ក្រុមអ្នកកីឡា និងពលរដ្ឋ រិះគន់សន្ដិសុខ យាមស្ដាតអូឡាំពិក

8/02/2014 0 Comments A+ a-

ភ្នំពេញៈ ថ្មីៗនេះ គេឃើញសន្ដិសុខសណ្ដាប់ធ្នាប់ (កន្លែងផ្ញើម៉ូតូ-កង់) ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក មានការផ្លាស់ប្ដូរដាក់ សន្ដិសុខថ្មីជាច្រើននាក់ ប៉ុន្ដែត្រូវបានប្រជាពលរដ្ឋ និងក្រុមកីឡាករ-កីឡាការិនីកម្ពុជា ដែលចូលទៅហាត់ប្រាណ លេងកីឡា ផ្សេងៗ និងហ្វឹកហាត់ក្នុងស្ដាត បានរិះគន់យ៉ាងចាស់ដៃ ចំពោះសន្ដិសុខថ្មីទាំងនោះ ។
សន្ដិសុខថ្មី ដែលបានធ្វើឲ្យប្រជាពលរដ្ឋ និងកីឡាករ ក្ដៅស្លឹកត្រចៀកទ្រាំមិនបាន ដល់ថ្នាក់ថតរូបបង្ហោះ Facebook ឲ្យមិត្តភក្ដិបានដឹងពីអាកប្បកិរិយា របស់សន្ដិសុខយាមស្ដាតខាងលើនេះ ត្រូវបានគេឲ្យដឹងថា រាល់ពេលដែលប្រជាពលរដ្ឋ និងកីឡាករ-កីឡាការិនី ជិះម៉ូតូ-កង់ ចូលទៅហ្វឹកហាត់នៅក្នុងស្ដាត សន្ដិសុខទាំងនោះ មិនត្រឹមតែយកថ្លៃផ្ញើកង់-ម៉ូតូ លើសពី  ការប្រកាសរបស់សាលាក្រុងប៉ុណ្ណោះទេ លើសពីនេះពួកគេ ថែមទាំងប្រើប្រាស់ពាក្យសម្ដី មិនសមរម្យដាក់ក្រុមអ្នកកីឡា និង ពលរដ្ឋទៅវិញ ។
ប្រភពព័ត៌មាន ពីមជ្ឈដ្ឋានអ្នកពាក់ព័ន្ធករណីខាងលើនេះ បានលួចបង្ហើបឲ្យដឹងថា “ប្រសិនបើមានអ្នកជិះម៉ូតូ ឬកង់ ចូលក្នុង ស្ដាតដោយមិនដឹងពីទំនៀមទម្លាប់ របស់សន្ដិសុខនៅទីនោះទេ យើងច្បាស់ជាត្រូវម៉ាត់ពួកវាមិនខាន ពោលបើយើងជិះជ្រុល តែបន្ដិចនោះ គឺពួកវាច្បាស់ជាស្រែកដាក់ ហើយប្រើប្រាស់ពាក្យសម្ដី មិនសមគួរដាក់យើងភ្លាមៗតែម្ដង” ។
ប្រជាពលរដ្ឋមួយចំនួន បាននិយាយថា កាលពីពេលកន្លងទៅសាលាក្រុង ធ្លាប់បានចេញប្រកាស ដោយអនុញ្ញាតក្រុមហ៊ុន ឯកជន ដែលរកស៊ីទទួលផ្ញើកង់-ម៉ូតូ យតម្លៃត្រឹមតែ ៣.០០រៀល សម្រាប់កង និង ៥.០០រៀលចំពោះម៉ូតូតែប៉ុណ្ណោះ ប៉ុន្ដែ ជាក់ស្ដែងក្រុមហ៊ុន ដែលទទួលបានសិទ្ធិធ្វើអាជីវកម្ម ផ្ញើកង់-ម៉ូតូក្នុងស្ដាតអូឡាំពិក គឺមិនអនុវត្តតាមគោលការណ៍ របស់ សាលាក្រុងនោះទេ ដោយយកថ្លៃផ្ញើម៉ូតូជាធម្មតា ១.០០០រៀល ក្នុងមួយគ្រឿង រីឯកង់វិញយក ៥.០០ក្នុងមួយគ្រឿង ។ ប៉ុន្ដែ ករណីពិសេស នៅពេលមានការរៀបចំ ព្រឹត្តិការណ៍អន្ដរជាតិអ្វីមួយ ក្រុមសន្ដិសុខខាងលើ បានដំឡើងថ្លៃរហូតដល់ ២.០០០ រៀលឯណោះសម្រាប់ម៉ូតូមួយគ្រឿង ។
