ទម្លាយប្រវត្តិ អាថ៌កំបាំង ធាន វុទ្ធី តាំងខ្លួនជាព្រះ សិអារ្យមេត្រិយ
ការផ្តើមឲ្យមានការចោទជាសំណួរនេះ
បន្ទាប់ពីការរំជើបរំជួលពាក់ព័ន្ធនឹងការប្រតិបត្ដិមិនប្រក្រតីរបស់
បុរសម្នាក់ឈ្មោះ ធាន វុទ្ធី អ្នកកសាងមហាវត្តទួលរាជា
ដែលល្បីព្រះធំជាងគេក្នុងប្រទេសខ្មែរ
មានទីតាំងស្ថិតនៅភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល
ហើយរូបគេបានតាំងខ្លួនឯងជាព្រះអរិយមេតិយ្យ(សិអារ្យមេត្រិយ)បុគ្គល
ខ្ពស់លើសសង្ឃ ធ្វើឲ្យសង្ឃក្រាបសំពះខ្លួននោះ។
បើទោះជាក្រសួង និងមន្រ្តីសង្ឃធំៗ
បានចាត់ទុកទង្វើ ធាន វុទ្ធី ធ្វើដូចជាឲ្យព្រះសង្ឃថ្វាយបង្គំ
និងឲ្យមនុស្សចាស់ ដេកហើយដើរជាន់ប្រៀបបាននឹងសម័យព្រះនោះថា
ជាទង្វើប្រាសចាកពីសាសនាព្រះពុទ្ធ និងបង្កឲ្យអាប់ឱនដល់សាសនាក៏ដោយ
ទាំងដូនជី ទាំងព្រះសង្ឃ ដែលគេដឹងថាជាសាវ័ករបស់ធាន វុទ្ធី នោះ
នៅតែអះអាងការពារទង្វើរបស់បុគ្គល ធាន វុទ្ធី
ថានោះមិនមែនជារឿងខុសឆ្គងរបស់លោកឡើយ។
បើលោកមិនមែនជាអ្នកមានបុណ្យបារមីពិត
ក៏គ្មានអ្នកជឿដល់ថ្ងៃនេះដែរ។
រូបថត បញ្ជាក់អំពីព្រះសង្ឃ និងអាចារ្យ ដូនជី ក្រាបថ្វាយបង្គំ ធាន វុទ្ធី រាបដូចកន្ទេល។ រូបថតសហការី
អ្នកភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកម្បាស
ខេត្តតាកែវ ដែលទីនោះជាកន្លែងកំណើតធំដឹងក្តីរបស់ ធាន វុទ្ធី
បានឲ្យដឹងថា៖«ធាន វុទ្ធី មិនធ្លាប់បានបួសជាសង្ឃទេពីមុនមក
ហើយក៏មិនដឹងយ៉ាងណាដែរ ពេលអាយុប្រហែលជាជិត២០ឆ្នាំ ក៏ឮថា
វុទ្ធី មានបារមីចូលសណ្ឋិត តែពេលនោះអ្នកស្រុកក៏មិនជឿដែរ
ហើយមិនបានប៉ុន្មានក៏ទៅនៅវត្តទួលរាជានោះទល់សព្វថ្ងៃហ្នឹង»។
ក្នុងវ័យ៤០ឆ្នាំស្រ្តីដែលអះអាងថាគាត់
ធ្លាប់ជាមិត្តរួមថ្នាក់ជាមួយ ធាន វុទ្ធី តាំងពីថ្នាក់ដំបូង
លុះប្រឡងចប់ឌីសប្លូម បានប្រាប់ថា៖«វុទ្ធី គេរៀនពូកែ
ហើយអក្សរក៏ស្អាតទៀត បើទោះជាគេសរសេរដៃឆ្វេងក៏ដោយ។
តែគេជាកូនកំព្រាឪពុក គេរស់នៅជាមួយម្តាយមេម៉ាយ
ដែលមានបងប្អូនរួមផ្ទៃតែពីរនាក់ តែគេក៏នៅមានបងប្អូនពីរបីនាក់
ផ្ទៃដោយខ្លួនទៀតដែរ»។
ស្រ្តីដដែលដែលស្នើសុំមិនឲ្យបញ្ចេញឈ្មោះ
រូបនេះបានអត្ថាធិប្បាយឲ្យដឹងទៀតថា៖«ធាន វុទ្ធី
នេះមិនមែនជាមនុស្សអ្នកមានបុណ្យបារមីអីទេ
សព្វថ្ងៃគាត់មានប្រពន្ធ និងមានកូនដល់ពេញកន្ទេលឯណោះ»។
ស្រ្តីដដែលបានបញ្ជាក់ថា៖«ធាន វុទ្ធី
មានប្រពន្ធ និងកូនទាំងអស់បួននាក់ តែសព្វថ្ងៃកូននៅតែបីទេ
ស្លាប់មួយហើយ។ ប្រពន្ធគេ គេរៀបការក្រោយពេលដែលតាំងខ្លួនជាតាបស់
ទៅនៅវត្តទួលរាជាបានប្រហែលជាពីរឆ្នាំក៏មករៀបការប្រពន្ធ
កូនក្រមុំអ្នកនៅផ្សារព្រៃផ្អេ ស្រុកព្រៃកប្បាស ហ្នឹងដែរ»។
សព្វថ្ងៃមិនត្រឹមតែមានប្រពន្ធ
និងមានកូនពេញកន្ទេលទេ ស្រីស្នេហ៍ក៏មិនខ្វះដែរ។
