រាជរដ្ឋាភិបាល​សម្រេច ​ដកមកវិញនូវ​ដីសម្បទាន​ សេដ្ឋកិច្ចពី ក្រុមហ៊ុនវិនិយោគ​ចំនួន៨

9/30/2014 0 Comments A+ a-

លោក-សាយ-សំ-អាល់រាជធានីភ្នំពេញ ​៖ រាជរដ្ឋាភិបាល បានសម្រេច​ដកមកវិញហើយ​នូវដីសម្បាទាន​សេដ្ឋកិច្ច​ពីក្រុមហ៊ុនចំនួន ៨ នៅ​ភាគ​ខាងជើង និង​ឦ​សាន្ត​ប្រទេស ចំនួន​ជាង ១ ម៉ឺន ២ ពាន់​ហិកតា និង​ទម្លាក់​រយៈពេល​នៃ​ការវិនិយោគ​លើដី​សម្បទាន ចំពោះ​ក្រុមហ៊ុន​ដែល​ចុះកិច្ចសន្យា​ថ្មី ពី ៩៩ ឆ្នាំ មក​ត្រឹម ៥០ ឆ្នាំ​ ដោយសារតែមិនមាន​ការអភិវឌ្ឍ​តាមកិច្ចសន្យា។
នេះបើយោង​​តាមរដ្ឋមន្រ្តីក្រសួងបរិស្ថាន​ លោក សាយ សំអាល់​ ដែលបានមានប្រសាសន៍នៅ​ក្នុងសន្និសីទ​កាសែតពី​ដី​សម្បទាន​សេដ្ឋកិច្ច និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នារសៀលេថ្ងៃទី ​២៩ ខែកញ្ញា​ ឆ្នាំ២០១៤​ នៅទីស្តីការ ក្រសួងបរិស្ថាន។
លោក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា តាម​ការវាយតម្លៃ​រប​ស់​គណៈកម្មការ និង​អន្តរក្រសួង ដើម្បី​ពិនិត្យ និង​វាស់វែង​ដី​សម្បទាន​សេដ្ឋកិច្ច រាជរដ្ឋាភិបាល​បានសម្រេច​ចិត្ត​តាម​លិខិត​លេខ ១៣៦៥ សជណ ចុះ​ថ្ងៃទី​២៦​កញ្ញា​ឆ្នាំ​២០១៤ បាន​លុប​គោលការណ៍​វិនិយោគ​ចំនួន ៨ ក្រុមហ៊ុន ជា​លើកដំបូង​។ ក្រុមហ៊ុន ដែល​ត្រូវ​រាជរដ្ឋាភិបាល​ដកហូត​មកវិញ ហើយ​ប្រគល់​ឲ្យ​ក្រសួងបរិស្ថាន​ជា​អ្នកគ្រប់គ្រង រួមមាន ទី​១ ក្រុមហ៊ុន​វិមាន​សិលា ដែល​វិនិយោគ​ផ្នែក​ទេសចរណ៍ នៅ​កោះ​ថ្មី ខេត្ត​ព្រះសីហនុ ចំនួន ៩៨៧​ហិកតា ដែលជា​ផ្នែក​មួយ​នៃ​ឧ​ស្យា​ន​ជាតិ​ព្រះសីហនុ​រាម​។ ទី​២ ក្រុមហ៊ុន សៀង​ហេង   ដែល​វិនិយោគ​ផ្នែក​ទេសចរណ៍ ចំនួន​៩៨៨​ហិកតា នៅ​តំបន់​ឧ​ស្យា​ន​ជាតិ​ព្រះសីហនុ​រាម​។ ទី​៣ ក្រុមហ៊ុន សៀង​ហេង ដែល​វិនិយោគ​ផ្នែក​ទេសចរណ៍ ចំនួន​៣៥០​ហិកតា នៅ​តំបន់​ឧ​ស្យា​ន​ជាតិ​ព្រះសីហនុ​រាម​។ ទី​៤ ក្រុមហ៊ុន ប្លូ​ម៉េ​ត​ត្រូ ចំនួន​៣៥០​ហិកតា នៅ​តំបន់​ឧ​ស្យា​ន​ជាតិ​ព្រះសីហនុ​រាម​។ ទី​៥ ក្រុមហ៊ុន​ហេង ប៉ុណ្ណា​ត នៅ​តំបន់​ឧ​ស្យា​ន​ជាតិ​ព្រះសីហនុ​រាម​។ ទី​៦ ក្រុមហ៊ុន សាំង​វឌ្ឍនៈ ចំនួន ៥៨៥ ហិកតា​ស្ថិតនៅ​ទ្រនាប់​សត្វ​ឆ្លងកាត់ រវាង​ឧ​ស្យា​ន​ជាតិ​កុសុមៈ​គីរីរម្យ និង​ឧ​ស្យា​ន​ព្រះមុនីវង្ស​បូកគោ​។ ទី​៧ ក្រុមហ៊ុន​ចាន់​រ៉ាត់ ចំនួន​៦៣​ហិកតា​នៅ​ខេត្តកោះកុង ចំណុច​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដង​ពេន និង​ទី​៨ ក្រុមហ៊ុន​ឋានសួគ៌​ចំកាត់ មាន​ទីតាំង​តំបន់​ឧ​ស្យា​ន​ជាតិ​បទុម​សាគរ ខេត្តកោះកុង ចំនួន ៩១៣៧ ហិកតា​។
លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា “​មូលហេតុ​ធំ​បំផុត ដែល​រាជរដ្ឋាភិបាល​លុបចោល​នូវ​អាជ្ញាប័ណ្ណ​វិនិយោគ គឺ​គាត់​បាន​ទៅ​យូរហើយ គាត់​មិនមាន​ការអភិវឌ្ឍន៍​អី​ទេ​។ នេះ​ជា​មូលហេតុ​ចំបង​នៃ​ការដកហូត​ត្រឡប់មកវិញ​។ យើង​មិនមែន​ចេះ​ដកហូត ដោយ​មិនមាន​មូលហេតុ​ច្បាស់​នោះទេ​។ ដី​ដែល​ដកហូត​មកវិញ​នេះ នឹងដាក់​ទៅជា​ដី​សម្រាប់​អភិរក្ស ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន ហើយ​ដី​នោះ មិនទាន់មាន​ការកាប់​ព្រៃ​នៅឡើយ​ទេ​”។
លោក​បាន​បន្តថា ការលុបចោល​ដី​វិនិយោគ​នេះ គឺជា​ការសម្រេចចិត្តរ​បស់​រាជរដ្ឋាភិបាល ដែល​ឆ្លើយតប​ទៅនឹង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ស្របតាម​ការសន្យា​នៅពេល​បោះឆ្នោត​ថា រាជរដ្ឋាភិបាល​មិន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ឲ្យ​ក្រុមហ៊ុន​ទៀត​ទេ​។ ចំណែក​ដី​ដែល​ផ្តល់​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​រួចមកហើយ រដ្ឋាភិបាល​ក៏​កំពុង​ត្រួតពិនិត្យ​ផងដែរ ដើម្បី​វាយតម្លៃ​ឡើងវិញ ថា​តើ​ក្រុមហ៊ុន​ទៅមុខ​រួច​ឬ​មិន​រួច គឺ​រាជរដ្ឋាភិបាល​នឹង​ដកហូត​ត្រឡប់មកវិញ​។
លោក សាយ សំ​អាល់ បាន​ថ្លែងបន្តថា រាជរដ្ឋាភិបាល​ដាក់​គោលការណ៍​ថ្មី​ចំនួន ៥០​ឆ្នាំ ក្នុងការ​វិនិយោគ​។ ចំពោះ​ក្រុមហ៊ុន​ដែលមាន​គោលការណ៍​ទៅហើយ និង​បាន​ចុះកិច្ចសន្យា​ទៅហើយ គឺ​នៅ​រក្សា​រយៈពេល​វិនិយោគ​ចំនួន ៩៩ ឆ្នាំ​ដដែល ប៉ុន្តែ​ចំពោះ​ក្រុមហ៊ុន ដែល​ទទួលបាន​គោលការណ៍​ហើយ ហើយនឹង​ត្រូវ​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​រាជរដ្ឋាភិបាល គឺកំណត់​យកតែ​ចំនួន ៥០ឆ្នាំ​ទេ ក្នុងការ​វិនិយោគ​៕
លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅក្នុង​ស​ន្នី​សីទ​កាសែត ពី​ដី​សម្បទាន​សេដ្ឋកិច្ច និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ក្រសួងបរិស្ថាន​
mage (1)

ប្រភពពី Free Press Magazine