ​ចូល​ដែល​ភាគ​ច្រើន​ប្រឈម​នឹង​ការ​ផ្ទុក​សារធាតុ​គីមី​ពី​ថ្នាំ​ពុល​សត្វ​ចង្រៃ និង​ការ​ប្រើ​ប្រាស់​ជី​គីមី។
លោក​ថ្លែង​ថា៖ «ដោយ​សារ​យើង​មិន​មាន​អ្នក​ដាំ​ដុះ​ក្នុង​ស្រុក​គ្រប់​គ្រាន់។ យើង​នាំ​ចូល​ភាគ​បន្លែ​ភាគ​ច្រើន​ដែល​យើង​មិន​អាច​ផលិត​បាន​ក្នុង​ស្រុក។ យើង​ត្រូវ​តែ​ប្រយ័ត្ន​លើ​បញ្ហា​នេះ ជា​ពិសេស​នាយកដ្ឋាន​កាំកុងត្រូល​គួរ​តែ​បង្កើន​ការ​ត្រួត​ពិនិត្យ​ទ្វេ​ដង​លើ​បន្លែ​នាំ​ចូល»។
លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​តែ​អនុម័ត​គោល​នយោបាយ​ថ្នាក់​ជាតិ​ក្នុង​ការ​លើក​ទឹក​ចិត្ត​កសិករ​ឲ្យ​បាន​ច្រើន​ដើម្បី​ចាប់​ផ្ដើម​ការ​ដាំដុះ​បន្លែ​ឲ្យ​បាន​តាម​តម្រូវ​ការ​ក្នុង​ស្រុក ដើម្បី​បញ្ឈប់​ការ​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិត​ខាង។
យោង​តាម​ព័ត៌មាន​របស់​វៀតណាម គណៈកម្មការ​ត្រួត​ពិនិត្យ​សុខភាព​និង​អ្នក​ប្រើ​ប្រាស់​នៃ​សហភាព​អឺរ៉ុប (DGSANCO) កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​បាន​ចេញ​ការ​ប្រកាស​មួយ​ដល់​ក្រុមហ៊ុន​នាំ​ចេញ​បន្លែ​របស់​វៀតណាម​បន្ទាប់​ពី​ការ​នាំ​ចេញ ៣ ដង​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​បាក់តេរី​បង្ក​គ្រោះ​ថ្នាក់។
ក្រោយ​ការ​ទទួល​បាន​ការ​ព្រមាន​របស់ DGSANCO នាយកដ្ឋាន​ដំណាំ​ស្ថិត​ក្រោម​ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម បាន​សម្រេច​ចិត្ត​បញ្ឈប់​ការ​នាំ​ចេញ​បន្លែ ៥ ប្រភេទ​ថ្មីៗ​ទៅ EU រួម​មាន ជីរ​នាង​វង់ ម្ទេស​ក្រហម ម្រះ បន្លែ ឃិនឆាយ និង​ជីរ​វ៉ាន់ស៊ុយ រហូត​ចុង​ឆ្នាំ​ក្រោយ៕