មើលសម្រស់ និង សមត្ថភាពអ្នកដឹកនាំ រឿងខ្មែរវ័យក្មេងជាស្ត្រី ទទួលយកបានអត់?
Kemma Love ជាស្ត្រីខ្មែរវ័យក្មេងមានសមត្ថភាពក្នុងការដឹកនាំរឿង មិនចាញ់ផលិតករដទៃទៀតប៉ុន្មានទេ។
ក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង ជ្រោះលស់ព្រលឹង ដែលជាស្នាដៃដឹកនាំរឿងផ្ទាល់ព្រឹកមិញ កញ្ញា Kemma Love និយាយថា៖ “ខ្ញុំចង់ប្រាប់ថាស្ត្រីក៏អាចមានសមត្ថភាពដឹកនាំរឿង បានដូចបុរសដែរ សំខាន់លើការតាំងចិត្ត និងការព្យាយាមខ្ពស់”។
កញ្ញា Kemma Love អ្នកដឹកនាំរឿងវ័យក្មេងក្នុងផលិតកម្ម ទេពកុមារពេជ្រ ភាពយន្ត
កត្តាជំរុញឱ្យក្លាយជាអ្នកដឹកនាំរឿងត្រូវបានផលិតករវ័យក្មេងរូបនេះអះអាងថា បណ្ដាលមកពីទេពកោសល្យពីកំណើត រួមទាំងការជួយជ្រោមជ្រែងពីម្ដាយរបស់ខ្លួនអ្នកស្រី ង៉ែត រ៉ាវី ជាចាងហ្វាងផលិតកម្ម ទេពកុមារពេជ្រ ភាពយន្តផងដែរ។
អ្នកដឹកនាំរឿងមានវ័យ ៣០ឆ្នាំផ្លាយ បន្តថា នាងមានបទពិសោធន៍ក្នុងការដឹកនាំរឿងជាង ៥ ឆ្នាំ ហើយ មកទល់នឹងពេលបច្ចុប្បន្ន។ ដោយឡែកនិយាយពីចំនួនភាពយន្តវិញកញ្ញាប្រាប់ថា បាន ៦ រឿង មកហើយរួមទាំងរឿង ជ្រោះលស់ព្រលឹងសម្ពោធព្រឹកមិញ។
ការលំបាកក្នុងការដឹកនាំរឿងត្រូវបានកញ្ញា Kemma Love និយាយជួបឧបសគ្គប្រឈមជាច្រើន ជាពិសេសការចុះថតនៅតាមបណ្ដាខេត្តឆ្ងាយៗ។
“លំបាកហ្នឹងវាលំបាកពេកហើយបង ព្រោះពេលខ្លួនយើងត្រូវដេកកណ្ដាលព្រៃជាមួយក្រុមការងារជាបុរសៗ ដោយប្រឈមនឹងអាកាស និង បញ្ហាផ្សេងជាច្រើនទៀត”។ Khema Love បន្ថែម។
ទោះជាជួបឧបសគ្គបែបណាក៏ដោយអ្នកដឹកនាំរឿងវ័យក្មេងខាងលើមិនបានបោះបង់ ឬរុញរានឹងការងារជាអ្នកដឹកនាំឡើយ។ ប្រការនេះដោយសារនាងស្រលាញ់វិស័យសិល្បៈ ក៏ដូចជាការចង់លើកស្ទួយភាពយន្តខ្មែរឱ្យមានកម្រិតឈានឡើងដូចបណ្ដាប្រទេសនានាក្នុងតំបន់។
កញ្ញា Kemma Love មានទំនុកចិត្តជាខ្លាំងចំពោះការដឹកនាំរឿង ជ្រោះលស់ព្រលឹង ដែលបានសម្ពោធព្រឹកមិញថានឹងអាចទាក់ទាញការគាំទ្របានច្រើនពីប្រិយមិត្ត និងមិត្តៗយុវវ័យ។ ម្យ៉ាងទៀតកញ្ញាក៏ស្នើឱ្យទស្សនិកជនជួយគាំទ្រស្នាដៃរបស់ខ្លួនផងដែរ ដើម្បីជួយលើកកម្ពស់តម្លៃស្ត្រី ព្រមទាំងវិស័យភាពយន្តខ្មែរ។
ក្រោយពីបញ្ចប់ការដាក់បញ្ចាំងខ្សែភាពយន្ត ជ្រោះលស់ព្រលឹងនេះរួចហើយ អ្នកដឹកនាំរឿងវ័យក្មេងខាងលើបញ្ជាក់ថាខ្សែភាពយន្តថ្មីជាច្រើនទៀតរបស់ខ្លួននឹងបង្ហាញវត្តមានលើទីផ្សារក្នុងពេលឆាប់ៗ។
ជុំវិញទីផ្សារភាពយន្តខ្មែរនាពេលបច្ចុប្បន្នអ្នកដឹកនាំរឿងវ័យក្មេងមានសម្រស់ និង សមត្ថភាពខ្ពស់រូបនេះនិយាយថា៖ “ភាពយន្តខ្មែរឥឡូវរីកចម្រើន ហើយបើទោះជាមិនរីកចម្រើនក៏ខ្ញុំនៅតែផលិតដែរ ព្រោះនេះជាអ្វីដែលខ្ញុំតាំងចិត្តពីតូចមកម្ល៉េះ”៕
អត្ថបទ៖ អ៊ីង សុឡា