ស្ត្រីមេម៉ាយទិញអេតចាយដឹកកូនពិការមកពីខេត្តបាត់ដំបងឡើងតវ៉ាដីធ្លីនៅភ្នំពេញ
នៅក្នុងបរិវេណវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅម៉ោងជាង៩ព្រឹក ជាថ្ងៃមួយដែលពលរដ្ឋមានបញ្ហាដីធ្លីមិនចេញតវ៉ាដើរហែក្បួនដាក់ ញត្តិ អ្នកខ្លះជជែកគ្នារឿងអតីតកាលនៃទំនាស់ដីធ្លី អ្នកខ្លះជជែករឿង ត្រូវសមត្ថកិច្ចបង្ក្រាបពេលតវ៉ាជាដើម។ នៅក្បែរនោះដែរ អ្នកស្រី នាង ចាន់រើន ដែលមានបញ្ហាដីធ្លីដែរនោះ មិនបានឆ្លងឆ្លើយនឹងគេឡើយ ព្រោះអ្នកស្រីរវល់មើលថែកូនប្រុសអាយុសែសិបឆ្នាំប្លាយ ដែលឈឺពិការ សម្រាកងើបមិនរួចនៅក្នុងរទេះ តូចមួយដែលមានបណ្ដោយប្រវែង២ម៉ែត្រ ទទឹងកន្លះម៉ែត្រ ដោយមានដំបូលគ្របជ័រកៅស៊ូចាស់ៗ។ តាមពិតរទេះនេះ ជារទេះដឹកអីវ៉ាន់អេតចាយ ប៉ុន្តែ បានក្លាយជារទេះដឹកកូនប្រុសអ្នកស្រីវិញ៖ «តាមេភូមិចាស់ អតីតមេភូមិហ្នឹង ហើយភូមិឃុំហ្នឹង គាត់ឃុបឃិតគ្នាលក់ដីអត់មានមេដៃពីអ៊ំ (អ្នកស្រី នាង ចាន់រើន) ទេ ដល់ពេលហើយអ៊ំរកក្រដាសឃើញ ក្រដាសឯកសារដែលអ៊ំធ្វើប្លង់ទន់ជាមួយមេឃុំហ្នឹងណា គេអត់ទទួលធ្វើឲ្យអ៊ំទេ។ ទោះបីអ៊ំស្លាប់តាមផ្លូវ ក៏អ៊ំត្រូវតែមកឲ្យបានដែរ តាដែលរំលោភដីអ៊ំ បង្គាប់កូនក្រមុំឲ្យបញ្ជាអ៊ំធ្វើស្មៅខាងក្រោយធ្វើខាងមុខបញ្ជា ខាងមុខ អ៊ំឈឺចិត្តណាស់កូន(អ្នកសម្ភាសន៍»។
មានអាយុ៦១ឆ្នាំ អ្នកស្រី នាង ចាន់រើន ជាស្ត្រីមេម៉ាយប្ដីស្លាប់ដោយជំងឺ កាលពីឆ្នាំ២០០៨។ មួយឆ្នាំ ក្រោយមកកូនប្រុសតែម្នាក់របស់អ្នកស្រី ក៏ធ្លាក់ខ្លួនឈឺ ដេកនៅកន្ទេលងើបខ្លួនមិនរួច។ និយាយបណ្ដើរ និងកំពុងជួតសំអាតខ្លួនកូនប្រុស ដែលមានទឹកមុខស្លេកស្លាំងបណ្ដើរ អ្នកស្រី នាង ចាន់រើន រៀបរាប់ឲ្យដឹងថា អ្នកស្រី ត្រូវទទួលបន្ទុក គ្រប់គ្រងជីវភាពគ្រួសារផង និងត្រូវមើលថែកូនផង ប្រកបរបរជាអ្នកទិញអេតចាយ អ្នកស្រី អាចរកចំណូលបានពី១៥០០០៛ ទៅ២០០០០៛ ទូទាត់ថ្លៃដើមរួច។ ប៉ុន្តែប្រាក់ដែលរកបាននោះ ស្ទើរតែមិនអាចទប់ទល់ទៅនឹងការចំណាយ និងប្រាក់ទិញថ្នាំព្យាបាលកូនឡើយ៖ «មុខរបរអេតចាយឥឡូវកូនជ្រាប ស្រាប់ហើយ មិនមែនរកបានដូចពីដើមទេ ពីដើមរកបានចំណេញមួយជាបួន ឥឡូវចំណេញមួយហាសិបរៀល រស់គ្រាន់តែចិញ្ចឹមកូន ហើយវ័យយើងកាន់តែចាស់ណាកូន ៦១ឆ្នាំហើយ។ រើសផង និងទិញបានពេញមួយរទេះ បានពីរម៉ឺនៗ កូនជ្រាបហើយ ចង់ញ៉ាំសាច់គោក៏មិនហ៊ានដែរ ទុកសម្រាប់ទិញថ្នាំបន្ទន់លាមកឲ្យកូន ដូចជាផ្លែឈើ ផ្លែស្រកានាគ ផ្លែក្រូចអី សម្រាប់កូនញ៉ាំពេលព្រលឹមឡើង តែប៉ុណ្ណឹងឯង»។
អ្នកស្រី នាង ចាន់រើន ពោលទាំងទឹកមុខក្រៀមក្រំថា នៅឆ្នាំ២០០៩ អ្នកស្រីជួបប្រទះបញ្ហាដីធ្លី គឺត្រូវបានមេភូមិ លួចកាត់ដីអ្នកស្រីយកទៅលក់ឲ្យឈ្មួញជាជនជាតិចិនម្នាក់ ដីនោះមានទំហំ ប្រវែងទទឹង៥ម៉ែត្រ គុណនឹងបណ្ដោយ ៤៧ម៉ែត្រ នៅក្នុងភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ ដីនោះជាប្រភេទដីត្រូវប៉ាន់ ត្បិតអីនៅខាងមុខជាប់ផ្លូវលំនៅពីក្រោយជាប់ផ្លូវជាតិ។ អ្នកស្រីអះអាងថា ដីនោះបើលក់បានតម្លៃរាប់ពាន់ដុល្លារ។
នឹកដល់រឿងដី ទឹកភ្នែកអ្នកស្រីក៏ចាប់ផ្ដើមស្រក់ចុះ មានប្រសាសន៍ទាំងទឹកភ្នែកហូរប្រដេញ និងសំឡេងអួលដើមកថា អ្នកស្រីរស់នៅលើដីនោះ តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ដោយមានទាំង ក្ដារបេង និងស័ង្កសី នៅសម័យនោះជាសំអាងថែមទៀតផង។
បញ្ហាដីធ្លីនេះ បានធ្វើឲ្យអ្នកស្រី នាង ចាន់រើន សុំអាជ្ញាធរឃុំ ស្រុក និងមន្ត្រីសុរិយោដីដោះស្រាយដែរ ប៉ុន្តែមិនបានសម្រេចទេ។ កាលពីឆ្នាំ២០១២ អ្នកស្រី នាង ចាន់រើន បានសុំអន្តរាគមន៍ពីខុទ្ទកាល័យ លោកនាយករដ្ឋមានមន្ត្រី ហ៊ុន សែន ហើយបើទោះជាខុទ្ទកាល័យ បញ្ជាក់ថា ដីនោះជាកម្មសិទ្ធិ របស់អ្នកស្រីក្ដី ប៉ុន្តែលិខិតបញ្ជាក់នោះ ពុំមានអំណាចឲ្យអាជ្ញាធរ ខេត្តបាត់ដំបងអនុវត្តតាមឡើយ៖ «ស្ដាប់តែម្ខាងទេ អ៊ំ(នាង ចាន់រើន)គេ មិនដែលស្ដាប់ទេ ដូច្នេះអ៊ំគឺខុសរហូត ហើយមុនហ្នឹងមកនេះ គេបានស្ដីឲ្យអ៊ំសព្វបែបយ៉ាង ថាអ៊ំជាមនុស្សរឿងច្រើនណាស់ ស្ដីនៅមុខប្រជាជនទូទៅ អ៊ំមានភាពអាម៉ាស់ណាស់កូន មនុស្សមានបេះដូងមានចិត្ត។ ខ្ញុំថាខ្ញុំមានច្បាប់ ដូច្នេះខ្ញុំទៅរកច្បាប់ ហើយខ្ញុំមានតែម្នាក់ឯងបើខ្ញុំមិនពឹងច្បាប់ ឲ្យខ្ញុំទៅពឹងអ្នកណា? គេថាអ៊ីចឹងហើយពឹងច្បាប់ តែយើងរឿងច្រើនពេក អ្នកណាគេជួយយើងបាន ឃុំគេធុញគេទ្រាន់គេណាស់»។
ទីបំផុត នៅក្នុងសីហា ឆ្នាំ២០១៤ អ្នកស្រី នាង ចាន់រើន បានសម្រេចធ្វើដំណើរ មកភ្នំពេញ រកអន្តរាគមន៍ពីស្ថាប័ននានា។ ឆ្លើយតបចំពោះ ការលើកឡើងរបស់ អ្នកស្រី នាង ចាន់រើន អភិបាលរងស្រុកបាណន់ ខេត្តបាត់ដំបង លោក ជុំ ញ៉ មានប្រសាសន៍ថាអាជ្ញាធរស្រុកធ្លាប់បានដោះស្រាយរឿងនេះម្ដងដែរ ប៉ុន្តែមិនទាន់សម្រេច។ លោកអភិបាលរងស្រុក បន្តថាអាជ្ញាធរនឹងដោះស្រាយម្ដងទៀត ទោះបែបនេះក្ដី លោកមិនទាន់បញ្ជាក់ថានៅពេលណានោះទេ។ លោកអភិបាលរងស្រុកបន្តទៀតថា ប្រសិនបើភាគីមានជម្លោះមិនស្របតាមអាជ្ញាធរទេ នោះអាជ្ញាធរស្រុក នឹងមិនចេញប្លង់កម្មសិទ្ធិដីធ្លីឲ្យទេ៖ «ខ្ញុំដោះស្រាយក្រៅ ប្រព័ន្ធតុលាការ គឺខ្ញុំសម្របសម្រួលនៅពេលគណៈកម្មាធិការ ចុះវាស់វែងដីធ្លីជាប្រព័ន្ធហ្នឹង គឺថាខ្ញុំហៅភាគីទាំងអស់នោះមក បើសិនភាគីណាមួយមិនយល់ព្រម គឺយើងអត់បានចេញប្លង់កម្មសិទ្ធិ ជូនគាត់ទេ ហើយបើអត់ប្លង់កម្មសិទ្ធិដីហ្នឹង ជាមោឃៈ ដីមិនអាចយកទៅការអីបាន»។
អ្នកស្រី ចាន់រើន
និងរទេះអូសសម្រាប់ទិញអេតចាយ កំពុងស្នាក់នៅក្នុងវត្តសាមគ្គីរង្សី។
រូបថតថ្ងៃទី ២១ តុលា ២០១៤។ RFA/Brach Chev
បើតាមអ្នកស្រី នាង ចាន់រើន មេភូមិចាស់នៃភូមិសំពៅលិច ឃុំភ្នំសំពៅ ឈ្មោះ អួម សួម បានលួចលក់ដីអ្នកស្រីលក់ ដោយមានការរួមចំណែកពីមេភូមិសព្វថ្ងៃនេះ គឺលោក ថោង ឈឿម។ ប៉ុន្តែពេលនេះ លោក អួម សួម ដែលរងការចោទប្រកាន់បានចូលនិវត្តន៍ និងមានជំងឺវង្វេងទៀត។
ចំណែកមេភូមិ សំពៅលិចបច្ចុប្បន្ន គឺលោក ថោង ឈឿម បានបដិសេធការចោទប្រកាន់ ប៉ុន្តែ លោកទទួលស្គាល់ថា លោកធ្លាប់បានទទួលសគុណតិចតួចពីការលក់ដីនោះ។ លោក ថោង ឈឿម លើកឡើងថា ដីរបស់ អ្នកស្រី ចាន់រើន គឺពិតជាមានមែន ប៉ុន្តែមិនទាន់មានការវាស់វែងពីព្រំប្រទល់ត្រឹមត្រូវទេ។ លោកមេភូមិបញ្ជាក់ថា រឿងរ៉ាវដីធ្លីនេះ អ្នកលក់បានលក់អស់រយៈពេល២ឆ្នាំទៅហើយ ទើបអ្នកស្រី នាង ចាន់រើន ទាមទារតវ៉ា៖ «ដីនោះប្រវត្តិដើមដីនោះ គឺដីគាត់មុខអ៊ីចឹងហើយ ទំហំដើមគាត់មិនដល់ក្រោយទេ វាគ្រាន់តែពាក់កណ្ដាលហ្នឹងទៅមុខទេ។ អាដីប្រាំម៉ែត្រលក់មិនមែនលក់ដីរបស់គាត់ហ្នឹង ដីគេនៅតែតាំងពីមុនគេនៅ គាត់ទៅនៅជុំរុំប៉ុន្មានឆ្នាំ គាត់មកនៅក្រោយគេតើស។ ភ្លាមៗ បើគាត់តវ៉ា ថាដីនេះលក់អត់បានទេ រដ្ឋអំណាចគេមិនដែលលក់ទេ ដីត្រូវគេលក់បាត់ហើយបានតវ៉ា»។
ទោះការទាមទារដីធ្លីជាអម្រែក ធ្ងន់មួយថែមទាំងត្រូវមើលថែកូនមានជំងឺងើបខ្លួនរួច សូម្បី ទទួលទានអាហារ ក៏ត្រូវអ្នកស្រីបញ្ចុក ប៉ុន្តែអ្នកស្រីមានប្រសាសន៍យ៉ាងច្បាស់ៗ ថា នេះជាកាតព្វកិច្ចក្នុងនាមអ្នកស្រីជាម្ដាយ៖ «ប្រែម្ដាយជួយប្រែ ប្រែទៅលិចជួយប្រែ លើកជើងត្រង់ជួយលើក ទាំងអស់សព្វថ្ងៃគឺបម្រើកូនពេញទំហឹងៗ ប៉ុន្តែទឹកចិត្តម្ដាយក្នុងលោកស្រលាញ់កូនណាស់ ទោះបីឲ្យវៀរឲ្យលូនយ៉ាងណា ឲ្យតែកូនបានស្រួលក្នុងខ្លួន ម្ដាយសុខចិត្តហើយណាកូន តែប៉ុណ្ណឹងទេ ម្ដាយគ្មានអីទេ នេះហើយទឹកចិត្តម្ដាយក្នុងលោកស្រលាញ់កូនណាស់។ ទោះបីថា កូនដង្ហក់ រៀបនឹងដាច់ខ្យល់ ឬធ្វើអ្វីមួយដែលហត់ សុំអង្វរកូន ថាកូនម្ដាយកុំទៅចោលម្ដាយអី យើងមានតែពីរនាក់ម៉ែកូនទេ បើកូនទៅចោលម្ដាយ ម៉ែកើតបណ្ដាចារ ម៉ែទៅជាមនុស្សវិកលចរិតហើយ»។
នៅពេលចោទសួរថា ហេតុអ្នកស្រីប្រឹងប្រែងតស៊ូទាមទារដីជាង ៥ម៉ែត្រនេះម្ល៉េះ? ត្រូវបានអ្នកស្រី ចាន់រើន បញ្ជាក់ថា អ្នកស្រីគ្មានទ្រព្យសម្បត្តិអ្វីក្រៅពីដីនេះទេ ហើយអ្នកស្រីរំពឹងថា នៅពេលបានដីមកវិញ អ្នកស្រីអាចយកដីនោះដាំដំណាំ ឬក៏ជួលឲ្យគេសម្រាប់ធ្វើផ្ទះជួល គឺនឹងអាចធ្វើឲ្យជីវភាពអ្នកស្រីធូរស្រាលបានខ្លះ៕
ប្រភពពី វិទ្យុអាស៊ីសេរី
