ប៉ែន សុវណ្ណ ធ្លាក់ពីនាយករដ្ឋមន្ត្រី ជាប់គុកជាង ១០ឆ្នាំ ព្រោះតែនយោបាយប្រឆាំងនឹងយួន
អង្គុយក្នុងបន្ទប់ធ្វើការផ្ទាល់ខ្លួនក្នុងរដ្ឋសភាជាលើកដំបូង ក្រោយពីជាប់គាំងផ្នែកនយោបាយក្នុង ការបោះឆ្នោត កាលពី ខែកក្កដា ឆ្នាំ២០១៣ លោក ប៉ែន សុវណ្ណ ដែលជាអតីតនាយករដ្ឋមន្ត្រីដំបូងក្រោយការដួលរលំរបបខ្មែរក្រហម បានថ្លែងថា លោកធ្លាប់ជាប់គុកនយោបាយ ១០ឆ្នាំ ៥២ថ្ងៃ នៅ ស្រុកយួន ដោយសារតែនយោបាយប្រឆាំងនឹងយួន។
លោក ប៉ែន សុវណ្ណ បានធ្វើជានាយករដ្ឋមន្ត្រី ក្នុង ឆ្នាំ១៩៧៩ រហូតដល់ ឆ្នាំ១៩៨២ ដែលតែងតាំងដោយមហាសន្និបាតបក្សប្រជាជនកម្ពុជា។ នេះបើយោងទៅតាមការរៀបរាប់របស់លោកផ្ទាល់ក្នុងពេលថ្មីៗកន្លងទៅនេះ។
សកម្មភាព លោក ប៉ែន សុវណ្ណ កាលពីលោកនៅជានាយករដ្ឋមន្ត្រី នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងអំឡុង ឆ្នាំ១៩៧៩-១៩៨២ ក្រោយរបបខ្មែរក្រហមដួលរលំ។ រូបថត ឯកសារ
លោកមានប្រសាសន៍ថា៖ «ខ្ញុំត្រូវបានចាប់ខ្លួនដោយសារតែការបដិសេធសំណើ ដែលសុំឲ្យជនជាតិយួនស្នាក់នៅចំនួនពី ៣០០០ ទៅ ៥០០០ នាក់នៅតាមខេត្តខ្មែរនីមួយៗ និងសុំកាត់ដីខ្មែរ តែខ្ញុំមិនឲ្យ ហើយក៏បានបដិសេធគម្រោងការបង្កើតការដ្ឋាន ក.៥ ដែលខ្ញុំគិតថា វាជានយោបាយយកខ្មែរទៅសម្លាប់។ ខ្មែរបម្រើយួនគេចាប់ខ្លួនខ្ញុំ (លោកបដិសេធមិននិយាយចំឈ្មោះដោយហេតុផលនយោបាយបង្រួបបង្រួមជាតិនាពេលបច្ចុប្បន្ន ប៉ុន្តែពីមុនលោកធ្លាប់និយាយជាចំហថា លោក ហ៊ុន សែន) នៅថ្ងៃ ទី២ ខែធ្នូ ឆ្នាំ១៩៨១ គេមកចាប់ខ្ញុំក្នុងផ្ទះនៅភ្នំពេញ។ ខ្ញុំមិនតក់ស្លុតទេក្នុងពេលនោះព្រោះខ្ញុំដឹងខ្លួនជាមុនថា គ្មានលទ្ធផលល្អទេ ក្នុងការប្រឆាំងនយោបាយយួន។ គេដាក់ខ្នោះនិងចងមុខដឹកខ្ញុំទៅដាក់គុកនៅយួន ដោយសារតែខ្លាចមានអ្នកបះបោរ បើសិនដាក់គុកខ្ញុំក្នុងស្រុកខ្មែរ។ នៅក្នុងគុក គេមិនបានធ្វើបាបទេ តែគេយកភ្លើងហ្វាមកបញ្ចាំងដាក់មុខខ្ញុំរហូត ដើម្បីឲ្យឆ្កួតវង្វេងហើយមានបញ្ហាសរសៃប្រសាទ ហើយនៅរដូវភ្លៀងគេចោះដំបូលគុកសម្រក់ទឹកដាក់។ ក្នុងគុកមួយថ្ងៃគេឲ្យស៊ីពងទាមួយគ្រាប់ ហើយខ្ញុំក៏មិនដែលជឿខ្លួនឯងថា និងអាចរស់បានដល់ថ្ងៃនេះដែរ ពីព្រោះគេមានបំណងដាក់គុកខ្ញុំអស់មួយជីវិត»។
