ភ្នំពេញក្រោន ធ្លាក់ត្រឹមវគ្គជម្រុះ ក្រោយប្រកួតស្មើ ខេត្តកណ្ដាល ០-០

9/04/2014 0 Comments A+ a-

ភ្នំពេញ៖ ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ត្រៀមហាលអាវក្នុងការប្រកួតជម្រុះពូល A ក្រោយប្រកួតស្មើលទ្ធផល ០-០ ពេញម៉ោងជាមួយក្រុមសមាគម កីឡាបាល់ទាត់ខេត្តកណ្ដាល កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ម្សិលមិញ។
នេះជាការប្រកួតលើកទី២របស់ភ្នំពេញក្រោន ខណៈមួយប្រកួតដំបូង បានចាញ់ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ស្វាយរៀងក្នុងលទ្ធផល ០-២ ហើយបញ្ចប់លទ្ធផលស្មើគ្នា ០-០ ជាមួយនឹងក្រុមខេត្តកណ្ដាល ធ្វើឲ្យក្រុមបាល់ទាត់ នារីភ្នំពេញក្រោនគ្មានសង្ឃឹម នឹងបានឡើងទៅប្រកួត វគ្គបន្ដឡើយ បើទោះបីនៅសល់១ប្រកួត ទៀតក៏ដោយ។
ឆ្លងកាត់២ប្រកួតកន្លងមក ក្រុមបាល់ទាត់នារីភ្នំពេញក្រោនទើបរកបាន១ពិន្ទុនៅឡើយទេពីការធ្វើបានស្មើ១ និងចាញ់១ ហើយប្រកួតចុងក្រោយ ត្រូវជួបក្រុមខ្លាំងសមាគម កីឡាបាល់ទាត់សៀមរាបអង្គរ ។ រីឯក្រុមបាល់ ទាត់ខេត្តកណ្ដាល ២ប្រកួតស្មើទាំង២ រកបាន២ពិន្ទុ ក៏ប្រឈមនឹងការធ្លាក់ ត្រឹមវគ្គជម្រុះក្នុងពូលនេះដែរ ។
ចំណែកក្រុមសមាគមកីឡាបាល់ទាត់សៀមរាបអង្គរបានបន្ថែម៣ពិន្ទុទៀត ដើម្បីរក្សាតំណែង កំពូលតារាង តាមរយៈ ការប្រកួតឈ្នះក្រុមខេត្ត ស្វាយរៀងក្នុងលទ្ធផល ៤-០ ។ ក្រុមបាល់ទាត់សៀមរាបអង្គរ២ប្រកួតឈ្នះ១ និងស្មើ១ ទទួល បាន៤ពិន្ទុ ឯក្រុមខេត្តស្វាយរៀង២ប្រកួតឈ្នះ១ និងចាញ់១ រកបាន៣ពិន្ទុ ៕