ទាក់ទងនឹងការដំឡើង ថ្លៃផ្ញើម៉ូតូ-កង់ខាងលើនេះ ប្រភពដដែលបានបន្ដថា ទស្សនិកជន មានបំណងចង់ចូលរួមទស្សនាខ្លាំង ណាស់ រាល់ពេលមានព្រឹត្តិការណ៍អន្ដរជាតិកើតឡើងម្ដងៗ ជាពិសេសនៅពេលក្រុមកីឡាបាល់ទាត់កម្ពុជា ប្រកួតជាមួយក្រុម បាល់ទាត់ប្រទេសផ្សេងៗទៀត ប៉ុន្ដែដោយសារតម្លៃផ្ញើម៉ូតូឡើងដូច្នេះ ធ្វើឲ្យអ្នកគាំទ្របាក់ទឹកចិត្ត និងរារែកក្នុងការចូលរួម ទៅវិញ ។ ដូច្នេះប្រជាពលរដ្ឋ និងកីឡាករ បានស្នើឲ្យក្រុមហ៊ុនឯកជន ដែលធ្វើអាជីវកម្មទទួលការផ្ញើកង់-ម៉ូតូនៅស្ដាត រួមទាំង ក្រសួងអប់រំ យុវជន និងកីឡា ដែលជាអ្នកគ្រប់គ្រងស្ដាត មេត្ដាត្រួតពិនិត្យមើលករណីនេះផង ជាពិសេសគឺក្រុមសន្ដិសុខ ដែលគ្មានក្រមសីលធម៌ចំពោះពលរដ្ឋ ដែលចូលទៅលេងស្ដាតម្ដងៗ ។
ងាកមកមើលការប្រើប្រាស់ពាក្យសម្តី គ្មានសីលធម៌វិញ មានអ្នកលេង Facebook មួយចំនួនបានសរសេរថា “នៅស្តាត អូឡាំពិក គេប្ដូរសន្តិសុខថ្មីដើម្បី ពង្រឹងការយកលុយឲ្យ បានច្បាស់លាស់ (មិនថាមន្ត្រីសហព័ន្ធ កីឡាករ-ការិនី អ្នកហាត់ កីឡាធម្មតា អ្នកយក ព័ត៌មាន) ដាច់ខាតត្រូវតែបង់លុយ មិនត្រឹមតែប៉ុណ្ណោះ សម្ដីសំដៅរបស់ពួកគេ ឈ្លើយដាក់មិនសមជា សន្តិសុខបន្តិចសោះ” ។
កន្លងមកអ្នកគ្រប់គ្រង ស្ដាតអូឡាំពិក តែងតែអនុគ្រោះចំពោះកីឡាករ-កីឡាការិនីអាជីព រួមទាំងអ្នកសាព័ត៌មាន ដើម្បីចូល ទៅផ្ដិតយករូបភាព និងព័ត៌មានផ្សេងៗមកចុះផ្សាយ ។ ម្យ៉ាងវិញទៀតស្ដាតអូឡាំពិក ជាកន្លែងប្រមូលផ្ដុំ សម្រាប់ការហ្វឹក ហាត់កីឡាស្ទើរគ្រប់ប្រភេទ ប៉ុន្ដែបែរជាសន្ដិសុខប្រើប្រាស់ពាក្យមិនសមរម្យ បែបនេះទៅវិញ ។
ក្នុងនោះដែរ កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជាម្នាក់ ក៏បាន Comment នៅលើ Facebook ផងដែរថា “ឈ្លើយណាស់បង ម្សិលមិញស្រែកឲ្យខ្ញុំដែរ ខ្ញុំខឹងពេកចង់តែជិះបុកទេ” ។ ដូច្នេះមេត្ដាអ្នកគ្រប់គ្រងស្ដាតអូឡាំពិក ចាត់វិធានការចំពោះសន្ដិសុខ ដែលមិនស្គាល់ពីច្បាប់ទម្លាប់ និងគ្មានក្រមសីលធម៌ជាសន្ដិសុខខាងលើនេះផង ។
ទោះបីជាយ៉ាងណាគេហទំព័រ LookingTODAY នៅមិនទាន់ស្វែងរកការបំភ្លឺពីអ្នកពាក់ព័ន្ធ ឬប្រធានសន្ដិសុខប្រចាំ នៅស្ដាត អូឡាំពិក ដើម្បីបញ្ជាក់ឲ្យច្បាស់ទៅលើបញ្ហា ដែលកំពុងកើតនៅពេលនេះឡើយ នាល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤នេះ ៕
Photo by DAP-News
__________________
ផ្តល់សិទ្ទិដោយ៖dap-news