នារីខារ៉ាអូខេម្នាក់ប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណាព្រោះខឹងសង្សារ
ខេត្ដកំពង់ចាម ៖ នារីធ្វើការនៅហាង ខារ៉ាអូខេម្នាក់បានប៉ងមកលោតទឹក សម្លាប់ខ្លួនពីលើស្ពានគីហ្សូណា ព្រោះខឹង នឹងសង្សារមិនមកជួបប៉ុន្ដែការប៉ងបញ្ចប់ជីវិតរបស់នាងមិនបាន សម្រេចនោះទេ ព្រោះបាននគរបាលយាមគោលដៅស្ពានជួយទាន់ ។
ហេតុការណ៍ បង្កឱ្យមានការភ្ញាក់ដល់មនុស្សម្នាចោមរោមមើលកកកុញនេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅលើ ស្ពានគីហ្សូណាត្រើយខាងលិចក្នុងភូមិ ទី៣ សង្កាត់វាលវង់ក្រុងកំពង់ចាម ។
ប្រភពពី មន្ដ្រីនគរបាលបានឱ្យដឹងថានារីខាងលើមានឈ្មោះ អុល ស្រីកា អាយុ ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិ-ឃុំ ហាន់ជ័យ១ ស្រុកឆ្លូង ខេត្ដក្រចេះ ។ មន្ដ្រី នគរបាលបានឱ្យដឹងបន្ដថា មុនពេល នារីរងគ្រោះលោតទឹកនាងបានផឹកស្រា ស្រវឹងស្រែកឡូឡាក៏ត្រូវម្ចាស់ផ្ទះជួល ដេញឈប់ឱ្យនៅ ។ បន្ទាប់មកនារីរូបនេះ ក៏បានទូរសព្ទ័ទៅប្រុសស្នេហ៍ឱ្យមកជួប តែប្រុសស្នេហ៍មិនមកដោយតូចចិត្ដ ពេកនោះក៏បានរត់មកប៉ងលោតទឹក សម្លាប់ខ្លួនពីលើស្ពានគីហ្សូណាតែមិន សម្រេចដោយសារនគរបាលយាមស្ពានមកជួយឃាត់ទាន់ ។
ប្រភពពី មន្ដ្រីនគរបាលបានឱ្យដឹងដែរថា បន្ទាប់ពីស្វាងនារីរងគ្រោះបានប្រាប់ថា មូលហេតុដែលនាងចង់បញ្ចប់ ជីវិតព្រោះនាងខឹងសង្សារឈ្មោះ ពេជ្រ នៅឯខេត្ដក្រចេះមិនមកជួបនាងពេល ដែលនាងមានទុក្ខ ៕
___________________
ប្រភពពីនគរវត្ត