ស្លាប់នារីម្នាក់ ខណៈ​ម៉ូតូ​ត្រូវ​រថយន្ត ​បុកអូស​ជាង១០០ម៉ែត្រ

8/27/2014 0 Comments A+ a-

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់បានស្លាប់ ភ្លាមនៅលើថ្នល់ ខណៈម៉ូតូរបស់នាង ត្រូវបានរថយន្តមួយគ្រឿងបុក កិនពីលើរួចអូសម៉ូតូ នៅខាងក្រោមជាង១០០ ម៉ែត្រ នៅម៉ោងប្រមាណ ២៖៣០នាទី រំលងអាធ្រាត ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្លូវលេខ៤៣២ កែងផ្លូវលេខ១០៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។ សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នារីរងគ្រោះនោះមានវ័យប្រមាណ ២០ឆ្នាំ នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម 1C-2582 ធ្វើដំណើរពីផ្លូវលេខ១០៥ ពីជើងទៅត្បូង ដល់ចំណុច៤៣២ ក៏ស្រាប់តែត្រូវរថយន្ត Navara ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AA-7942 បើកមកយ៉ាងលឿន បុកចំពីចំហៀង ហើយអូសជាង ១០០ ម៉ែត្រ បណ្តាលឲ្យនារីនោះស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ អ្នកធ្វើដំណើរម្នាក់បានឲ្យដឹងដែរថា បុរសដែលជាអ្នកបើកបររថយន្តនោះ ក្រោយពីបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សហើយ ក៏បានឈប់រថយន្តទុកចោល នៅមុខក្រុមហ៊ុនវីង រួចបានឆ្លៀតឱកាសគេចខ្លួន បាត់ស្រមោលតែម្តងទៅ ចំណែកនារីរងគ្រោះ សមត្ថកិច្ចកំពុងស្វែងរកអត្តសញ្ញាណ ដើម្បីមកទទួលសពយក ទៅធ្វើបុណ្យតាមប្រពៃណី៕