លោក សម រង្ស៊ី មិន​មាន​ឈ្មោះ​នៅ ​ក្នុង​សមាសភាព​ ដឹក​នាំ​រដ្ឋសភា

8/23/2014 0 Comments A+ a-

khkkeរដ្ឋសភា ​ជាតិ គ្រោង​នឹង​បើក​សម័យ​ប្រជុំ​វិសាមញ្ញ នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​ក្រោយ ដើម្បី​បោះ​ឆ្នោត​ជ្រើស​តាំង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ថ្មី។ អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ក្លាយ​ជា​ប្រធាន​គណៈកម្មការ​មួយ​ចំនួន​ក្នុង​ចំណោម​គណៈកម្មការ​ទាំង ​១០។ ចំណែក លោក សម រង្ស៊ី មិន​មាន​ឈ្មោះ​នៅ​ក្នុង​សមាសភាព​ដឹក​នាំ​រដ្ឋសភា​នេះ​ទេ។
រដ្ឋសភា នឹង​បើក​កិច្ច​ប្រជុំ​បោះ​ឆ្នោត​ជ្រើស​តាំង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ថ្មី​នៃ​ រដ្ឋសភា នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែ​សីហា ជា​ការ​បោះ​ឆ្នោត​រុះរើ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋសភា ទៅ​តាម​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។
នៅ​ក្នុង​សម័យ​ប្រជុំ​នោះ នឹង​មាន​របៀបវារៈ​បី​សំខាន់​ដែល​ត្រូវ​ដាក់​អោយ​រដ្ឋសភា​អនុម័ត ក្នុង​នោះ​មាន ទី​១ ការ​បោះ​ឆ្នោត​ជ្រើស​តាំង លោក ងួន ញ៉ិល ជា​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ ទី​២ ការ​បោះ​ឆ្នោត​ជ្រើស​តាំង លោក កឹម សុខា ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​របៀបវារៈ ទី​៣ ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ជំនួស និង​បំពេញ​បន្ថែម​សមាជិក​គណៈកម្មការ​ទាំង​១០ នៃ​រដ្ឋសភា។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា គណបក្ស​បាន​ផ្ញើ​ឈ្មោះ​ដែល​ចូល​ជា​សមាជិក​គណៈកម្មការ​ទាំង​១០​ទៅ​រដ្ឋសភា ដែល​មាន​គណៈកម្មការ​ចំនួន​៥ ជា​ប្រធាន និង ៥ ជា​អនុប្រធាន ក្នុង​នោះ​មាន លោក អេង ឆៃអ៊ាង នឹង​ក្លាយ​ជា​ប្រធាន​គណៈកម្មការ​ទី​១ ដោះស្រាយ​ទទួល​ពាក្យ​បណ្ដឹង និង​សិទ្ធិ​មនុស្ស។ លោក ប៉ុល ហំម ជា​ប្រធាន​គណៈកម្មការ​ទី​៣ ដែល​ទទួល​ផែនការ កិច្ចការ​វិនិយោគ កសិកម្ម។ លោក យ៉ែម បុញ្ញឫទ្ធិ ជា​ប្រធាន​គណៈកម្មការ​ទី​៧ ទទួល​បន្ទុក​កិច្ចការ​អប់រំ យុវជន និង​កិច្ចការ​សាសនា។ លោកស្រី មូរ សុខហួរ ជា​ប្រធាន​គណៈកម្មការ​ទី​៨ ទទួល​បន្ទុក​ផ្នែក សុខាភិបាល សង្គមកិច្ច និង​លោក យឹម សុវណ្ណ ជា​ប្រធាន​គណៈកម្មការ​ទី​១០ ទទួល​បន្ទុក​អង្កេត និង​ប្រឆាំង​អំពើ​ពុក​រលួយ។
រីឯ​សមាសភាព​អនុប្រធាន​គណៈកម្មការ​ជំនាញ​វិញ រួម​មាន លោក សុន ឆ័យ ជា​អនុ​ប្រធាន​គណៈកម្មការ​ទី​២ ទទួល​កិច្ចការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ លោក ឡុង រី អនុប្រធាន​គណៈកម្មការ​ទី​៤ មហាផ្ទៃ ការពារ​ជាតិ។ លោកស្រី ជូឡុង សូមួរ៉ា អនុ​ប្រធាន​គណៈកម្មការ​ទី​៥ ទទួល​បន្ទុក​កិច្ចការ​បរទេស។ លោក អ៊ូ ច័ន្ទឫទ្ធិ ជា​អនុ​ប្រធាន​គណៈកម្មការ​ទី​៦ មើល​ទៅ​លើ​នីតិកម្ម និង​យុត្តិធម៌ និង​លោក ម៉ៅ មុនីវណ្ណ ជា​អនុប្រធាន​គណៈកម្មការ​ទី​៩ ទទួល​បន្ទុក​សាធារណការ និង​ដឹក​ជញ្ជូន។
