សកម្មជនបក្ស សង្គ្រោះជាតិម្នាក់ ត្រូវតុលាការដាក់ឲ្យ ឋិតក្រោមការត្រួតពិនិត្យ
ការសម្រេចរបស់
ចៅក្រមស៊ើបសួរ លោក កែវ មុនី នេះ គឺបន្ទាប់ពីបានសាកសួរ លោក អ៊ុក
ពេជ្រសំណាង រយៈពេល ៣ម៉ោង នៅរសៀលថ្ងៃទី២៦ ខែសីហា
ក្នុងហេតុផលដើម្បីធានាថា លោក ពេជ្រសំណាង
នឹងបង្ហាញខ្លួនគ្រប់ពេលដែលនីតិវិធីតុលាការត្រូវការ។ យ៉ាងណា
សកម្មជនគណបក្សសង្គ្រោះជាតិ រូបនោះ
ត្រូវបំពេញលក្ខខណ្ឌមួយចំនួនរួមមាន មិនត្រូវចាកចេញពីប្រទេស
ឬផ្លាស់ប្ដូរទីលំនៅដោយពុំផ្ដល់ដំណឹងដល់ចៅក្រមស៊ើបសួរ
ត្រូវបង្ហាញខ្លួននៅស្នងការនគរបាលចំនួន ២លើកក្នុងមួយខែ
និងត្រូវឆ្លើយតបនឹងការកោះហៅរបស់ចៅក្រមស៊ើបសួរ។
លោក អ៊ុក
ពេជ្រសំណាង ដែលមានវ័យ ៥១ឆ្នាំ មានមុខរបររត់រ៉ឺម៉កទេសចរណ៍
និងជាងកាត់សក់
ថ្លែងនៅខាងមុខតុលាការនៅក្រោយពេលចេញពីសាកសួរនោះថា
ចៅក្រមហាក់ពុំមានភស្តុតាងដើម្បីចោទប្រកាន់រូបលោកឡើយ។ លោកគិតថា
ការចោទប្រកាន់រូបលោក ជាការគំរាមកំហែងនយោបាយ
ច្រើនជាងការអនុវត្តច្បាប់ដ៏ត្រឹមត្រូវមួយ៖ «ខ្ញុំដេញដោលសួរ
បញ្ហាហ្នឹង ហេតុផលហ្នឹងអោយច្បាស់លាស់
តើអ្នកឯងចោទប្រកាន់ខ្ញុំសូមឯកសារ
សូមអោយមើលឃើញទិដ្ឋភាពជាក់ស្តែង
ដែលទង្វើដែលខ្ញុំបានធ្វើអ្វីខ្លះ
ឃុបឃិតទៅលើមុខងារហ្នឹងប្រឆាំងមន្ត្រីរាជការហ្នឹង
សុំបង្ហាញអោយច្បាស់ អត់ទាំងឆ្លើយខ្ញុំផង ហីមកចោទខ្ញុំទាំងងងើល»។
ក្រៅពីការសាកសួរ
លោក ពេជ្រសំណាង តុលាការមានដីកាកោះហៅសកម្មជនគណបក្សនេះចំនួន
៣រូបទៀតមកសាកសួរ គឺលោក អាន បឋម លោក សាន សីហៈ និង ទេព ណារិន។
អ្នកទាំងនោះក៏នឹងត្រូវចូលខ្លួនជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២៧
ដល់ថ្ងៃទី២៩ ខែសីហា ពាក់ព័ន្ធនឹងសំណុំរឿងដូចគ្នានេះដែរ៕
ប្រភពពី វិទ្យុអាស៊ីសេរី