គ្រូបង្រៀនព្យួរក្រប ខ័ណ្ឌម្នាក់ត្រូវសមត្ថកិច្ច ចាប់ខ្លួនពីបទ ចែកចាយគ្រឿងញៀន
ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ ឈ្មោះ ផល សិរីរ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ បុរសនោះ ជាគ្រូបង្រៀន នៅសាលាបឋមសិក្សាមួយ ក្នុងក្រុងកំពង់ឆ្នាំង ប៉ុន្តែបច្ចុប្បន្ន បានព្យួរក្របខ័ណ្ឌ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យរូបនេះ ជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចដាក់កម្លាំងតាមដានជាយូរថ្ងៃមកហើយ ពាក់ព័ន្ធនឹងការប្រើប្រាស់ និងចែកចាយគ្រឿងញៀន។
សមត្ថកិច្ចបានចាប់ខ្លួនបុរសនោះ ក្នុងពេលធ្វើសកម្មភាពជាក់ស្តែង នៅត្រង់ផ្លូវលំមួយ ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចរកឃើញជាប់នឹងខ្លួនជនសង្ស័យ មានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១៨ កញ្ចប់តូច ម៉ូតូមួយគ្រឿង និងលុយចំនួន ៣០ ដុល្លារ និង ១៦ម៉ឺនរៀល។ បន្ទាប់មក សមត្ថកិច្ចបានទៅឆែកឆេរផ្ទះជនសង្ស័យ រកឃើញឧបករណ៍ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ប៉ូលិស កំពុងសាកសួរបុរសនោះ នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ដើម្បីយកចំលើយ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ៕ H/L
បុរសជាប់ចោទ និងផ្ទះដែលប៉ូលិសចុះឆែកឆេរ
ប្រភពពី CEN