កីឡា​ការី​ឥណ្ឌា​ម្នាក់​ថា អយុត្តិធម៌ មិន​ព្រម​ពាក់​មេដាយ​​នៅ Asian Games

10/02/2014 0 Comments A+ a-

កីឡា​ការិនី​ប្រដាល់​សាកល​ឥណ្ឌា​នាង Sarita Devi អាច​នឹង​ត្រូវ​ពិន័យ​ព្យួរ​ជើង​  ឬ​ប្រការ​ណា​មួយ​​ចំពោះ​ករណី​បដិសេធ​ពាក់​មេដាយ​សំរឹទ្ធ​​ក្នុង​ ព្រឹត្តិការណ៍​ Asian Games នៅ​ទី​ក្រុង​ Incheon ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ពុធ។

នាង​ Sarita Devi បាន​សម្ដែង​កាយវិការ​​មិន​ពេញ​ចិត្ត​​អំឡុង​ពិធី​បំពាក់​មេដាយ​សម្រាប់​ ប្រដាល់​សាកល​ប្រភេទ​ទម្ងន់​៥៧-៦០​គីឡូក្រាម។ នាង​ទទួល​យក​តែ​ដៃ​ប៉ុណ្ណោះ​ តែ​មិន​ព្រម​ពាក់​​លើ​ក ហើយ​បាន​ស្រែក​​យំ​ថែម​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​បាន​ព្យាយាម​បំពាក់​មេដាយ​សំរឹទ្ធ​របស់​នាង​ទៅ​ លើ​កីឡាការិនី​កូរ៉េ​ដែល​​ឈ្នះ​​នាង។
sarita-devi-7 ​កីឡាការិនី​ឥណ្ឌា Sarita Devi (កណ្តាល​)​ស្រែក​យំ
ករណី​ខាង​លើ​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​នាង​ត្រូវ​បាន​កាត់​សេចក្តី​ឲ្យ​ចាញ់​ពិន្ទុ​កីឡា​ការិនី​​ ម្ចាស់​ផ្ទះ​ Ji Na Park ទាំង​ចម្រូង​ចម្រាស​ដែល​ទទួល​បាន​មេដាយ​ប្រាក់​កាល​ពី​ថ្ងៃ​អង្គារ។ ការ​កាត់​ក្តី​ដ៏​ចម្រូង​ចម្រាស​​របស់​នាង​បាន​បង្កើត​ជា​​ចលាចល​​ដោយ​ប្តី​ របស់​នាង​បាន​​ព្យាយាម​តវ៉ា​រហូត​ដល់​ក្រុម​សន្តិសុខ​ចូល​អន្តរាគមន៍។

នាង​បាន​និយាយ​ប្រាប់ AFP ថា ៖«ខ្ញុំ​បាន​និយាយ​ហើយ​ថា នេះ​គឺ​សម្រាប់​​នាង​ (កីឡាការិនី​កូរ៉េ​ Ji Na Park) និង​សម្រាប់​ប្រជា​ជន​កូរ៉េ​ទាំង​អស់ ពី​ព្រោះ​​នាង​សម​តែ​ទទួល​នាម​មេដាយ​សំរឹទ្ធ​ប៉ុណ្ណោះ។ វា​ជា​ការ​តវ៉ា​មួយ​សម្រាប់​អ្នក​កីឡា​ទាំង​ប្រុស​ ទាំង​ស្រី​នៅ​លើ​ពិភព​លោក​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌​ក្នុង​ពិភព​កីឡា»។

និយាយ​ទៅ​កាន់​ទូរទស្សន៍​ NDTV ក្នុង​ទី​ក្រុង​ Incheon ប្រធាន​គណៈ​ប្រតិភូ​កីឡា​ឥណ្ឌា​លោក Adille Sumariwalla ថា សមាគម​កីឡា​ប្រដាល់​អន្តរជាតិ AIBA ​នឹង​សម្រេច​​ពី​អ្វី​​ដែល​ត្រូវ​ដាក់​ពិន័យ​លើ​កីឡា​ការិនី Sarita ថា​តើ​កាយវិការ​នេះ​ពិត​ជា​ការ​បំពាន​ច្បាប់​កីឡា​ឬ​យ៉ាង​ណា»។

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា
ប្រភព៖ NDTV