របួសធ្ងន់ស្រាល ៧នាក់ ដោយសាររថយន្តបុករថយន្ត ធ្លាក់ចូលប្រឡាយ
មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា មុនពេលកើតហេតុ សាក្សីបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយពីរគ្រឿង មួយគ្រឿង ពណ៌ស សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ ៣B-៨៦១៧ បើកបរក្នុង ទិសដៅពី កើតទៅ លិច លុះដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្ត១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ២Z-០៨៣៣ ដែលបើកបរក្នុងទិសដៅស្របគ្នា ហើយរថយន្តដឹកមាន់ក៍ជ្រុលធ្លាក់ចូកក្នុងប្រឡាយខាងជើងថ្នល់ជាតិ។ ចំណែករថយន្តធំសណ្ដោងររ៉ឺម៉ក ជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាកស្មាស់រ៉េវ៉ូ់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១Q-៣២៥២ ធ្លាក់ចូលប្រឡាយទឹកដែរ បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសផងដែរ។
ប្រភពដដែលបានបន្តថា អ្នកបើកបររថយន្ត ពាក់ស្លាកលេខ ភ្នំពេញ២Z-០៨៣៣ ឈ្មោះសុខ ព្រិច ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល (របួសធ្ងន់) រួមដំណើជាមួយ ឈ្មោះប្រុស តើ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅជាមួយគ្នា រងរបួសបាក់ដៃឆ្វេង (មុខរបរជាកម្មករដឹកមាន់)។ ចំណែកអ្នកបើកបររថយន្ត ពាក់ស្លាកលេខ ភ្នំពេញ ៣B-៨៦១៧ មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។
ដោយឡែកម្ចាស់ម៉ូតូស្មាស់ បើកបរដោយឈ្មោះសុខ រ័ត្ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិកររស់នៅភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(របួសធ្ងន់)ឌុបឈ្មោះសឿន ឈិនភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាមុខរបរកម្មករ បានរបួសស្រាល។
ប្រភពដដែលបានបន្តទៀតថា ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបររថយន្តពាក់ស្លាកលេខ ភ្នំពេញ ៣B-៨៦១៧ បានគេចខ្លួនបាត់ ដោយបន្សល់ទុក ០២គ្រឿងនិងម៉ូតូ០១គ្រឿង ព្រមទាំងជនរងគ្រោះនៅកន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ហៅរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ចំណែកមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកអង្គស្នួលធ្វើការវាស់វែង នាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕
ប្រភពពី Free Press Magazine