«បញ្ច្រកថ្នាំញៀនរួចរំលោភបូក» ព្រោះស្គាល់គ្នាតាមបណ្ដាញសង្គម
ស្ត្រីជាតិញ៉ូហ្សេឡេនមួយរូប ត្រូវបានបញ្ច្រកថ្នាំញៀន បន្ទាប់មកនាងត្រូវបានរំលោភ ដោយមនុស្សប្រុសជាច្រើននាក់ នៅក្នុងចុងសប្ដាហ៍កន្លងទៅនេះ ក្នុងទីក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី។ មនុស្សម្នាក់ពីចំណោមនោះ ត្រូវបានស្ត្រីរងគ្រោះស្គាល់ ពីក្នុងបណ្ដាសង្គម តីនដ័រ (Tinder)។
រូបជំនួស បង្ហាញពីយុវតីគេងផ្ទាល់ដី ដ៏សោកសៅ។ (រូបថតឯកសារ)
នៅយប់ថ្ងៃសៅរ៍ យុវតីវ័យ២៨ឆ្នាំ បានណាត់ជួបជាមួយបុរសម្នាក់ ដែលនាងបានស្គាល់ក្នុងបណ្ដាញសង្គម តាមរយៈកម្មវិធីក្នុងទូរស័ព្ទដៃមួយ ដែលគេអាចកំណត់ ពីកន្លែងនៃការណាត់ជួបដោយងាយ។ ការមកជួបគ្នាដំបូងនោះ នាងបានចាប់ផ្ដើមធ្វើឡើង នៅក្នុងភោជនីយដ្ឋាន Kings Cross តែរវាងនាង និងជននោះប៉ុណ្ណោះ។ ប៉ុន្តែក្រោយមកអ្នកទាំងពីរ បានចេញពីភោជនីយដ្ឋាន ហើយបានចូលទៅផឹកស៊ីម្ដងវិញ នៅកន្លែងដ៏ល្បីឈ្មោះមួយ។
គឺនៅទីនោះហើយ ដែលពួកគេទាំងពីរ បានជួបជាមួយនឹងមនុស្សជាច្រើនទៀត ហើយបន្ទាប់មកយុវតីចាប់ផ្ដើមប្ដូរអារម្មណ៍។ នៅក្នុងពាក្យបណ្ដឹងប្ដឹងទៅនគរបាលក្រុងស៊ីដនី យុវតីរងគ្រោះបានសរសេរថា ពួកគេបានដាក់ថ្នាំញៀន ទៅក្នុងកែវរបស់នាង ដើម្បីឲ្យនាងញៀន និងលែងដឹងខ្លួនពីពេលនោះមក។ នៅព្រឹកស្អែកឡើង នាងបានដឹងខ្លួននៅក្នុងផ្ទះមួយដែលនាងមិនស្គាល់ ទីកន្លែងដែលរូបនាងត្រូវបានរំលោភ ដោយក្រុមព្រានប្រមាញ់ផ្លូវភេទទាំងនោះ។
យុវតីរងគ្រោះ បានរៀបរាប់រឿងដ៏ក្ដុកក្ដួលនេះ ប្រាប់ទៅមិត្តជិតស្និតរបស់នាង មុននឹងសម្រេចចិត្តប្ដឹងមកនគរបាល ដើម្បីអាចប្រាកដក្នុងចិត្តថា តើអាជ្ញាធរនឹងអាចរកមុខក្រុមព្រានទាំងនោះ មកផ្ដន្ទាទោសបានឬយ៉ាងណា។ ចំណែកនាងខ្លួនឯង បន្ទាប់ពីបាននៅសម្រាកក្នុងមន្ទីរពេទ្យក្រុមស៊ីដនី អស់រយៈពេលមួយថ្ងៃនោះមក នាងបានត្រឡប់ទៅប្រទេសញ៉ូហ្សេឡេនវិញ ជាមួយក្ដីសង្ឃឹមថា របួសនៅលើរាងកាយ នឹងអាចជាសះស្បើយ៕