លោកអាក់បន្តិចរួចបន្តថា៖ «ដោយមានកិច្ចព្រមព្រៀង ទីក្រុងប៉ារីស នាថ្ងៃ ទី២៣ ខែតុលា ឆ្នាំ១៩៩១ និងមានការទាមទារពីសហគមន៍អន្តរជាតិ ខ្ញុំត្រូវគេដោះលែងនៅថ្ងៃ ទី២៥ ខែ២ (កុម្ភៈ) ឆ្នាំ១៩៩២ ហើយគេបញ្ជូនមកព្រៃនគរ ហើយខ្ញុំក៏ជិះឡានមកភ្នំពេញ។ តែពេលមកដល់គេមិនឲ្យនៅភ្នំពេញ ទើបគេបញ្ជូនទៅនៅ ខេត្តតាកែវ ធ្វើកសិកម្មលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមជីវិត តាំងពី ឆ្នាំ១៩៩២ រហូតដល់ ឆ្នាំ១៩៩៣។
លោក ប៉ែន សុវណ្ណ និយាយបន្តទៀតថា លោកបានបង្កើតគណបក្សនយោបាយមួយឈ្មោះ «គណបក្សទ្រទ្រង់ជាតិកម្ពុជា» ដើម្បីចូលរួមការបោះឆ្នោត ដែលរៀបចំដោយ អ៊ុនតាក់ តែមិនបានជាប់ទេ។ ដោយមានការបន្លែបន្លំច្រើនពេក ទើបលោកធ្វើពហិការមិនចូលរួមការបោះឆ្នោតនាពេលបន្តបន្ទាប់ក្រោយមកទៀតទេ។
នៅ ខែ៧ (កក្កដា) ឆ្នាំ២០០៧ លោកបានចូលរួមជាមួយគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា នាពេលនោះ។ ក្រោយមកក៏បានចូលរួមជាមួយគណបក្សសង្គ្រោះជាតិ នៅ ឆ្នាំ២០០៨។ ដោយសារតែលោកមានឈ្មោះល្បី គណបក្សកាន់អំណាចតែងតែរារាំងសព្វបែបយ៉ាងក្នុងសកម្មភាពនយោបាយរបស់គណបក្សសង្គ្រោះជាតិ។
លោក ប៉ែន សុវណ្ណ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយពេលដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សម្រេចទទួលយកអាសនៈក្នុងរដ្ឋសភា បន្ទាប់ពីមានការសម្របសម្រួលនយោបាយ។ ហុង មិនា
លោក ប៉ែន សុវណ្ណ គូសបញ្ជាក់ថា៖ «ក្នុងការងារនយោបាយ ខ្ញុំតាំងចិត្តស្មោះត្រង់ជាមួយនឹងប្រជាពលរដ្ឋ ព្រោះខ្ញុំបានជាប់ឆ្នោតជាតំណាងរាស្ត្រនៅ ខេត្តកំពង់ស្ពឺ»។
ថ្លែងពីជីវិតតាំងពីកុមារភាពរហូតបានចូលប្រឡូកក្នុងចលនាតស៊ូជាច្រើនឆ្នាំប្រឆាំងនឹងអាណានិគមបារាំងនិងខ្មែរក្រហមលោក ប៉ែន សុវណ្ណ រៀបរាប់ថា លោកកើតនៅថ្ងៃ ទី១៥ ខែមេសា ឆ្នាំ១៩៣៦ នៅក្នុង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកបានចូលរួមក្នុងចលនាតស៊ូសង្គ្រោះជាតិ នៅថ្ងៃ ទី៣ ខែកុម្ភៈ ឆ្នាំ១៩៥០ នៅក្នុងភូមិភាគនិរតីទិស ដែលផ្តើមពីការតស៊ូប្រឆាំងនឹងអាណានិគមបារាំង។
