ប្រទះឃើញ សពបុរសម្នាក់ អណ្តែតក្បែរ ភោជនីដ្ឋាន កោះប៉ោរ
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ដែលលង់ទឹកស្លាប់ នោះមានឈ្មោះអ៊ូរ មិនា ភេទប្រុស អាយុ ៤៣ឆ្នាំ ស្នាក់នៅភូមិ ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន ខេត្ដកោះកុង ។
បើតាមសម្ដីបងថ្លៃស្រី ឈ្មោះ ខៀវ លីន បាននិយាយប្រាប់ ដឹងនៅកន្លែងកើតហេតុថា សាកសពដែល អណ្ដែតទឹកនេះ គឺត្រូវជាប្អូនថ្លៃ របស់គាត់បានមកលេងជាមួយគាត់ ដែលមានទីលំនៅភូមិ១ សង្កាត់ ស្មាច់មានជ័យ កាលពីថ្ងៃសៅរ៏ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៤ ព្រោះប្រពន្ធជន រងគ្រោះ បានទៅលេង ឪពុកម្ដាយនៅក្រុងព្រះសីហនុ កាលពីបុណ្យភ្ជុំបិណ្យឯណោះ ។ ហើយមុនកើតហេតុ ជនរងគ្រោះ បានជួបមិត្ដភក្តិ ដែលធ្វើការសំណងដូចគា្ន ហើយបានផឹកស្រាជាមួយគ្នាអស់ ប្រហែល កន្លះលីត តាំងពីវេលាម៉ោង៥ ល្ងាច ហើយនៅវេលាម៉ោង ១រំលងអាធ្រាតឈានចូលថ្ងៃទី ២៨ ខែកញ្ញា ស្រាប់ តែជនរង គ្រោះបានរត់ចុះទៅក្នុងទឹក ដោយមិនដឹងមូលហេតុ ហើយភ្លាមៗនោះ អ្នកជិតខាងបានចុះ ទៅរកទាំងយប់ តែរកមិនឃើញ ហើយនៅតែតាមរកតែនៅ តែរកមិនឃើញ ហើយភ្លាមនោះ ក្រុមគ្រួសារ ជនរងគ្រោះក៏បាន រាយការណ៏មកសមត្ថកិច្ច មូលដ្ឋានដែរដើម្បីឲ្យជួយរកដែរ តែនៅរកមិន ឃើញដដែល លុះដល់វេលាម៉ោង ៩ ព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៤ ទើបសាកសពអណ្ដែតទឹក ធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ហើយគាត់ក៏បានមកមើលទើបដឹងថា ប្អូនថ្លៃរបស់គាត់ពិត ប្រាកដ មែន ។
ប្រភពដដែលបានបន្ដថា តែចំពោះការស្លាប់ របស់ប្អូនថ្លៃគាត់នេះ មិនដឹងមូលហេតុអ្វីនោះ ពិតប្រាកដ ទេ ។
ប្រភពពីសមត្ថកិច្ច ដែលបានធ្វើកោសលវិច្ច័យ ទៅលើសាកសព បាននិយាយឱ្យ ដឹងថា ជនរង គ្រោះខាងលើនេះពិតជាស្លាប់ ដោយសារលងទឹកស្លាប់ ពិតប្រាកដមែន មិនមែនជាអំពើអត្តកម្ម ឡើយ ។ ហើយក្រោយពីធ្វើកោសល្យវិច្ច័យរួចហើយ សមត្ថកិច្ចបានប្រគល់ សាកសពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ ទៅតាមប្រពៃណី ៕
__________________
ផ្តល់សិទ្ទិដោយ៖dap-news