លោក ហ៊ុន សែន ក្រោកឈរ​២​ដង​ក្នុង​សភា ស្នើ​ឲ្យ​ផ្លាស់ប្តូរ​កៅអីអង្គុយ​របស់លោក ងួន ញ៉ិល និង​លោក កឹម

8/27/2014 0 Comments A+ a-


លោកនាយក ​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ក្រោកឈរ​ភ្លាមៗ ដោយ​ស្នើ​ឲ្យមាន​ការផ្លាស់ប្តូរ​កៅអី​គ្នា​អង្គុយ​រវាង​លោក ងួន ញ៉ិល អនុប្រធាន​ទី​២​នៃ​រដ្ឋសភា និង​លោក កឹម សុខា អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ដើម្បី​ឲ្យ​ត្រូវ​រចនាសម្ព័ន្ធ​នៃ​ការ​អង្គុយ​។​
​ក្រោយពេល​បោះឆ្នោត​ជ្រើសតាំង​អនុប្រធាន​ ទាំងពីរ​នៃ​រដ្ឋសភា ប្រធានរដ្ឋសភា ហេង សំរិន ប្រកាស​ឲ្យ​លោក កឹម សុខា ឡើង​មក​អង្គុយ​នៅ​លើ​កៅអី​តាម​រចនាសម្ព័ន្ធ លោក កឹម សុខា បាន​ឡើងមក​អង្គុយ​នៅ​ខាងធ្វេង​របស់លោក ហេង សំរិន  ដែល​នេះ​ខុស​រចនាសម្ព័ន្ធ​ជា​អនុប្រធាន​ទី​១ ត្រូវ​អង្គុយ​នៅ​ខាងស្តាំ​ដៃ​លោក ហេង សំរិន​។ លោក ងួន ញ៉ិល បាន​អង្គុយ​នៅ​ខាងស្តាំ​ដៃ​របស់​លោក ហេង សំរិន​។​
​ជាការ​សម្រួល​កិច្ចការ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រោកឈរ​ឡើង​លើកទីមួយ និង​ស្នើ​ឲ្យមាន​ការផ្លាស់ប្តូរ​ភ្លាមៗ តែ​លោក ហេង សំរិន លើកឡើងថា​«​គេ​ដាក់​សិន គេ​ដាក់​បណ្តោះអាសន្ន​សិន ដើម្បី​គណៈកម្មការ គេ​ចាំ​នីតិវិធី​គេ​រៀបចំ​ក្រោយ​»​។​ប៉ុន្តែ​លោក ហ៊ុន សែន បន្ត​ស្នើ ហើយ​លោក ហេង សំរិន លើកឡើងថា «​អញ្ចឹង​ក៏បាន តាម​នីតិវិធី​គេ​តិច គេ​ណែនាំ តែ​ឥឡូវ​យើង​សម្រេច​អញ្ចឹង​ទៅ​»​។​
​តែ​នៅពេល​នោះ មាន​ការពិភាក្សា​គ្នា​ថា​តើ​នឹង​ត្រូវ​ធ្វើ​ការផ្លាស់ប្តូ​រយ៉ា​ង​ម៉េច ដោយសារ​តែ​ស្លាក​ឈ្មោះ​ខុសគ្នា​តាម​កៅអី​។ លោក ហ៊ុន សែន បាន​ប​ក្រោយ​ឈរ​ម្តងទៀត ដោយនិយាយ​ឮ​តាម​មេក្រូ​ថា​«​បើ​មិន​ដូរ​ទេ ទាល់តែ​ដោះ​ផ្លាក​(​ស្លាក​)​ហ្នឹង​ចេញ​បាន​បាន គ្រាន់​តែ​ដើរ​ទៅ​មួយ​ភ្លែត​ទៅ​មាន​ទាស់ខុស​អី​។​សូម​អញ្ជើញ​ឯកឧត្តម​ងួន ញ៉ិល​ទៅខាង​ណោះ​»​។​
​បន្ទាប់មក​មាន​ការពិភាក្សា​ពី​ការដក​ស្លាក​នេះ​ចេញ​។​លោក ហ៊ុន សែន មានប្រសាសន៍បន្តថា​« ​ទេ វា​អត់​ត្រូវ សុំទោស​! គ្រាន់​តែ​ប៉ុណ្ណឹង អី​ក៏​វា​ពិបាក​ម្លេះ បើ​គ្រាន់​តែ​មួយ​ដើរទៅ​អង្គុយ​ខាង​នោះ មួយ​ដើរ​ទៅ​អង្គុយ​ខាង​នេះ អត់​មាន​អី​ពិបាក​ម៉ា​តិច​សោះ​»​។​
​បន្ទាប់​ពី​ការលើកឡើង​នេះ ក៏​មាន​ការផ្លាស់ប្តូរ​កៅអី​គ្នា​រវាង​លោក ងួន ញ៉ិល និង​លោក កឹម សុខា​។ ករណីនេះ មាន​ការលើកឡើង​ថា លោក ងួន ញ៉ិល បាន​ស្តាយ​កៅអី​ជា​ប្រធាន​ទី​១​នៃ​រដ្ឋសភា​។​
​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រធានរដ្ឋសភា​លោក ហេង សំរិន ប្រកាស​តែងតាំង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ជា​អនុប្រធាន​ទី​១​រដ្ឋសភា​បន្ទាប់​ពី​បាន​ជាប់ឆ្នោត​ដោយ​សំឡេងគាំទ្រ​១១៦ លើ​១២២​សំឡេង សំឡេង​អនុបវាទ​ចំនួន​២ និង​មិន​គាំទ្រ​៤​សំឡេង ។​ការបោះឆ្នោត​នេះ​ធ្វើឡើង​តាមរយៈ​ការ​គូស​សន្លឹកឆ្នោត​ជាសម្ងាត់ គឺ​មិនមែន​ការលើកដៃ​នោះទេ​។​
​មុន​ការបោះឆ្នោត​ជ្រើសតាំង​លោក កឹម សុខា ជា​អនុប្រធាន​ទី​១ លោក ងួន ញ៉ិល ត្រូវបាន​អ្នក​តំណាងរាស្ត្រ ១២២​រូប បាន​បោះឆ្នោត​យល់ព្រម​ជា​ឯកច្ឆ័ន្ទ​ជ្រើសតាំង​ជា​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា ​៕
ប្រភពពី vodhotnews.com