ស្ត្រីចំណាស់ម្នាក់ ចាញ់ល្បិចចោរ យកមាស ទៅដូរបានគ្រាប់កង់មួយកូនថង់
ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោងជាង ៨
ព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅដីឡូតិ៍ទំនេរមួយកន្លែង
ក្នុងភូមិកប់កណ្តឹង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ប៉ូលិស មូលដ្ឋាននិយាយថា ស្ត្រីរងគ្រោះ ឈ្មោះ
ជា ណាវី អាយុ ៣៦ ឆ្នាំ ជាអ្នកលក់បាញ់ឆែវ នៅមុខរោងចក្រ ស្នាក់នៅផ្ទះជួល
ភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
និងមានស្រុកកំណើតនៅភូមិព្រែកឈ្មោះ ឃុំព្រែករ៉ៃ ស្រុកល្វាឯម
ខេត្តកណ្តាល។
ស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ
គាត់បានទៅផ្សារជម្ពូវ័ន សង្កាត់ចោមចៅ ដើម្បីទៅរកទិញបន្លែបង្ការ
និងសាច់ សម្រាប់ធ្វើនំបាញ់ឆែវ លក់នៅមុខរោងចក្រ ដូចកាលសព្វមួយដង
ហើយខណៈដែលចូលដល់ក្នុងផ្សារ ជ្រុងខាងមុខ
គាត់បានឃើញកូនកាបូបដៃមួយជ្រុះនៅនឹងដី។
ស្ត្រីរងគ្រោះបន្តថា ស្របពេលនោះ
ក៏មានស្ត្រីម្នាក់ មករើសលាក់ទុក ហើយក៏មានស្ត្រីម្នាក់ផ្សេងទៀត
ដែលជាបក្ខពួកជនសង្ស័យ បានដើរមកនិយាយប្រាប់ស្ត្រីរងគ្រោះ
ថាកុំឲ្យមាត់ប្រាប់អ្នកណាឲ្យដឹងថា ពួកគេរើសបានកាបូប ហើយក្នុងនោះ
មានមាស ៣ តម្លឹង និងលុយ ៧០០ ដុល្លារ ចាំនាំទៅចែកគ្នា។
ដោយការលោភលន់ ជនរងគ្រោះ
ចង់បានចំណែកផងដែរនោះ និងដោយមានការលួងលោមពីជនសង្ស័យ ពួកគេទាំង ២
នាក់ នាំគ្នាជិះម៉ូតូឌុប កាត់តាមផ្លូវបេតុង រោងចក្រ QMI
សំដៅឆ្ពោះទៅទិសខាងជើង រហូតដល់ដីឡូតិ៍ទំនេរមួយកន្លែង
ដែលមានទីតាំងស្ថិតនៅក្នុងភូមិកប់កណ្តឹង សង្កាត់ត្រពាំងក្រសាំង
ចុះចែករបស់ទ្រព្យគ្នា ជាបីចំណែក។
ជនរងគ្រោះ សុខចិត្តដោះគ្រឿងអលង្ការពីខ្លួន
រួមមាន ខ្សែកមាស ទម្ងន់ ៣ ជី បន្ទោងមាសទម្ងន់ ៥ ហ៊ុន ក្រវិលមាស ៥ ហ៊ុន
ចិញ្ចៀនផ្លាទីនមួយវង់ និងលុយ ៣០ ម៉ឺនរៀល ប្រគល់ទៅឲ្យជនសង្ស័យ
ទាំង ២ នាក់។ ពេលនោះ ស្ត្រីពីរនាក់ ដែលជាអ្នកបោកនោះ
បានឲ្យស្ត្រីរងគ្រោះនូវកូនថង់ ខ្ចប់ដាក់ក្នុងកាបូបយ៉ាងស្អាត។
ស្ត្រីរងគ្រោះ ឲ្យត្រេកអររខេបរខុបប្រញាប់ វិលត្រឡប់ទៅផ្ទះជួលវិញ
មិនទិញទាំងម្ហូបអារហារ ត្រីសាច់
សម្រាប់របរលក់ដូរប្រចាំថ្ងៃនោះទេ។
ស្ត្រីរងគ្រោះ បានបន្តទៀតថា
បន្ទាប់ពីចែកទ្រព្យបានមួយកូនថង់ លុះដល់ផ្ទះ
ស្រាយខ្សែចងមាត់ថង់នោះ លាមើល
ស្រាប់ត្រែឃើញសុទ្ធតែគ្រាប់កង់ទៅវិញ ធ្វើឲ្យគាត់ទន់ដៃទន់ជើង
និយាយលែងចេញ ហើយក៏ដឹងថា ចាញ់កលល្បិចគេ។ ស្ត្រីរងគ្រោះ
បានមកប៉ុស្តិ៍ប៉ូលិស ដើម្បីដាក់ពាក្យបណ្តឹង៕
ប្រភពពី Free Press Magazine