នារីវ័យក្មេងឌុបគ្នា មកពីទិញបាយហូប ត្រូវចោរស្ទាក់ប្លន់យកម៉ូតូ ទាំងកណ្តាលអធ្រាត្រ
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកស្គូពី ឌុបគ្នាធ្វើដំណើរ ចេញពីស្តារម៉ាត ផ្សារដើមថ្កូវ បំណងទៅទិញបាយ នៅផ្លូវព្រះមុនីវង្ស ។ ពេលទិញបាយរួចរាល់ហើយ នារីទាំង ២នាក់ ក៏បានជិះម៉ូតូត្រឡប់ទៅវិញ ប៉ុន្តែពេលជិះដល់ផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក៏ស្រាប់តែលេចមុខ ជនសង្ស័យ ២នាក់ជិះម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាកមកឈប់ពីមុខ រួចដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ភ្ជង់ប្លន់យកម៉ូតូពីនាងបានសម្រេច ហើយក្រុមចោរ បានជិះម៉ូតូគេចខ្លួន បាត់ស្រមោលភ្លាមៗ ។
ក្រោយពេលកើតហេតុ ក៏មានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ នាំជនរងគ្រោះ ឲ្យទៅដាក់ពាក្យបណ្តឹង នៅទីស្នាក់ការ នគរបាលប៉ុស្តិ៍បឹងត្របែក ហើយជុំវិញរឿងរ៉ាវ ប្លន់ប្រដាប់អាវុធខាងលើនេះ សមត្ថកិច្ចបានព្យាយាមលាក់បាំង មិនផ្តល់ព័ត៌មាន ថែមទាំងហាមឃាត់ជនរងគ្រោះ មិនឲ្យនិយាយដំណើររឿង ប្រាប់អ្នកសារព័ត៌មានទៀតផង សូម្បីតែម៉ាកម៉ូតូ និងអត្តសញ្ញាណជនរងគ្រោះ ក៏មិនដឹងដែរ៕
ប្រភពពី វត្តភ្នំ