លោកបន្តថា ពេលអាយុ ១៦ឆ្នាំ លោកបានឈប់រៀន ហើយមកចូលរួមក្នុងចលនាខ្មែរតស៊ូក្រោមការដឹកនាំរបស់ តាម៉ុក ពេលនោះជានិរសារលេខាអង្គរក្សរបស់គាត់។ ដោយសារការឈឺចាប់នឹងការគាបសង្កត់និងការជិះជាន់របស់អាណានិគមបារាំង ហើយចលនានេះមានការខ្វះខាតទាំងស្រុង បាយទឹក ម្ហូបអាហារ ដោយបារាំងមកឈរនៅតំបន់យើង ហើយយើងប្រយុទ្ធគ្នាដើម្បីរស់ គឺប្រទាញប្រទង់គ្នាដើម្បីគ្រប់គ្រងសេដ្ឋកិច្ច។
លោកនិយាយទៀតថា លោកបានចាប់ផ្ដើមតស៊ូនៅក្នុងចលនាប្រជាជន នៅក្នុង ខេត្តកំពត តាកែវនិងកំពង់ស្ពឺ ហើយក្នុងអំឡុង ឆ្នាំ១៩៥២ ធ្លាប់ត្រូវគ្រាប់កាំភ្លើងចំជើងខាងឆ្វេងស្ទើរតែបាក់ ហើយនៅក្នុងចលនាការតស៊ូរហូតដល់ថ្ងៃ ទី២៧ ខែ៧ (កក្កដា) ឆ្នាំ១៩៥៤ ទើបបានបញ្ចប់។
លោក ប៉ែន សុវណ្ណ បន្តឲ្យដឹងទៀតថា ក្រោយពីបានឯករាជ្យ នៅក្នុងចលនាតស៊ូ គេឃើញលោកក្លាហានក៏ចាត់បញ្ជូនលោកឲ្យទៅរៀននៅស្រុកយួន វគ្គបណ្ដុះបណ្ដាលនាយទាហានក្នុង ឆ្នាំ១៩៥៥ ថ្ងៃ ទី៥ ខែ៣ (មីនា) រហូតដល់ ឆ្នាំ១៩៥៦ នៅយួនខាងជើង។ នៅក្នុងពេលនោះលោករៀនជំនាយផ្នែកបញ្ជាការដ្ឋានកងទ័ពទំនើបដល់ ១៩៦៤។ ក្រោយមកលោកបន្តការសិក្សានៅសាលាវិទ្យាស្ថានជាន់ខ្ពស់ផ្នែកនយោបាយ និងសេដ្ឋកិច្ច រហូតដល់ ឆ្នាំ១៩៦៨។
លោកបន្តថា ក្រោយមកក៏កើតរដ្ឋប្រហារថ្ងៃ ទី១៨ មីនា ឆ្នាំ១៩៧០ លោកបានចាកចេញពីស្រុកយួនដើម្បីមកតស៊ូក្នុងស្រុកខ្មែរ ដែលកាលនោះលោកស្ថិតនៅក្នុងអង្គការចាត់តាំងខ្មែរក្រហម។ ពេលនោះគេឲ្យលោកនៅខាងវិទ្យុរណសិរ្សរួបរួមជាតិកម្ពុជា ជាមួយនឹងលោក អៀង សារី (អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម កម្ពុជាប្រជាធិបតេយ្យ) ដែលមានសម្ដេចព្រះ នរោត្តម សីហនុ ជាព្រះប្រធានរណសិរ្ស។ ក្នុងតួនាទីនេះ លោកបានដឹកនាំវិទ្យុនិងផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងការប្រយុទ្ធនៅក្នុងសមរភូមិរបស់រណសិរ្សរួបរួមជាតិកម្ពុជា រហូតដល់ ឆ្នាំ១៩៧៤។
