រដ្ឋសភាកោះហៅរដ្ឋ មន្ត្រីក្រសួងចំនួនបី ទៅបំភ្លឺលើបញ្ហាមួយ ចំនួននៅថ្ងៃ៧សីហា
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ
និងកិច្ចការសភា មើលឃើញថា នេះជាការចាប់ផ្ដើមថ្មីមួយរបស់សភា
ដែលមានតែបក្សម្ខាងនៅក្នុងអាណត្តិទី៥នេះ
ដើម្បីបង្ហាញពីការខិតខំកែទម្រង់របៀបធ្វើការងារឲ្យស្របទៅតាម
ច្បាប់
បើទោះជាសភានោះពុំមានវត្តមានបក្សប្រឆាំងក្នុងរដ្ឋសភាក៏ដោយ។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា
មណ្ឌលកំពង់ធំ លោក ញ៉ែម ថ្ថាវី
ជាប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង អង្កេត
និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា មានប្រសាសន៍នៅថ្ងៃទី១ សីហា ថា
រដ្ឋសភាបានផ្ញើកម្រងសំណួរទៅរដ្ឋមន្ត្រីនៃក្រសួងទាំងបីរួចរាល់
ហើយ ពាក់ព័ន្ធនឹងការងារមួយចំនួន ដែលក្រសួងនីមួយៗនោះកំពុងអនុវត្ត។
លោកបញ្ជាក់ថា នេះជាការអនុវត្តសិទ្ធិរបស់សភាដែលបានចែងនៅក្នុងច្បាប់៖ «យើង
មានសិទ្ធិអញ្ជើញតំណាងរាជរដ្ឋាភិបាលមកឆ្លើយនូវសំណួរដែលយើងមាន
ហើយច្បាប់យើងមានពេលមួយថ្ងៃ ចាប់ផ្ដើមថ្ងៃមួយ
ដើម្បីអញ្ជើញតំណាងរដ្ឋាភិបាលមកបំភ្លឺនូវចម្ងល់
និងចម្ងល់ដែលយើងមាន ហើយនេះមិនមែនជារឿងថ្មីទេ
គឺជារឿងដែលយើងអនុវត្តតៗមក»។
ចំណែកនាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួង
បរិស្ថាន និងជាអ្នកនាំពាក្យ លោក សៅ សុភាព មានប្រសាសន៍ថា
រដ្ឋមន្ត្រីលោក បានត្រៀមខ្លួនរួចហើយ ហើយបើពុំមានអ្វីប្រែប្រួលទេ
នឹងទៅរដ្ឋសភានៅថ្ងៃទី៧ សីហា ខាងមុខនេះ។
លោកបន្តថា តាមឯកសាររបស់រដ្ឋសភា ឲ្យដឹងថា
រដ្ឋសភានឹងជជីកសួរ
និងតាមដានអំពីការវាយតម្លៃលើផលប៉ះពាល់បរិស្ថាន
ក្នុងគម្រោងកសាងទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង
ដែលជាគម្រោងអភិវឌ្ឍន៍ធំមួយនៅក្នុងតំបន់ការពារធនធានធម្មជាតិ
ទូទៅ៖ «បាទ! ហ្នឹងធម្មតាទេ
គម្រោងអភិវឌ្ឍន៍ក្នុងប្រព័ន្ធការពារធម្មជាតិ គឺវាពាក់ព័ន្ធណាស់
ព្រោះអាហ្នឹងយើងផ្តល់ដីសម្បទានជាលក្ខណៈសម្បទានសេដ្ឋកិច្ច
ដើម្បីអភិវឌ្ឍដំណាំកសិឧស្សាហកម្ម ហើយយើងដឹងហើយ កាលណាអភិវឌ្ឍ
យើងត្រូវឈូសឆាយយកដីដើម្បីអភិវឌ្ឍការងារហ្នឹងបាទ»។
ការកោះហៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន
ធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម ទៅបំភ្លឺនៅពេលនេះ
