អ្នកវិភាគ៖ ការតែងតាំងមន្ត្រីគ.ជ.ប.ថ្មីបន្ថែមអាចជាឧបសគ្គសម្រាប់កំណែទម្រង់
ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលការបោះឆ្នោតនៅ កម្ពុជា ចាត់ទុកថា ការដំឡើងតួនាទីមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ថែមទៀតនេះ ទំនងជាប្រធាន គ.ជ.ប ចង់ពង្រឹងសាច់ដុំឲ្យឃើញថា គ.ជ.ប នៅតែមានសមត្ថភាពក្នុងកាតព្វកិច្ច និងការទទួលខុសត្រូវលើកិច្ចការរបស់ខ្លួន។
លោក ហង្ស ពុទ្ធា នាយកអង្គការនិកហ្វិច (Nicfec) យល់ឃើញថា ការតែងតាំងមន្ត្រី គ.ជ.ប បន្ថែមនៅពេលនេះ វាហាក់ស្ថិតក្នុងមន្ទិលសង្ស័យច្រើនណាស់។ លោកបន្តថា គ.ជ.ប មិនគួរណាផ្ដើមការផ្ដល់តួនាទីបន្ថែមទៀតនោះទេ ព្រោះកាលៈទេសៈនេះ គណៈកម្មការចម្រុះនៃគណបក្សនយោបាយទាំងពីរ កំពុងដំណើរការលើនីតិវិធីមួយចំនួន ដូចសេចក្ដីសម្រេចកាលពីខែកក្កដា កន្លងទៅ៖ «សំឡេង»។
ការតែងតាំងមន្ត្រី គ.ជ.ប បន្ថែមពីររូបទៀតនៅពេលនេះ ធ្វើឡើងនៅចំពេលដែលសេចក្តីព្រាងច្បាប់នៃ គ.ជ.ប.ថ្មី កំពុងស្ថិតក្នុងការពិគ្រោះយោបល់ ឬអាចនឹងមានការរុះរើ ប្រសិនដូចអ្វីដែលគណបក្សនយោបាយទាំងពីរកំពុងបន្តកិច្ចការរបស់ ខ្លួន ដូចដែលបានព្រមព្រៀងរួចមកហើយ កាលពីថ្ងៃទី២២ ខែកក្កដា ដែលចង់ឲ្យមានការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌នៅអាណត្តិបន្តបន្ទាប់ទៀត។ ជាពិសេសនោះ គឺចង់លុបបំបាត់វប្បធម៌តវ៉ាក្រោយការបោះឆ្នោត។
ចំណែកមន្ត្រីផ្នែកច្បាប់ និងព័ត៌មាននៃអង្គការខុមហ្វ្រែល (Comfrel) លោក សួន យុធ្យា ចាត់ទុកថា ប្រសិនបើការតែងតាំងមន្ត្រី គ.ជ.ប.ថ្មីនេះ ធ្វើឡើងដោយពុំមានការពិគ្រោះយោបល់ ឬអារកាត់ដោយចិត្តឯងនោះ វាគឺជារឿងផ្ទុយនឹងច្បាប់។ លោកឲ្យដឹងទៀតថា ផ្អែកលើគោលការណ៍ច្បាប់បោះឆ្នោត ឬបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប ស្ថាប័ននេះចង់ធ្វើអ្វីមួយត្រូវឆ្លងសេចក្ដីសម្រេចពេញអង្គពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាមុន៖ «សំឡេង»។
ឆ្លើយតបរឿងនេះ អគ្គលេខាធិការនៃ គ.ជ.ប លោក ទេព នីថា ឲ្យដឹងថា ការពិត នេះពុំមែនជាការតែងតាំងអ្វីឡើយ ប៉ុន្តែមន្ត្រីទាំងពីររូបនេះ គឺមន្ត្រីដែលមានសមត្ថភាព និងជំនាញបច្ចេកទេសក្នុងរឿងបោះឆ្នោត។ លោកថ្លែងថា អ្វីដែលប្រធាន គ.ជ.ប គឺលោក អ៊ឹម សួស្តី រុះរើតួនាទីនេះ គឺជាកន្លែងចាស់របស់មន្ត្រីទាំងពីររូបនេះប៉ុណ្ណោះ៖ «សំឡេង»។
ប្រតិកម្មរបស់សមាជិក គ.ជ.ប ម្នាក់នៅពេលនេះ ធ្វើឡើងប្រមាណ ៣សប្ដាហ៍ ក្រោយលេចធ្លាយព័ត៌មាននៃការតែងតាំងកាលពីថ្ងៃទី១២ ខែកញ្ញា របស់ លោក អ៊ឹម សួស្តី។
លិខិតចុះថ្ងៃទី៦ ខែតុលា របស់ លោក ម៉ៅ សុភារិទ្ធ សមាជិក គ.ជ.ប ឲ្យដឹងថា ការចេញលិខិតសម្រេចតែងតាំងមន្ត្រីជាន់ខ្ពស់ពីររូបរបស់ គ.ជ.ប បន្ថែមទៀត គឺផ្ទុយពីច្បាប់បោះឆ្នោត។
លិខិតឲ្យដឹងទៀតថា ក្រៅពី លោក សំ សាវុធ ដែលត្រូវតែងតាំងជាមន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ទទួលបន្ទុកស្រាវជ្រាវ និងដោះស្រាយបណ្ដឹង តួនាទីនេះមានឋានៈ និងបុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាន បន្ថែមលើមុខងារបច្ចុប្បន្នជានាយកដ្ឋានខុទ្ទកាល័យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ ចំណែក លោក ថំ បណ្ដូល ត្រូវតែងតាំងជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារប្រតិបត្តិការ ដែលមានឋានៈ និងបុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាន បន្ថែមលើតួនាទីបច្ចុប្បន្នជាជំនួយការផ្ទាល់របស់ប្រធាន គ.ជ.ប គឺលោក អ៊ឹម សួស្តី។
បន្ថែមលើលិខិតនេះ សមាជិក គ.ជ.ប លោក ម៉ៅ សុភារិទ្ធ អះអាងថា នេះពុំមែនជាការផ្លាស់ប្ដូរកន្លែងធ្វើការទេ ប៉ុន្តែជាការតែងតាំង។ លោកចាត់ទុកថា ក្នុងក្របខ័ណ្ឌនៃ គ.ជ.ប ការជ្រើសរើសបុគ្គលថ្មី ត្រូវឆ្លងយោបល់ពីសមាជិក និងក្នុងករណីចាំបាច់៖ «សំឡេង»។
លិខិតបន្តថា លើសពីនេះនៅមានគម្រោងនៃការតែងតាំងមន្ត្រីថ្នាក់នាយកដ្ឋាន និងថ្នាក់ការិយាល័យ ដើម្បីបំពេញកន្លែងដែលទំនេរបន្ថែមទៀត៕
ប្រភពពី វិទ្យុអាស៊ីសេរី