នេះជាពាក្យបន្ទររបស់អ្នកភូមិចំប៉ា ដែលជាភូមិកំណើតកើតជារបស់ ធាន
វុទ្ធី ។
អ្នកភូមិក៏បាននិយាយទៀតថា ធាន វុទ្ធី
ក្រោយពីតាំងខ្លួនឯងជាអ្នកមានបុណ្យ ជាព្រះសិអារ្យមេត្រិយ
គេមានលុយច្រើនណាស់ ក្រៅពីធ្វើព្រះធំៗ
គេមានផ្ទះនៅភ្នំពេញពីរបីកន្លែងរស់នៅជាមួយប្រពន្ធកូន
ហើយសព្វថ្ងៃកំពុងបើកស្ថានីយប្រេងធំមួយនៅតាខ្មៅទៀតផង»។
វត្ត
ទួលរាជា ត្រូវបានកសាងជាប្រាសាទធំ និងព្រះដ៏ធំខ្ពស់ស្កឹមស្កៃ
ក្រោមស្នាដៃរបស់ ធាន វុទ្ធី ដែលអះអាងថា
ខ្លួនជាព្រះសិអារ្យមេត្រិយ។ហុង មិនា
យ៉ាងណាមិនទទួលបានការបកស្រាយបញ្ជាក់ពី
សាច់ញាតិ លោក ធាន វុទ្ធី នេះទេ ខណៈតំណាងកម្ពុជាចុងសប្តាហ៍
ព្យាយាមសុំការបំភ្លឺពីម្តាយលោក ធាន វុទ្ធី ដែលមានឈ្មោះ យាយ វណ្ណ
នោះ មានអ្នកមកកាង និងហាមមិនឲ្យយាយ វណ្ណ
ធ្វើបទសម្ភាសអ្វីទាំងអស់ពីរឿងនេះ។
បុរសមាឌធំខ្មៅជិះម៉ូតូស៊េរីឆ្នាំ២០១៤
បាននិយាយដោយពាក្យគំរោះគំរើយថា៖«កន្លែងនេះមិនមែនជាកន្លែងសួរនាំ
ទេ ចង់ដឹងស្អីទៅសួរគេទៅ គាត់ (ម្តាយធាន វុទ្ធី)
មនុស្សចាស់មិនដឹងអីទេ»។
រំឭកពីការធ្វើបុណ្យ
អ្នកស្រុកប្រាប់ថា៖«ដ្បិតថា ធាន វុទ្ធី ល្បីអ្នកមានបុណ្យ
ចូលចិត្តកសាងព្រះធំៗ ប៉ុន្តែលោកមិនដែលថ្វាយបង្គំព្រះសង្ឃទេ
ហើយពេលគេរៀបចំបុណ្យអ្វីនោះ មកតែពេលចប់បុណ្យទេ មកនេះគឺ
មកយកតែលុយឡើងឡានទៅវិញភ្លាម។ ជីវិតគេអាថ៌កំបាំងណាស់»។
ក្នុងអារម្មណ៍ដែលមិនភ្លេចលក្ខខណ្ឌមិន
បញ្ចេញឈ្មោះ ស្រ្តីដដែល បានប្រាប់ទៀតថា៖«អ្នកស្រុកភូមិចំប៉ានេះ
គ្មាននរណាគេហ៊ាននិយាយទេ គេខ្លាចណាស់ បើទោះជាឃើញថា
ទង្វើនោះគេធ្វើមិនត្រឹមត្រូវក៏ដោយ។ នរណាគេទៅហ៊ាននិយាយទៅ
បើល្បីថា ធាន វុទ្ធី
មានខ្នងបង្អែកជាអ្នកធំនៅក្នុងរដ្ឋាភិបាលឯណោះនោះ»។
សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា
សមាជិកថេរសភា នៃព្រះរាជាណាចក្រកម្ពុជា
និងជាព្រះចៅអធិការវត្តស្រះចកបានមានសង្ឃដីកាថា៖
«ពេលនេះក្រសួងធម្មការ និងមន្រ្តីសង្ឃបានសម្រេចដកបុគ្គលធាន
វុទ្ធី ដែលតាំងខ្លួនឯងជាព្រះសិអារ្យមេត្រិយ ចេញពីវត្តទួលរាជាហើយ។
ចំណែកព្រះសង្ឃ និងដូនជី មកគង់នៅវត្តក្រពើហា ក្រុងតាខ្មៅ»។
សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា
បានបញ្ជាក់ថា៖ «តែបើបុគ្គល ធាន វុទ្ធី មិនគោរពតាមច្បាប់វិន័យនេះ
ហើយនៅតែចរចាគ្រប់រូបភាពដូចមុន រួមទាំងការសាងផ្សេងៗនោះ
ច្បាប់នឹងមានវិធានការថ្មីមួយទៀតចំពោះរូបគេ»។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះ
សមត្ថកិច្ច រួមជាមួយនឹងក្រសួងធម្មការ
និងអាជ្ញាធរខេត្តក៏បានចុះទៅធ្វើអធិការកិច្ចកាត់សោស្នាក់ការ ធាន
វុទ្ធី ផងដែរកាលពីថ្ងៃទី៣១កក្កដា
ប៉ុន្តែចំណាត់ការនៅមិនទាន់បានបញ្ជាក់នៅឡើយ៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍
