គណៈកម្មការហិរញ្ញវត្ថុនៃរដ្ឋសភាគ្រោងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ថវិកាជាតិឲ្យទូលំទូលាយ
សេចក្ដីព្រាងច្បាប់ស្ដីពីថវិកានេះ នឹងត្រូវបញ្ជូនទៅកាន់គណៈកម្មការធនាគារ ហិរញ្ញវត្ថុ និង សវនកម្ម រដ្ឋសភា នៅសប្ដាហ៍ក្រោយ។
តំណាងរាស្ត្រគណបក្សប្រឆាំង ដែលកំពុងកាន់តំណែង អនុប្រធានគណៈកម្មការធនាគារ ហិរញ្ញវត្ថុ សវនកម្មរដ្ឋសភា លោក សុន ឆ័យ សន្យាថានឹងត្រួសត្រាយផ្លូវ បើកឲ្យសង្គមស៊ីវិលនិងពលរដ្ឋ បានចូលរួមពិនិត្យនិងបញ្ចេញយោបល់ ទាក់ទងនឹងច្បាប់ ថវិកាជាតិ។ លោក សុន ឆ័យ នៅថ្ងៃទី២៥ ខែតុលា មានប្រសាសន៍ថា នាពេលកន្លងទៅច្បាប់ថវិកាជាតិត្រូវបានរៀបចំឡើងជាប្រយោជន៍ សម្រាប់គណបក្សប្រជាជនកម្ពុជា យកទៅប្រើប្រាស់ដោយមិនមានគោលដៅច្បាស់លាស់ និង ពុករលួយ ប៉ុន្តែឆ្នាំនេះ មិនដូចមុនៗឡើយ។ សំឡេង
ទោះជាបែបណាក្ដី គណៈរដ្ឋមន្ត្រីរំពឹងថាថវិកាទាំងនោះ នឹងបង្កើនប្រសិទ្ធភាពលើចំណាយប្រតិបត្តិការជាសាធារណៈនានា និង ធ្វើកំណែទម្រង់លើវិស័យអាទិភាពសំខាន់ៗរួមមាន ៖វិស័យអប់រំ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម បរិស្ថាន និងជំរុញអភិបាលកិច្ចល្អ។ ម្យ៉ាងទៀតរដ្ឋាភិបាល ដាក់ទិស ដៅធានា កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ ដើម្បីបង្កើតការងារជូនពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងបង្កើនទំនុកចិត្តរបស់ ប្រជាពលរដ្ឋលើស្ថាប័នរដ្ឋ។ រដ្ឋាភិបាលក៏រំពឹងដែរថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជា នឹងកើនដល់ជាង៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ ខណៈដែលឆ្នាំ២០១៤ទុនបម្រុងនេះមានចំនួនជាង៤ពាន់៥រយលានដុល្លារ។ ទុនបម្រុងនេះ អាចធានាឲ្យការនាំចូលប្រមាណ៤ខែកន្លះ និយាយឲ្យស្រួលស្ដាប់បើសេដ្ឋកិច្ចកម្ពុជាគាំងទុនបម្រុងនេះអាច ចិញ្ចឹមពលរដ្ឋបាន៤ខែកន្លះ។
កាលពីឆ្នាំ២០១៣ សេចក្ដីព្រាងច្បាប់ថវិកាជាតិ ត្រូវបានអនុម័តដោយរដ្ឋសភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា។ ច្បាប់ថវិកាឆ្នាំនោះអនុម័តដោយឆាប់រហ័ស និង មិនមានការចូលរួមយោបល់ពីសំណាក់សង្គមស៊ីវិល និង ពលរដ្ឋឡើយ។ កាលពីឆ្នាំ២០១២ តំណាងរាស្ត្រគណបក្សប្រឆាំងដឹកនាំដោយលោក សុន ឆ័យ បានសួរនាំមន្ត្រីរដ្ឋាភិបាលពីចំណូលបានមកពីលក់សំបុត្រ ប្រាសាទអង្គរវត្ត ដែលគ្រប់គ្រងដោយក្រុមហ៊ុនរបស់លោក សុក គង់។ លោក សុន ឆ័យ បានបង្ហាញភស្តុតាង មួយចំនួនធំដែល ជាទឡ្ហីករណ៍បញ្ជាក់ថាក្រុមហ៊ុននេះកិបកេងថវិកាជាតិ តែមន្ត្រីរដ្ឋាភិបាល ធ្វើមិនតបលើចំណុចនេះឡើយ។
លោក សុន ឆ័យ ប្រាប់វិទ្យុអាស៊ីសេរីថា គណៈកម្មការ ធនាគារហិរញ្ញវត្ថុសវនកម្មរដ្ឋសភានឹង ទៅត្រួតពិនិត្យក្រុមហ៊ុន លក់សំបុត្រចូលមើលប្រាសាទអង្គរវត្ត នៅពេលដែលសេចក្តីព្រាងច្បាប់ថវិកានេះចូលដល់ដៃរដ្ឋសភា។
ចំណែកឯអ្នកស្រាវជ្រាវ ការអភិវឌ្ឍន៍សង្គម លោក កែម ឡី វិញលើកឡើងថា ការចងក្រងច្បាប់ថវិកាជាតិនេះ មិនមានការចូលរួមតាំងពីដំបូងមកម្ល៉េះ ជាហេតុធ្វើឲ្យការចាយវាយថវិកាជាតិលើខ្ទង់មួយចំនួននោះខ្ជះខ្ជាយ និងឥតប្រយោជន៍។ សំឡេង
ទោះជាបែបណាក្ដី រដ្ឋាភិបាលប៉ាន់ស្មានថា កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ។ ក្នុងនោះវិស័យឧស្សាហកម្មមានកំណើនប្រមាណជាង៩% ដោយការនាំចេញផលិតផលកាត់ដេរនិងកំណើនផ្នែកសំណង់។ វិស័យសេវា កើនឡើង ៧,៥%ដោយសារកំណើនផ្នែកពាណិជ្ជកម្មសណ្ឋាគារ និង ភោជនីយដ្ឋាន ផ្នែកអចលនទ្រព្យ ផ្នែកធនាគារ និងភាពប្រសើរឡើងនៃប្រព័ន្ធ នៃការផ្គត់ផ្គង់សម្ភារៈ។ កំណើនវិស័យកសិកម្ម មានចំនួន២,៦% ដោយសារការដាំដុះ និងការកើនឡើងនៃផលិតភាព៕
ប្រភពពី វិទ្យុអាស៊ីសេរី