លោក កឹម សុខា បន្ត​ថា តួនាទី​របស់​លោក​ដែល​នឹង​ក្លាយ​ជា​អនុ​ប្រធាន​ទី​១​សភា មិន​មែន​ជា​រឿង​ចៃដន្យ​ទេ វា​ជា​តួនាទី​បាន​មក​ពី​កិច្ច​ព្រមព្រៀង​នយោបាយ៖ «នេះ ​យោង​កិច្ច​ព្រមព្រៀង​២ ទី​១ កិច្ច​ព្រមព្រៀង​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដែល​រួបរួម​គ្នា​នៅ​ឆ្នាំ​២០១២ ហ្នឹង បាន​បញ្ជាក់​ថា លោក សម រង្ស៊ី នឹង​ដឹក​នាំ​ស្ថាប័ន​នីតិប្រតិបត្តិ ខ្ញុំ​ដឹក​នាំ​នីតិប្បញ្ញត្តិ នៅ​ពេល​ដែល​បោះ​ឆ្នោត​អាណត្តិ​ទី​៥​ហ្នឹង។ ទី​២ ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ តួនាទី​អនុប្រធាន​ទី​១ ត្រូវ​បាន​មក​គណបក្ស​សង្គ្រោះ​ជាតិ ទោះ​បី​ថា​បោះ​មិន​បាន ក៏​នៅ​តែ​ត្រូវ​បាន​ដែរ ពីព្រោះ​វា​ជា​កិច្ច​ព្រមព្រៀង​នយោបាយ»
លោក កឹម សុខា បញ្ជាក់​ថា លោក សម រង្ស៊ី មិន​មាន​ឈ្មោះ​នៅ​ក្នុង​សមាសភាព​ដឹក​នាំ​ក្បាល​ម៉ាស៊ីន​រដ្ឋសភា​ថ្មី​នេះ​ទេ ព្រោះ​លោក​ជា​ប្រធាន​គណបក្ស ដែល​ចាំ​បាច់​ត្រូវ​គ្រប់គ្រង​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​លោក​ទាំង​មូល។
តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ញ៉ែម ថ្ថារី បាន​ឲ្យ​ដឹង​ថា មាន​គណៈកម្មការ​ចំនួន​៥ ជា​ប្រធាន និង ៥​ទៀត​ជា​អនុប្រធាន។ ៥​ជា​ប្រធាន គឺ​មាន លោក ជាម យៀប ជា​ប្រធាន​គណៈកម្មការ​ទី​២ លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ទី​៤ លោក ឈាង វុន ប្រធាន​គណៈកម្មការ​ទី​៥ លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​ទី​៦ ប្រធាន​គណៈកម្មការ​ទី​៩ គឺ​លោក​ជំទាវ និន សាផុន។ ចំណែក ៥​ទៀត ជា​អនុ​ប្រធាន គឺ​មាន លោក សុខ ឥសាន អនុ​ប្រធាន​គណៈកម្មការ​ទី​១ លោក ហ៊ូ ស៊្រី អនុ​ប្រធាន​គណៈកម្មការ​ទី​៣ លោក ហែម ខន អនុ​ប្រធាន​គណៈកម្មការ​ទី​៧ លោក ប៉ាល់ សំអឿន អនុ​ប្រធាន​គណៈកម្មការ​ទី​៨ និង​លោក ស៊ិក ប៊ុនហុក អនុ​ប្រធាន​គណៈកម្មការ​ទី​១០។
ការ​បោះ​ឆ្នោត​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ ថ្មី​នៃ​រដ្ឋសភា​នេះ ដោយ​មាន​ដាក់​បញ្ចូល​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ស្រប​តាម​កិច្ច​ព្រមព្រៀង​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​ដែល​បាន​ចរចា​ គ្នា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ រវាង​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បាន​បែង​ចែក​តួនាទី​ដឹក​នាំ​នៅ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ រដ្ឋសភា និង​ការ​បង្កើត​បន្ថែម​នូវ​គណៈកម្មការ​ជំនាញ​ថ្មី​មួយ​ទៀត៕
_______________________
ប្រភពព័ត៌មានពី៖ អាស៊ីសេរី