ស្ត្រីដែលអះអាងថាខ្លួនកើតមកបានពងនិងចិញ្ចៀនព្រមរើសម្ភារៈចេញពីវត្ត ទាំងក្តីមួហ្មង
ជុំវិញការប្រជុំខាងលើនេះ ព្រះសង្ឃព្រះនាម យ៉ង់ វណ្ណាន ដែលគង់ក្នុងវត្តព្រះឥន្ទកោសី ( វត្តមានលោកតែមួយអង្គនេះ) បានមានសង្ឃដិកា សុំឱ្យញោមស្រី ជា អ៊ីត បានស្នាក់នៅក្រោយវត្តនេះវិញ ដែលពេលនេះកំពុងធ្វើផ្ទះមួយខ្នងអោយស្នាក់នៅហើយ។ អស់លោកជាមន្ត្រីធម្មការ ជាអាជ្ញាធរស្រុក នៅឆ្ងាយមិនដឹងទេ តែអាត្មា នៅទីនេះជាប់ជាមួយប្រជាពលរដ្ឋ គឺបានដឹងច្បាស់ណាស់ ពីអ្វីដែលជាសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយអស់លោកមកថាដេញ គឺដេញភ្លាម អញ្ចឹងគ្នារកកន្លែងម៉េចទាន់ ម្យ៉ាងវិញទៀតក្នុងច្បាប់ព្រះពុទ្ធសាសនាក៏មិនបានហាមឃាត់មិនឱ្យបុគ្គលណាមានជំនឿអរូបិយបែបនេះដែរ។
លោក ថាន់ សារុំ អភិបាលរងស្រុកបរិបូរណ៏ បាននិយាយថា មិនមែនគេមិនឱ្យជឿនោះទេ ជឿអីក៏ជឿចុះ តែសុំឱ្យស្ត្រីរូបនោះចាកចេញពីវត្ត ព្រោះវត្តជាកន្លែងសម្រាប់ពុទ្ធបរិស័ទមកគោរពបូជាព្រះពុទ្ធសាសនា ហើយរឿងថា សុំឱ្យគាត់នៅក្រោយវត្តក៏មិនបានដែរ ព្រោះឆ្ងាយតែពីសាលាឆាន់ ដែលគាត់កំពុងស្នាក់នៅប្រហែល៥០ម៉ែត្រប៉ុណ្ណោះ ដូចជាដូចទេ បើបានចេញហើយសុំឱ្យគាត់ទៅស្នាក់នៅទីណាដែលឆ្ងាយពីវត្ត ឬបើមិនអញ្ចឹងទៅផ្ទះគាត់ក៏ល្អដែរ។ ហើយបើមិនចេញតាមការអញ្ជើញ របស់អាជ្ញាធរទេនោះ អាជ្ញាធរស្រុក និងខេត្តនឹងមានវិធានការតាមផ្លូវច្បាប់ជាមិនខាន។
ដោយសារមិនអាចប្រឆាំងនឹងអាជ្ញាធរបាន នៅព្រឹកថ្ងែទី១៩ ខែតុលានេះ គេឃើញស្ត្រីរូបនោះ បានព្រមរើសម្ភារៈរបស់ខ្លួនវិលត្រឡប់ទៅលំនៅឋានវិញទាំងក្តីមួហ្មង និងសោកស្តាយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ ដែលជាថ្ងៃចេញព្រះវស្សា មានស្ត្រីម្នាក់ឈ្មោះ ជា អ៊ីត អាយុ ៤២ឆ្នាំ រស់នៅចម្ងាយជាង១គីឡូម៉ែត្រពីវត្តខាងលើ រួមនឹងមនុស្សមួយក្រុមទៀត បានធ្វើអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនាំគ្នា ទៅចោមរោមមើលពង ១គ្រាប់ និងចិញ្ចៀន ២វង់ ដែលពួកគេអះអាងថា ប្រសូត្រចេញពីផ្ទៃរបស់ស្ត្រីជាអ៊ីតនោះ។ កាលនោះ ប្រជាពលរដ្ឋភាគច្រើន ដែលបានឃើញ មិនបានជឿឡើយ ដោយពួកគេនិយាយថា សកម្មភាពនេះ ជាការបោកប្រាស់។ តែក៏មានមនុស្សមួយចំនួនបានជឿ និងជួយនិយាយបំប៉ោងលើសពីការពិតផងដែរ៕
ប្រភពពី Free Press Magazine