ពហុ​កីឡា​ដ្ឋាន​ដែល​ល្អ​ជាង​គេ​ក្នុង​ពិភព​លោក នៅ​ឯ​ណា?

10/20/2014 0 Comments A+ a-

កីឡាដ្ឋាន មជ្ឈមណ្ឌលកំសាន្ដទឹក សារមន្ទីរ មជ្ឈមណ្ឌលពាណិជ្ជកម្ម ... ត្រូវបានដាក់បញ្ចូល​ ទៅ​ក្នុង​ពហុ​កីឡាដ្ឋាន​ដ៏​ធំ​មួយ​ឈ្មោះ Singapore Sports Hub របស់ប្រទេសស៊ាំងហ្គាពួរ​ ហើយវាបានក្លាយជាពហុកីឡាដ្ឋាន ដែលពិសេសជាងគេ សម្រាប់​អ្នក​ស្នេហា​វិស័យ​សិល្បៈ និង​ជា​កីឡាដ្ឋាន​ដែល​ល្អ​ជាង​គេ ក្នុងពិភពលោក។
ពហុ​កីឡា​ដ្ឋាន​ដែល​ល្អ​ជាង​គេ​ក្នុង​ពិភព​លោក នៅ​ឯ​ណា?
ពហុកីឡាដ្ឋាន Singapore Sports Hub របស់ប្រទេសស៊ាំងហ្គាពួរ។ (រូបថតឯកសារ)

ដាក់សម្ពោធកាល​ខែ​មិថុនា​កន្លង​ទៅ ពហុកីឡា​ដ្ឋាន​នេះ​ទើប​នឹង​ត្រូវ​បាន​ជាប់​ជា មជ្ឈមណ្ឌល​​កីឡា​ប្រចាំ​ឆ្នាំ​២០១៤ របស់​មហោស្រព​អន្តរជាតិ​មួយ ដែល​ឆ្នាំ​នេះ​រៀបចំ​ធ្វើ​ក្នុង​ប្រទេស​ស៊ាំងហ្គាពួរ ស្ដី​ពី​ស្ថាបត្យកម្ម​ពិភពលោក (World Architecture Festival)។
ជាគម្រោងស្ថាបត្យកម្មមួយ ដែល​មាន​ទំហំ​ធំ​ហួស​ពី​ការ​ស្មាន សង់​នៅ​លើ​ផ្ទៃ​​ដី​​មួយ ដែល​មិន​ជា​ធំ​ប៉ុន្មាន។ ពហុ​​កីឡា​ដ្ឋាន​ដែល​ទទួល​បាន​ទស្សនិកជន​ប្រមាណ​ជា ៥,៥ម៉ឺន​កៅអី​នេះ មាន​រាប់​បញ្ចូល​ទាំង មជ្ឈមណ្ឌល​កំសាន្ដ​​ទឹក ដែល​ទទួល​មនុស្ស​បាន​៦ពាន់​នាក់ សាល​កីឡា​ចម្រុះ​សម្រាប់​ទស្សនិកជន​៣ពាន់​កៅអី សារមន្ទីរ​ស្ដី​​​ពី​​កីឡា​មួយ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ និង​ទី​កន្លែង​សម្រាប់​អ្នក​ស្នេហា​កីឡា​ជា​ច្រើន​ទៀត (តឺនីស ជិះ​កង់...)។ ពហុ​កីឡា​ដ្ឋាន​នេះ ក៏​មាន​កន្លែង​សម្រាប់​ហាត់​ប្រាណ ថែ​រក្សា​រាង​កាយ​ដែរ ហើយ​ថែម​ទាំង​បើក​ទ្វា​២៤ម៉ោង ពេញ​ទាំង​​៧ថ្ងៃ។
កីឡាដ្ឋានដែលធំជាងគេ និងអាចទទួលបានមកប្រកួត នូវកីឡាសឹងតែគ្រប់វិញ្ញាសារនោះ មានដំបូល​ដែល​អាចបើកបិតបាន ហើយមានបំពាក់ដោយម៉ាស៊ីនត្រជាក់ថែមទៀត។ ទស្សិកជនដែលចូលទៅអង្គុយ នៅក្នុង​ពហុកីឡាដ្ឋាននេះ អាចឆ្លៀតឱកាសអាចមើលទៅសមុទ្រ ដ៏ធំល្វឹងល្វើយ បូកបន្ថែមដោយសួនច្បារ សម្រាប់​ដើរកំសាន្ដ ដែលមានដំបូលសម្រាប់បង្កា នៅពេលណាមានភ្លៀង និងកម្ដៅព្រះអាទិត្យខ្លាំង។
ប្រសិនបើពហុកីឡាដ្ឋាន មានបំពាក់ដោយម៉ាស៊ីនត្រជាក់នោះ តែវាបានប្រើប្រាស់ថាមពលតែ៦០%ប៉ុណ្ណោះ ដើម្បីគោរពទៅដល់បរិបទបរិស្ថាន។ ដើម្បីសម្រេចគោលការណ៍នេះបាន ពហុកីឡាមានបន្ថែម​នៅពីលើ​ដំបូល​របស់ខ្លួន នូវផ្ទាំងសូឡា សម្រាប់ស្រូបយកពន្លឺព្រះអាទិត្យ ហើយបំផ្លែងទៅថាមពលអគ្គិសនី៕