លោកថា ដោយសារបានដឹងថា អៀង សារី គិតចង់យកលោកទៅសម្លាប់ ទើបលោករត់គេចទៅ ស្រុកយួន ជ្រកកោននយោបាយនៅទីនោះ រហូតដល់ ឆ្នាំ១៩៧៨ ហើយដែល ឆ្នាំ១៩៧៨ នោះហើយ ដែលលោកផ្តើមបង្កើតឲ្យមានចលនាតស៊ូប្រឆាំងនឹងពួកខ្មែរក្រហម។
លោករំឭកថា ក្នុងការបង្កើតចលនាតស៊ូដើម្បីប្រឆាំងនឹងខ្មែរក្រហមនេះហើយ ដែលលោកបានជួបលោក ហ៊ុន សែន នៅ ខែកញ្ញា ឆ្នាំ១៩៧៨ និងជួបលោក ជា ស៊ីម នៅ ខែតុលា ឆ្នាំ១៩៧៨ ហើយនេះគឺជាអតីតកាលនយោបាយទេ គោលបំណងគឺប្រមូលផ្ដុំកម្លាំងដើម្បីប្រឆាំងនឹងខ្មែរក្រហម។
លោកបាននិយាយដែរថា៖ «ខ្ញុំតែងតាំង ហ៊ុន សែន ជាសមាជិករណសិរ្ស ទទួលបន្ទុកយុវជនដែលពេលនោះទ័ពខ្មែរមិនមានច្រើនទេ យើងបានទាក់ទងសុំយួនជួយ គេតែងតាំងខ្ញុំជាប្រធានចលនាកសាងកម្លាំងនយោបាយ បង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា រហូតដល់ថ្ងៃ ទី៧ មករា ១៩៧៩ បានរំដោះ»។
លោក ប៉ែន សុវណ្ណ ក្នុងសកម្មភាពចុះតាមមូលដ្ឋានជាមួយនឹងអនុប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា នាពេលកន្លងមក។ រូបថត សហការី
លោក ប៉ែន សុវណ្ណ បានឲ្យបន្តទៀតថា៖ «ឆ្នាំ១៩៧៩ ខែមករា (ខែ១ ឆ្នាំ១៩៧៩) បានបង្កើតរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ដឹកនាំនយោបាយ សេដ្ឋកិច្ច និងយោធា។ ពេលនោះវៀតណាម បង្ខំខ្ញុំឲ្យតែងតាំងលោក ហ៊ុន សែន ជារដ្ឋមន្ត្រីការបរទេស។ ខ្ញុំមិនចង់តែងតាំងគាត់ទេ ព្រោះគាត់នៅក្មេងពេក មិនមានបទពិសោធ ពិការភ្នែកនិងមិនមានចំណេះដឹងផ្នែកភាសា តែដោយមន្ត្រីជាន់ខ្ពស់យួនលោក ឡឺ ឌឹកថ តែងតាំង លោក ង៉ូ ឌៀន ជាទីប្រឹក្សារបស់លោក ហ៊ុន សែន ហើយខ្ញុំក៏មិនដឹងអ្វីខ្លះត្រូវបានគេបង្រៀនដល់លោក ហ៊ុន សែន ពេលនោះទេ។ រហូតដល់ ឆ្នាំ១៩៨១ វៀតណាម បានគាបសង្កត់ខ្ញុំឲ្យតែងតាំង លោក ហ៊ុន សែន ជាឧបនាយករដ្ឋមន្ត្រី។ លោក ហ៊ុន សែន ប្រឆាំងខ្ញុំមិនឲ្យចូលគណបក្សប្រជាជន ព្រោះតែខ្ញុំប្រឆាំងមិនឲ្យវៀតណាម មករស់នៅកម្ពុជា»។
លោកបន្តថា៖ «ក្រោយពីខ្ញុំត្រូវបានដោះលែង ខ្ញុំបានព្យាយាមទាក់ទងលោក ហ៊ុន សែន និងលោក ជា ស៊ីម តែពួកគាត់មិននិយាយរកទេ ដោយខ្ញុំមានទស្សនៈខុសពីគេ»។