គឺស្របពេលដែលគណបក្សសង្គ្រោះជាតិ មិនទាន់ចូលប្រជុំសភាព
និងកំពុងមានភាពចម្រូងចម្រាស
មុននឹងគណបក្សនេះឈប់តវ៉ារឿងលទ្ធផលឆ្នោត
ហើយសម្រេចចិត្តចូលអង្គុយកៅអីរបស់ខ្លួននៅក្នុងរដ្ឋសភានោះ។
ទាក់ទងបញ្ហានេះដែរ នាយកនៃអង្គការ និកហ្វិច
(Nicfec) លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា
សកម្មភាពរបស់អ្នកតំណាងរាស្ត្រនៃគណបក្សកាន់អំណាចនៅពេលនេះ
គ្រាន់តែជាការបង្ហាញឲ្យឃើញនូវរូបភាពមួយ
ពីការយកចិត្តទុកដាក់ក្នុងការងាររបស់ខ្លួនជាតំណាងរាស្ត្រ
ដែលខ្លួនមិនដែលបានអនុវត្ត ៤អាណត្តិមកហើយ
និងឆ្លៀតក្នុងឱកាសដែលសភានេះមិនទាន់មានសំឡេងជំទាស់ចូលរួម។
លោកបន្តថា
សកម្មភាពនេះហាក់មិនទាន់បង្ហាញឲ្យអស់នូវការចង់ដឹងរបស់ម្ចាស់
ឆ្នោត
និងបញ្ជាក់ពីការទទួលខុសត្រូវរបស់ខ្លួនជាតំណាងរាស្ត្រពេញលេញនៅ
ឡើយទេ៖ «ការបង្ហាញរូបភាព គឺជារៀនសូត្រ
គឺជាការឆ្លើយតបមិនទាន់បានដិតដល់ទេ
ដោយសារក្នុងរដ្ឋសភាមានបក្សតែមួយ។ ផ្ទុយទៅវិញ
បើសិនក្នុងសភាមានបក្សលើសពីមួយ ខ្ញុំគិតថា
នឹងតម្រែតម្រង់មន្ត្រីរដ្ឋាភិបាល ឬក៏អ្នកឆ្លើយហ្នឹងឯង
ឲ្យកាន់តែទទួលខុសត្រូវច្បាស់លាស់ទៅលើតួនាទីរបស់ខ្លួន»។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម
ធ្លាប់បានចូលសភាឆ្លើយបំភ្លឺតាមការកោះហៅរបស់សមាជិកសភាគណបក្ស
ប្រជាជនកម្ពុជា ម្តងរួចមកហើយ កាលពីថ្ងៃទី១៩ ខែមិថុនា
ពាក់ព័ន្ធនឹងការអភិវឌ្ឍគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២
ក្នុងខេត្តស្ទឹងត្រែង នោះ។ សំណួរដែលសមាជិកសភាសាកសួរទៅកាន់ លោក
ស៊ុយ សែម ភាគច្រើន
គឺជាសំណួរដែលអង្គការសង្គមស៊ីវិលធ្លាប់បានលើកឡើងកន្លងមក។
ក្នុងពេលជាមួយគ្នា ក៏មានសមាជិកសភាខ្លះឡើងថ្លែងគាំទ្រ
និងរៀបរាប់ពីផលប្រយោជន៍ ដែលនឹងទាញបានពីគម្រោងនេះ
ហើយក៏វាយប្រហារទៅលើអង្គការសង្គមស៊ីវិល និងក្រុមមនុស្សមួយចំនួន
ដែលបានរិះគន់ទៅលើគម្រោងនេះផងដែរ។
សភាដែលមានតែសមាជិកមកពីគណបក្សប្រជាជន
កម្ពុជា ចំណាយពេលប្រហែល ២ម៉ោងកន្លះ ដើម្បីសាកសួរ
និងស្តាប់ការបំភ្លឺរបស់ លោក ស៊ុយ សែម
ដែលភាគច្រើនរដ្ឋមន្ត្រីរូបនេះអានចម្លើយដែលលោកបានត្រៀមទុកជា
ស្រេចក្នុងក្រដាស
ដើម្បីឆ្លើយតបទៅនឹងការចោទសួររបស់តំណាងរាស្ត្រមកពីគណបក្សតែ
មួយ គឺបក្សកាន់អំណាច៕
ប្រភពពី វិទ្យុអាស៊ីសេរី
