អគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋ២ខ្នងនៅ ក្រោយផ្សារបុស្សខ្នុរ ស្រុកចំការលើ
សមត្ថកិច្ច ស្រុកចំការលើ បានឲ្យដឹងថា អគ្គិភ័យឆាបឆេះនោះ បានចេញពីផ្ទះ អ្នកធ្វើបង្អែមលក់ ហើយភ្លើងបានឆាបរាលដាលទៅកាន់ផ្ទះប្រជាពលរដ្ឋ ដែលនៅជាប់គ្នា មួយខ្នងទៀត។
ភ្លាមនោះ គេបានឃើញប្រជាពលរដ្ឋ និងសមត្ថកិច្ច បាននាំគ្នាយកម៉ាស៊ីន មកបូមទឹកបាញ់ពន្លត់ដែរ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍នេះបានទេ។ ក្រោយមក គេបាន ឃើញរថយន្ត ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន នគរបាលខេត្ត ចំនួន១គ្រឿង និងរបស់ស្រុកស្ទឹងត្រង់ ១គ្រឿង អមទាំងរថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង បានចេញមកជួយអន្តរាគមន៍ផងដែរ។ ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមាន អ្នករងគ្រោះដល់អាយុជីវិត ឬរងរបួសនោះទេ។
ប្រភពដដែល បានឲ្យដឹងទៀតថា នៅពេលនេះ គេមិនទាន់ដឹងមូលហេតុ ដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះនេះនៅឡើយទេ ហើយទ្រព្យសម្បត្តិ ដែលខូចខាតនោះ មិនទាន់ដឹងថា អស់ប៉ុន្មាននោះដែរ។ សមត្ថកិច្ច កំពុងតែធ្វើការលើរឿងនេះ៕
ប្រភពពី Free Press Magazine