ទោះបីជាពាក្យគ្រប់ម៉ាត់របស់លោកបានរៀបរាប់មកហាក់មិនពេញចិត្តនឹងយួនក៏ដោយ តែលោក ប៉ែន សុវណ្ណ បញ្ជាក់ថា លោកបានរៀបការប្រពន្ធយួន នៅ ក្រុងហាណូយ ហើយមានកូនប្រុសស្រីបីនាក់។ លោក ប៉ែន សុវណ្ណ បានរៀបការនៅថ្ងៃ ទី២៧ ខែ១១ (វិច្ឆិកា) ឆ្នាំ១៩៦៥ នៅហាណូយ និងមានកូនបីនាក់ (ស្រី ២) ដែលពួកគេមានអាយុ ៤០ ទៅ ៥០ ឆ្នាំជាងហើយ។
ការដែលលោកយកភរិយាជាតិយួននេះដោយសារកាលនោះលោកនៅជានិស្សិតយោធា ហើយមិនដឹងថា ពេលណាបានមកស្រុកវិញទេ ទើបត្រូវសម្រេចចិត្តរៀបការ តែរហូតមកទល់ពេលនេះបានលែងលះគ្នា ៣០ឆ្នាំ ជាងហើយ ហើយលោកក៏មិនរៀបការប្រពន្ធថ្មីទៀតដែរ។
លោកបានរៀននៅស្រុកយួនតាំងពី ឆ្នាំ១៩៥៥ រហូតដល់ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ១៩៧០។
អំពីស្ថានភាពសុខភាពលោកបច្ចុប្បន្ន លោកមានជំងឺស្ពឹកនិងខ្វះវីតាមីន D ហើយក៏ធ្លាប់ទៅព្យាបាលនៅ ប្រទេសអូស្ត្រាលី ដែរ តែមើលមិនជា។
ជុំវិញប្រវត្តិផ្ទាល់ខ្លួនខ្លះៗលោកប្រាប់ថា លោកកើតនៅក្នុងគ្រួសារកសិករក្រីក្រមួយ មានឪពុកនាម ប៉ែន ស៊ូ និងម្តាយនាម រស់ ស៊ុយ។ នៅក្នុង ឆ្នាំ១៩៤៩ លោកបានឈប់ពីការសិក្សាវប្បធម៌នៅស្រុកកំណើត។ លោកចូលរួមចំណែកក្នុងចលនាតស៊ូរបស់ខ្មែរឥស្សរៈ ដឹកនាំដោយលោកអាចារ្យ មៀន ហៅ សឺង ង៉ុកមិញ និងលោក ទូ សាមុត ដើម្បីវាយរំលំអាណានិគមនិយមបារាំង និងពួកសក្តិភូមិ ក្នុងន័យទាមទារឯករាជ្យ សេរីភាព។ តែទោះជាយ៉ាងណាលោកថា មានបងប្អូនខ្មែរយើងខ្លះគិតថា លោកមិនត្រូវបានគេចាប់ដាក់គុកនោះទេ ហើយថាលោករស់នៅដោយសុខស្រួលនៅស្រុកយួនអស់រយៈពេលជាងដប់ឆ្នាំនេះ។ «តែប្រវត្តិសាស្ត្រ គឺប្រវត្តិសាស្ត្រមិនអាចក្លែងបន្លំបានទេ ព្រោះខ្ញុំ ប៉ែន សុវណ្ណ ធ្វើអ្វីៗទាំងអស់គឺមិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេ»។
យោងតាមគេហទំព័របណ្ដាញសង្គមឈ្មោះ ប៉ែន សុវណ្ណ បានសរសេរថា ក្រោយថ្ងៃ ៧ មករា ១៩៧៩ មាស ១២ តោននិងពេជ្រ ២ គីឡូក្រាម ប្រាក់អាមេរិកចំនួន ៣៦ ម៉ឺនដុល្លារ ត្រូវយួនដឹកចេញពី ប្រទេសកម្ពជា ហើយលោកក៏បានសរសេរសៀវភៅមួយក្បាលស្តីអំពី «ជីវប្រវត្តិសង្ខេបនិងបុព្វហេតុជាតិមាតុភូមិកម្ពុជា»៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
